Clik here to view.

ប្រទេសចិន និងបណ្ដាប្រទេសក្នុងតំបន់មេគង្គរួមមាន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្ដែងឲ្យកាន់តែស៊ីជម្រៅ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ការប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់នេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៣ ដែលបានប្រព្រឹត្តិទៅនៅទីក្រុងតាលី ខេត្តយូណាន ប្រទេសចិន ពីថ្ងៃទី១៤ ដល់១៦ ធ្នូ។
រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង៦ ក្នុងតំបន់មេគង្គ-ឡានឆាងនេះ បានសម្រេចអនុវត្តកិច្ចព្រមព្រៀង ក្នុងគោលបំណងដើម្បីលើកកម្ពស់គម្រោងកិច្ចសហប្រតិបត្តិការ និងកសាងសហគមន៍មួយ ដែលមានអនាគតរួមគ្នា ដើម្បីសន្តិភាព និងវិបុលភាពក្នុងតំបន់នេះ។ រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង៦នេះ បានសាទរចំពោះ ការវិវត្តន៍ក្នុងវិស័យគន្លឹះមួយចំនួន ដែលក្នុងនោះរួមមាន ការផ្សាភ្ជាប់វិស័យគមនាគមន៍ សមត្ថភាពឧស្សាហកម្ម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងព្រំដែន ធនធានទឹក និងកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ។
សេចក្តីប្រកាសព័ត៌មាន ផ្សាយថ្ងៃទី១៧ ធ្នូ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឲ្យដឹងថា ឆ្លៀតក្នុងឱកាសកិច្ចប្រជុំនោះ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ក៏បានជួបប្រជុំទ្វេភាគីជាមួយលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ដោយក្នុងនោះ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានផ្លាស់ប្ដូរយោបល់ស្ដីពីវិធីសាស្ត្រនានា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ចិន នៅមុនប្រារព្ធខួបទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នៅឆ្នាំ២០១៨នេះ។
ប្រទេសកម្ពុជា គ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី២ នៅថ្ងៃទី១០ មករា ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ ក្រោមមូលបទ «ទន្លេរបស់យើងដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចិរភាព»៕