Clik here to view.

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានដាក់ទណ្ឌកម្ម លើសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប ដោយមិនចេញទិដ្ឋាការ ឬវីសាឲ្យមន្ត្រីទាំងនោះវិញ។ សារគំរាមរបស់បុរសខ្លាំង នៅកម្ពុជានេះ ធ្វើឡើងនៅចំពោះមុខកម្មកររោងចក្រកាត់ដេរ រាប់ពាន់នាក់ នៅឯមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃទី១៧ ខែធ្នូ ដោយលោក ហ៊ុន សែន អះអាងថា ប្រទេសកម្ពុជាឥឡូវ មិនដូចប្រទេសកម្ពុជាពីមុននោះទេ។ «»
សារព្រមានរបស់លោក ហ៊ុន សែន នេះធ្វើឡើងជាការឆ្លើយតបទៅនឹងសហរដ្ឋអាមេរិក ដែលបានប្រកាសបិទទិដ្ឋាការលើមន្ត្រីរដ្ឋាភិបាល និងក្រុមគ្រួសារ ដែលរងការចោទប្រកាន់ ថាបានចូលដៃ ក្នុងការបំផ្លាញប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។ ថ្មីៗនេះ សភាអឺរ៉ុប ក៏បានអនុម័តសេចក្ដីសម្រេច ស្ដីពីវិធានការទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា ដែលរួមមានការបិទទិដ្ឋាការ ឬវីសានេះដែរ។
អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ ហៅការឌឺដង និងជំរុញឲ្យសហគមន៍អន្តរជាតិ ដាក់ទណ្ឌកម្មលើរដ្ឋាភិបាលខ្លួនឯងបែបនេះ មិនមែនជារឿងចំណេញដល់ជាតិនោះទេ។ លោកបណ្ឌិតយល់ថា លោកនាយករដ្ឋមន្ត្រី គួររកវិធីប្រសើរជាងនេះ ក្នុងការឆ្លើយតបទៅនឹងសម្ពាធអន្តរជាតិ។
អ្នកវិភាគយល់ស្របគ្នាថា ប្រទេសកម្ពុជា ពឹងពាក់ស្ទើរតែទាំងស្រុងលើសហរដ្ឋអាមេរិក និង សហគមន៍អឺរ៉ុប ផ្នែកទំនាក់ទំនងពាណិជ្ជកម្ម។ ការដាក់ទណ្ឌកម្មផ្នែកការទូត និងសេដ្ឋកិច្ចដូចជាការផ្អាកការអនុគ្រោះពន្ធ លើផលិតផលនាំចេញទៅទីផ្សារអាមេរិក និងអឺរ៉ុប នឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ជីវភាពរស់នៅរបស់ពលរដ្ឋក្រីក្រ នៅកម្ពុជា។ សហគមន៍អន្តរជាតិ លើកលែងតែប្រទេសចិន យល់ស្របគ្នាថា វិធានការទណ្ឌកម្មលើរដ្ឋាភិបាលលោក ហ៊ុន សែន គឺធ្វើឡើង ដោយសារការធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា។ កម្ពុជា នឹងគ្មានទណ្ឌកម្មទាំងនេះទេ ប្រសិនបើរដ្ឋាភិបាលលោក ហ៊ុន សែន បញ្ឈប់ការធ្វើទុក្ខបុកម្នេញទាំងនេះ រួចហើយរៀបចំឲ្យមានការបោះឆ្នោតមួយដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមឆន្ទៈពិតប្រាកដរបស់ម្ចាស់ឆ្នោត៕