ប្រជាសហគមន៍មួយចំនួននៅឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បារម្ភពីស្ថានភាពនយោបាយនាពេលបច្ចុប្បន្ន និងបារម្ភពីស្ថានភាពថ្ងៃបោះឆ្នោតនៅពេលខាងមុខថែមទៀតផង។ ការបារម្ភនេះ ដោយពួកគេអះអាងថា ស្ទើរតែជារៀងរាល់អាណត្តិមុនពេលបោះឆ្នោតចូលមកដល់ អាជ្ញាធរមូលដ្ឋានមួយចំនួនបានគំរាមកំហែងពលរដ្ឋ ហើយចោទប្រកាន់ពួកគាត់ថាអ្នកខ្លះក្រុមបក្សនេះ ឬក្រុមបក្សនោះ និងមានការរើសអើង ជាដើម។
ប្រជាពលរដ្ឋនៅឃុំជាំក្រវៀន ចង់ឲ្យស្ថាប័នពាក់ព័ន្ធ ពិសេសរាជរដ្ឋាភិបាលធ្វើយ៉ាងណារក្សាឲ្យបាននូវសុខសន្តិភាព និងស្ថានភាពល្អប្រសើរក្នុងឱកាសបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងខិតជិតចូលមកដល់។
ស្ថានភាពល្អប្រសើរនោះ គឺធានាថាគ្មានការគំរាមកំហែងម្ចាស់ឆ្នោត ការប្រកាន់បក្ខពួក ឬចោទប្រកាន់ប្រជាពលរដ្ឋថាក្រុមនេះ ឬបក្សនោះ ដែលនាំឲ្យមានការសង្ស័យគ្នា ជាដើម។ ជាងនេះទៀត ត្រូវធានាថា ជាការបោះឆ្នោតនោះ គឺធ្វើដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ អ្នកចាញ់គឺចាញ់ដោយអស់ចិត្ត រីឯអ្នកឈ្នះ គឺឈ្នះដោយភាពថ្លៃថ្នូរ។
ប្រជាសហគមន៍នៅឃុំជាំក្រវៀន លោក កម ស្រស់ មានប្រសាសន៍ថា កាលពីអាណត្តិបោះឆ្នោតមុនៗ គឺមុនថ្ងៃបោះឆ្នោតចូលមកដល់ ពួកគាត់មួយចំនួនត្រូវបានអាជ្ញាធរមូលដ្ឋានគំរាមកំហែង និងចោទប្រកាន់ថា ក្រុមបក្សប្រឆាំងទៀតផង។ សកម្មជនដីធ្លីរូបនេះបន្តទៀតថា ប្រមុខរាជរដ្ឋាភិបាលផ្ទាល់ ក៏ធ្លាប់បានប្រើប្រាស់ពាក្យសង្គ្រាមម្តងជាពីរដងកាលពីពេលថ្មីៗនេះ ដែលធ្វើឲ្យអ្នកភូមិមួយចំនួនកាន់តែបារម្ភចំពោះស្ថានភាពបោះឆ្នោតនៅពេលខាងមុខ ពិសេសប្រសិនបើគណបក្សកាន់អំណាចចាញ់ឆ្នោតតែម្តង៖ «អាជ្ញាធរតែម្តង។ ជិតពេលបោះឆ្នោតច្រើនតែមកបំភិតបំភ័យប្រជាពលរដ្ឋ ធ្វើឲ្យពលរដ្ឋហ្នឹងភ័យខ្លាច»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានកំណត់យកថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។
ប្រជាសហគមន៍មួយរូបទៀត លោក គឺ ណី ឲ្យដឹងថា អ្វីដែលលោកបារម្ភ គឺសិទ្ធិសេរីភាពបញ្ចេញមតិមួយចំនួន នឹងកាន់តែរឹតត្បិតនៅពេលថ្ងៃបោះឆ្នោតជិតចូលមកដល់ ម្យ៉ាងបារម្ភខ្លាចការដោះស្រាយវិវាទដីធ្លីជាមួយក្រុមហ៊ុន ម៉ែន សារុន អាចប្រែប្រួលនៅក្រោយពេលបោះឆ្នោតរួច បើទោះបីជាបច្ចុប្បន្ន រាជរដ្ឋាភិបាលយល់ព្រមកាត់ផ្ទៃដីដែលមានវិវាទជាមួយក្រុមហ៊ុនប្រគល់ជូនពលរដ្ឋក្តី៖ «ពួកគាត់ភ័យខ្លាច ដោយសារតែអាជ្ញាធរប្រកាន់បក្ខពួករើសអើងអ៊ីចឹងណាបង។ ហើយខ្ញុំបារម្ភប៉ុណ្ណឹងទេ ខ្លាចដល់ពេលហ្នឹងប្រជាពលរដ្ឋគាត់អស់ជំនឿចិត្ត គាត់លែងហ៊ានទៅបោះឆ្នោត»។
កាលពីថ្ងៃទី២០ កុម្ភៈ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជសារមួយផ្ញើទៅជនរួមជាតិ ដែលត្រូវបានផ្សព្វផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាថ្មីទៀតកាលពីថ្ងៃទី២០ មីនា គឺអំពាវនាវឲ្យជនរួមជាតិទាំងអស់ នាំគ្នាទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។
ព្រះរាជសារបញ្ជាក់ថា ការបោះឆ្នោតនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ជាការបោះឆ្នោតទូទៅជាសកល និងដោយសម្ងាត់ តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូច្នេះសុំកុំព្រួយបារម្ភចំពោះការគាបសង្កត់ ឬគំរាមកំហែងសម្លុតពីបុគ្គលណាម្នាក់ ឬបក្សណាមួយឲ្យសោះ។ លើសពីនេះ ជនរួមជាតិត្រូវប្រើសិទ្ធិសេរីភាពទៅបោះឆ្នោតតាមសតិសម្បជញ្ញៈរបស់ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តទៅលើបុគ្គលណាម្នាក់ ឬបក្សនយោបាយណាមួយ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍នៅថ្ងៃទី២១ មីនា ថា ប្រជាពលរដ្ឋពិតប្រាកដលោកមិនព្រួយបារម្ភឡើយ ខ្លាចក្រែងតែមានពលរដ្ឋខ្លះដែលប្រើការយល់ឃើញចំពោះអាជ្ញាធរមូលដ្ឋានក្នុងរូបភាពផ្សេង ទើបពួកគេមានក្តីបារម្ភដោយខ្លួនឯងប៉ុណ្ណោះ។ លោកបញ្ជាក់ថា ប្រជាពលរដ្ឋនៅតាមមូលដ្ឋានគ្មានអ្វីត្រូវបារម្ភទេ ពីព្រោះអាជ្ញាធរ ឬសមត្ថកិច្ចមិនដែលទៅគំរាមកំហែងពួកគេឡើយ ហើយរាជរដ្ឋាភិបាលប្ដេជ្ញាចិត្តការពារសន្តិសុខ សុវត្ថិភាព ក្នុងស្ថានភាពបោះឆ្នោតល្អប្រសើរមួយ ឲ្យដូចទៅនឹងព្រះរាជសាររបស់ព្រះមហាក្សត្រដែរ៖ «ត្រូវតែអ៊ីចឹង ត្រូវតែមានការបោះឆ្នោតមួយដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌»។
អ្នកនាំពាក្យដដែលបញ្ជាក់ថា ប្រជាពលរដ្ឋម្ចាស់ឆ្នោតមានតួនាទីសំខាន់ក្នុងដំណើរការបោះឆ្នោតនៅពេលខាងមុខ ដូចជាចូលរួមជុំវិញដំណើរការបោះឆ្នោតក្នុងនាមជាពលរដ្ឋថ្លៃថ្នូរ ប្រើប្រាស់ពាក្យសម្ដីសមរម្យ គ្មានការជេរប្រមាថថ្នាក់ដឹកនាំគណបក្សនយោបាយណាមួយ ហើយមិនត្រូវប្រកាន់ឥរិយាបថងប់ងុលនឹងគណបក្សណាមួយដែរ។ បន្ថែមពីនេះ ម្ចាស់ឆ្នោតត្រូវរក្សាការសម្ងាត់របស់ខ្លួន និងអបអរសាទរចំពោះបុគ្គលណាម្នាក់ ឬបក្សណាមួយឈ្នះក្នុងការបោះឆ្នោត បើទោះបីជាបុគ្គល ឬបក្សនយោបាយនោះមិនមែនជាបក្សដែលខ្លួនពេញចិត្តក៏ដោយ។
មន្ត្រីជាន់ខ្ពស់ផ្នែកតស៊ូមតិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថាខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស មានប្រសាសន៍ថា ការព្រួយបារម្ភរបស់ពលរដ្ឋ គឺជារឿងត្រឹមត្រូវម្យ៉ាង ប៉ុន្តែពួកគាត់ក៏មិនត្រូវបារម្ភពេកនោះដែរ ពីព្រោះអ្នកនយោបាយតែងបញ្ចេញសារនយោបាយដាក់គ្នាទៅវិញទៅមក។ ម្យ៉ាងនៅប្រទេសកម្ពុជា កន្លងទៅ មិនធ្លាប់មានបញ្ហាណាមួយរហូតដល់បង្អាក់ដំណើរការបោះឆ្នោតដែរ៖ «ពេលខ្លះយើងអាចគិតជារឿងមួយដោយឡែក។ មានន័យថា កុំឲ្យយើងផ្ដេកផ្ដួលតាមហ្នឹងពេក។ យើងធ្វើម៉េចក៏ដោយ យើងប្រឹងនាំគ្នាទៅបោះឆ្នោត។ អ៊ីចឹងការបោះឆ្នោតមិនអាចអត់បានទេ»។
លោក កន សាវាង្ស បន្តថា ប្រជាពលរដ្ឋត្រូវនាំគ្នាចូលរួមយ៉ាងសកម្មតាមដានទៅលើស្ថានភាពនយោបាយក្នុងប្រទេស និងនៅតាមថ្នាក់មូលដ្ឋានរបស់ខ្លួន ថាតើក្រុមអ្នកនយោបាយកំពុងធ្វើអ្វី ហើយធ្វើបានអ្វីខ្លះសម្រាប់គោលនយោបាយរបស់ពួកគេ? បន្ថែមពីនេះ ពលរដ្ឋត្រូវចូលរួមសម្រេចចិត្តដោយខ្លួនឯង មិនត្រូវធ្វើឡើងតាមការអូសទាញ ឬការបង្ខិតបង្ខំរបស់ក្រុមណាមួយឡើយ៕