Clik here to view.

រដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា បដិសេធមិនទទួលយកសេចក្ដីសម្រេចចិត្តរបស់សភាអឺរ៉ុបដែលបានអនុម័តដោយឯកច្ឆន្ទដាក់ទណ្ឌកម្មដល់រដ្ឋាភិបាលកម្ពុជា ដែលកំពុងបំផ្លាញលទ្ធិប្រជាធិតេយ្យ និងកម្ទេចគណបក្សប្រឆាំងដ៏មានប្រជាប្រិយភាពនៅកម្ពុជា។
សភាអឺរ៉ុបកាលពីថ្ងៃទី១៤ ខែធ្នូ សម្រេចផ្អាកជំនួយទាំងអស់ក្នុងក្របខ័ណ្ឌនៃកិច្ចសន្យាសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងកម្ពុជា ដោយបិទទីផ្សារមិនឲ្យនាំទំនិញពីកម្ពុជា ចូលមកលក់នៅក្នុងប្រទេសទាំង ២៧ នៃសហភាពអឺរ៉ុប។ សេចក្ដីសម្រេចចិត្តក៏ផ្អាកការផ្ដល់ទិដ្ឋាការ (visa) ចេញចូលសហភាពអឺរ៉ុប ចំពោះថ្នាក់ដឹកនាំផ្ដាច់ការនៃប្រទេសកម្ពុជា ព្រមទាំងក្រុមគ្រួសារ និងគូកន ហើយវិធានការនេះអាចឈានទៅដល់ការរឹបអូសទ្រព្យសម្បត្តិរបស់ជនទាំងនោះដែលបានយកលុយកាក់បានមកពីអំពើពុករលួយរបស់ខ្លួនមកលាក់ទុកនៅទ្វីបអឺរ៉ុប។
ឆ្លើយតបទៅនឹងវិធានការរបស់សភាអឺរ៉ុប រដ្ឋសភាឯកបក្សនៃគណបក្សប្រជាជនកម្ពុជា នៅថ្ងៃសៅរ៍ ទី១៦ ខែធ្នូ នេះ បានចេញសេចក្ដីថ្លែងការណ៍មួយថា ការផ្អាកជំនួយសម្រាប់កិច្ចការបោះឆ្នោត និងវិធានការដាក់ទណ្ឌកម្ម មិនមែនជាជម្រើសត្រឹមត្រូវដើម្បីពង្រឹងគុណភាពលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នោះទេ។ រដ្ឋសភាកម្ពុជា បន្តថា ប្រសិនបើសភាអឺរ៉ុប ដកភាពអនុគ្រោះពន្ធលើទំនិញកម្ពុជា នាំចូលអឺរ៉ុបមែន នោះគឺមានន័យថា អឺរ៉ុបមិនបានគិតគូរពីសិទ្ធិនៃការរស់នៅ និងសុខុមាលភាពរបស់កម្មករ-កម្មការិនីរាប់សែននាក់ ដែលអាចនឹងទទួលរងផលប៉ះពាល់។
ចំណែកព្រឹទ្ធសភាកម្ពុជា វិញចោទសេចក្ដីសម្រេចចិត្តរបស់សភាអឺរ៉ុបថា ជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ សេចក្ដីថ្លែងការណ៍រដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា មិនព្រមទទួលស្គាល់ថា រដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានកាន់អំណាចជាង ៣០ឆ្នាំនោះ កំពុងតែបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះទេ។ សភានិងព្រឹទ្ធសភាកម្ពុជា ក៏មិនបានប្ដេជ្ញាស្តារស្ថានភាពនយោបាយនៅកម្ពុជា ឲ្យទៅធម្មតាវិញនោះដែរ។
ចំណែកលោក ហ៊ុន សែន នៅថ្ងៃសៅរ៍នេះ ហាក់ធ្វើព្រងើយចំពោះសំណើឲ្យស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលអឺរ៉ុប និងអាមេរិក ចង់បាន។ លោក ហ៊ុន សែន បែរជាទៅដឹកនាំការប្រកួតកីឡាវាយកូនហ្គោលទៅវិញ៕