
មន្ត្រីអង្គការសង្គមស៊ីវិល និងប្រជាសហគមន៍ ប្ដេជ្ញាដាក់បណ្ដឹងបរិហារទៅតុលាការបន្ថែមទៀត ទាក់ទងនឹងបទល្មើសព្រៃឈើ និងធនធានធម្មជាតិនៅខេត្តរតនគិរី។ ការប្រកាន់ជំហរបែបនេះ គឺបន្ទាប់ពីពួកគាត់បានចូលទៅបំភ្លឺជាបន្តបន្ទាប់នៅសាលាដំបូងខេត្តទាក់ទងនឹងបណ្ដឹងបរិហារដែលពួកគាត់បានប្ដឹងប្រឆាំងនឹងអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរថ្នាក់ខេត្ត ដែលបានបណ្ដែតបណ្ដោយឱ្យមានបទល្មើសព្រៃឈើកើតឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយមិនបានចាត់ការទប់ស្កាត់បទល្មើសទាំងនោះឱ្យមានប្រសិទ្ធភាព។
អង្គការសង្គមស៊ីវិល និងពលរដ្ឋជនជាតិដើមភាគតិចទំពួន នៅខេត្តរតនគិរី រំពឹងថា តុលាការនឹងចាត់ការលើបណ្ដឹងរបស់ពួកគាត់ដែលប្ដឹងប្រឆាំងអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរខេត្តរតនគិរី ទាក់ទងនឹងរឿងបទល្មើសព្រៃឈើ ប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីរក្សាការពារតំបន់ព្រៃឈើដែលនៅសេសសល់សម្រាប់កូនចៅជំនាន់ក្រោយ និងការប្រើប្រាស់ធនធានព្រៃឈើប្រកបដោយនិរន្តរភាព។
ការលើកឡើងនេះ គឺបន្ទាប់ពីភាគីដើមបណ្ដឹងដែលរួមមាន មន្ត្រីអង្កេតជាន់ខ្ពស់សមាគមអាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ តំណាងអង្គការការពារធនធានធម្មជាតិ និងពលរដ្ឋ ៩នាក់ផ្សេងទៀត បានចូលបំភ្លឺជាបន្តបន្ទាប់លើបណ្ដឹងបរិហាររបស់ពួកគាត់ប្រឆាំងនឹងក្រុមអាជ្ញាធរខេត្តរតនគិរី ដែលពួកគាត់អះអាងថា មានពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ។
មន្ត្រីអង្កេតជាន់ខ្ពស់សមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ ដែលទើបចូលខ្លួនទៅបំភ្លឺនៅសាលាដំបូងខេត្តរតនគិរី នៅថ្ងៃទី២១ ខែធ្នូ សម្ដែងសុទិដ្ឋិនិយមថា តុលាការនឹងដំណើរការរឿងក្តីនេះស្របតាមនីតិវិធីដើម្បីស្វែងរកយុត្តិធម៌ ព្រោះតំណាងអយ្យការបានអះអាងប្រាប់លោកថា បណ្ដឹងរបស់លោក និងក្រុមពលរដ្ឋមានភាពត្រឹមត្រូវស្របតាមច្បាប់ ហើយតំណាងអយ្យការចាប់អារម្មណ៍ច្រើនលើករណីនេះ។
លោកអះអាងថា តំណាងអយ្យការខេត្តរតនគិរី ចង់ឱ្យពលរដ្ឋចូលរួមដាក់បណ្ដឹងបរិហារឱ្យបានកាន់តែច្រើន ដើម្បីចូលរួមទប់ស្កាត់បទល្មើសព្រៃឈើនៅក្នុងខេត្តនេះ៖ «នេះជាករណីធ្ងន់ធ្ងរមួយដែលធ្វើឱ្យបាត់បង់ធនធានធម្មជាតិច្រើន ដូច្នេះយើងសង្ឃឹមថា ស្ថាប័នអយ្យការនឹងចាត់ការរឿងនេះដើម្បីចូលរួមទប់ស្កាត់ការបាត់បង់ព្រៃឈើបន្តទៅទៀត។ តាំងពីនៅខេត្តក្រចេះ ម្ល៉េះ លោក (តំណាងអយ្យការ) សូមឱ្យខ្ញុំជួយធ្វើយ៉ាងណាឱ្យមានបណ្ដឹងបរិហារកាន់តែច្រើន ដើម្បីជាវិធានការតាមផ្លូវច្បាប់ជួយទប់ស្កាត់បទល្មើស និងដើម្បីឱ្យមន្ត្រីនគរបាលយុត្តិធម៌ទាំងអស់ត្រូវទទួលខុសត្រូវក្នុងតួនាទីរបស់ខ្លួនក្នុងការទប់ស្កាត់បទល្មើសទាំងអស់»។
បណ្ដឹងបរិហារ គឺជាបណ្ដឹងប្រាប់ឱ្យដឹងនូវអំពើល្មើស ឬបទល្មើសអ្វីមួយក្នុងបំណងឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់ការតាមសមត្ថកិច្ចរបស់ខ្លួន ដែលច្បាប់បានកំណត់។ បុគ្គលគ្រប់រូប រួមទាំងអង្គការមិនមែនរដ្ឋាភិបាល អង្គការរដ្ឋ ឬរដ្ឋបរទេសនានា សុទ្ធសឹងតែអាចធ្វើបណ្ដឹងបរិហារបានទាំងអស់ ហើយក្រមព្រហ្មទណ្ឌមាត្រា ៥២៩ ចែងថា រាល់បុគ្គលណាដែលបានដឹងពីបទឧក្រិដ្ឋ ដែលអាចនឹងបង្ការ ឬបន្ថយអានុភាពរបស់បទល្មើសបាន ហើយមិនប្ដឹងបរិហារដល់អាជ្ញាធរតុលាការ ឬអាជ្ញាធរមានសមត្ថកិច្ចផ្សេងទៀត នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១សែន ទៅ ២លានរៀល។
អង្គការសង្គមស៊ីវិល និងពលរដ្ឋ កាលពីខែកក្កដា ឆ្នាំ២០១៧ បានរួមគ្នាដាក់បណ្ដឹងបរិហារមួយច្បាប់ទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តរតនគិរី ព្រមទាំងចម្លងជូនរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា និងអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ដើម្បីស្នើសុំជួយអន្តរាគមន៍ប្រឆាំងនឹងបុគ្គលចំនួន ៧រូប ដែលមានតួនាទីចាប់ពីអាជ្ញាធរភូមិ ឃុំ ស្រុក រហូតដល់ប្រធានមន្ទីរបរិស្ថានខេត្ត រួមទាំងអនុប្រធានដែនជម្រកសត្វព្រៃលំផាត់ ពីបទ “ពាក់ព័ន្ធអនុគ្រោះចំពោះបទល្មើសព្រៃឈើ មិនទប់ស្កាត់បទល្មើសកាប់រាន និងឈូសឆាយដីព្រៃឈើ និងបទល្មើសកាប់រំលំដើមឈើប្រណីតជាបទឧក្រិដ្ឋមិនទាន់ពេលវេលា” ដែលកើតឡើងនៅក្នុងតំបន់ព្រៃសហគមន៍ភូមិសមុទ្រក្រោម ឃុំសេដា និងដែនជម្រកសត្វព្រៃលំផាត់ ក្នុងខេត្តរតនគិរី។
ប្រជាពលរដ្ឋភូមិសមុទ្រក្រោម អះអាងនៅក្នុងពាក្យបណ្ដឹងថា កាលពីចុងខែមិថុនា កន្លងទៅ ពួកគាត់មានគ្នា ៣០នាក់ បានចុះទៅល្បាតព្រៃ និងពិនិត្យព្រៃសហគមន៍ និងព្រៃដែនជម្រកសត្វស្រុកលំផាត់ ខេត្តរតនគិរី ហើយក៏បានប្រទះឃើញតំបន់ព្រៃឈើជាង ៨០០ហិកតារ ត្រូវបានជនល្មើសមិនស្គាល់អត្តសញ្ញាណនាំគ្នាកាប់រុករានទន្ទ្រានហ៊ុមព័ទ្ធយកដីធ្វើកម្មសិទ្ធិ។
ពលរដ្ឋអះអាងបន្តថា ប្រធានសហគមន៍ និងអាជ្ញាធរពាក់ព័ន្ធមានអនុប្រធានភូមិ មេភូមិ មេឃុំ និងមេប៉ុស្តិ៍ដែលជាមន្ត្រីមូលដ្ឋាន មិនបានយកចិត្តទុកដាក់ការពារព្រៃឈើទេ តែបែរជាបណ្ដែតបណ្ដោយឱ្យមានបទល្មើសកាប់រានដីព្រៃនៅតំបន់របស់ខ្លួនអស់ជាច្រើនសន្ធឹកសន្ធាប់។ លើសពីនេះទៅទៀត ក្រុមអាជ្ញាធរបែរជាចោទពលរដ្ឋជាអ្នកការពារព្រៃឈើ ថាបានកាប់បំផ្លាញព្រៃសហគមន៍ និងព្រៃដែនជម្រកសត្វថែមទៀត។
ពលរដ្ឋជនជាតិដើមភាគតិចទំពួន និងជាដើមបណ្ដឹងម្នាក់ គឺលោក ស៊ីថាន់ ញ៉ាន់ ថ្លែងថា លោកមានការសោកស្ដាយជាខ្លាំងនៅពេលឃើញដីព្រៃឈើដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងជាទីអាស្រ័យផលរបស់ពលរដ្ឋក្នុងសហគមន៍ រងការកាប់បំផ្លាញ និងកាប់រានទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិឯកជន។ លោកបារម្ភថា បើសកម្មភាពនេះមិនអាចទប់ស្កាត់បានទេនោះ ក្តីអន្តរាយនឹងកើតមានឡើងចំពោះពលរដ្ឋដែលរស់នៅពឹងផ្អែកទៅលើព្រៃឈើ និងធនធានធម្មជាតិក្នុងព្រៃសហគមន៍៖ «ប្រជាពលរដ្ឋមានជំហរដាច់ខាតតែម្ដង។ ពាក្យបណ្ដឹងហ្នឹងចង់ឱ្យបានជោគជ័យ ចង់ឱ្យបានដីហ្នឹង កុំឱ្យគេកាប់រាន។ (ពលរដ្ឋ) នឹងតស៊ូ តវ៉ារហូតដល់សម្រេច ដោយមិនរាថយទេ ព្រោះ (ព្រៃ) នៅខ្លះៗដែរ។ បើសិនជាមិនតស៊ូទេ គេនឹងវាតទីយកអស់តែម្ដង»។
ភាគីដើមបណ្ដឹងដែលជាក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋ សំណូមពរឱ្យតុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់ចំពោះជនប្រព្រឹត្ត មន្ត្រីពាក់ព័ន្ធដែលអនុគ្រោះបទល្មើសព្រៃឈើ និងទប់ស្កាត់បទល្មើសឧក្រិដ្ឋព្រៃឈើនៅតំបន់ដែលខ្លួនទទួលខុសត្រូវមិនបានទាន់ពេលវេលា ព្រមទាំងសងដើមបណ្ដឹងរដ្ឋប្បវេណីចំនួន ២0លានរៀល។
ច្បាប់ស្ដីពីព្រៃឈើ និងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ កំណត់ថា ការគាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធិ គឺជាបទល្មើសឧក្រិដ្ឋដែលជនប្រព្រឹត្តល្មើសនឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ ដល់ ១០ឆ្នាំ និងទោសពិន័យជាប្រាក់ពី ១០លានរៀល ទៅ ១៥០លានរៀល។ ចំណែក មន្ត្រីពាក់ព័ន្ធណាដែលមានការធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន ឬមិនគោរពទៅតាមបទប្បញ្ញត្តិនៃច្បាប់នេះ ត្រូវទទួលទណ្ឌកម្មខាងវិន័យរដ្ឋបាល ឬ/និង ត្រូវចោទប្រកាន់ចំពោះមុខតុលាការ ហើយបើមន្ត្រីទាំងនោះសមគំនិតនឹងអ្នកប្រព្រឹត្តបទល្មើស ឬជួយសម្រួលការប្រព្រឹត្តបទល្មើសនេះ ពួកគេក៏ត្រូវផ្ដន្ទាទោសដូចជនប្រព្រឹត្តដែរ៕