Clik here to view.

ស្របពេលកម្ដៅនយោបាយកំពុងកើនឡើងខ្លាំង បញ្ហាបរិស្ថាន និងការការពារធនធានធម្មជាតិ ហាក់ទទួលបានការចាប់អារម្មណ៍តិចតួចពីមជ្ឈដ្ឋានទូទៅ ជាពិសេស រឿងអាស្រូវបាត់លុយខ្សាច់រាប់រយលានដុល្លារ ដែលមិនត្រូវបានស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលចេញមុខបកស្រាយ ឬក៏អើពើស៊ើបអង្កេតនោះឡើយ ខណៈដែលអតីតសកម្មជនបរិស្ថានបែរជាត្រូវបានចាប់ឃុំខ្លួនអស់រយៈជាច្រើនខែទៅវិញ។
អស់រយៈពេល ៤ខែទៅហើយដែលសកម្មជនបរិស្ថាននៃអតីតអង្គការមាតាធម្មជាតិពីររូប គឺលោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុណឌី ត្រូវបានតុលាការខេត្តកោះកុង បន្តឃុំខ្លួនក្នុងពន្ធនាគារដោយចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គលតាមបណ្តឹងរបស់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសកោះកុង (Koh Kong SEZ Co., Ltd.) របស់លោកឧកញ៉ា លី យ៉ុងផាត់។
អ្នកសម្របសម្រួលអង្គការលីកាដូ (LICADHO) ប្រចាំខេត្តកោះកុង លោក អ៊ិន គង់ជិត យល់ឃើញថា ចំណាត់ការរបស់អាជ្ញាធរ និងតុលាការខេត្តកោះកុងនេះ ជាការបំបាក់ស្មារតីយុវជនដែលហ៊ានចេញមុខឈឺឆ្អាលរឿងការពារបរិស្ថាន និងធនធានធម្មជាតិ។ លោកថា នេះជាការអនុវត្តផ្ទុយនឹងការអំពាវនាវរបស់ក្រសួងរ៉ែ និងថាមពល ក្រសួងបរិស្ថាន ព្រមទាំងអនុសាសន៍របស់ប្រមុខរដ្ឋាភិបាលដែលលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធ ត្រូវចូលរួមជួយថែរក្សាធនធានធម្មជាតិ ដើម្បីប្រយោជន៍សង្គមទាំងអស់គ្នា។
លោកទទូចឱ្យតុលាការខេត្តកោះកុង ទម្លាក់ចោលការចោទប្រកាន់លើអតីតសកម្មជនអង្គការមាតាធម្មជាតិទាំងពីររូបនេះ និងដោះលែងពួកគេទាំងពីរឱ្យមានសេរីភាពវិញ៖ «ខាងខ្ញុំតំណាងឱ្យអង្គការសង្គមស៊ីវិល យើងមានការសោកស្តាយចំពោះចំណាត់ការបំបាក់ស្មារតីយុវជនដែលគាត់ក្លាហានហ៊ានចូលរួមក្នុងកិច្ចការពារធនធានធម្មជាតិ។ យើងស្នើសុំឱ្យតុលាការ អាជ្ញាធរ និងពាក់ព័ន្ធទាំងអស់ សូមឱ្យទម្លាក់ចោលបទចោទប្រកាន់នេះ ហើយដោះលែងពួកគេឱ្យមានសេរីភាពវិញ ដើម្បីឱ្យពួកគេបានចូលរួមនៅក្នុងកិច្ចការពារធនធានធម្មជាតិ។ យើងគួរតែលើកទឹកចិត្តដល់អ្នកដែលបានចូលរួមនៅក្នុងកិច្ចការពារធម្មជាតិ យើងមិនត្រូវចូលរួមគាំទ្រដល់អ្នកដែលបំផ្លិចបំផ្លាញធម្មជាតិទេ»។
លោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុណឌី ត្រូវបានអាជ្ញាធរឃាត់ខ្លួនក្រោយពេលពួកគេជិះទូកថតរូប និងវីដេអូកប៉ាល់ដឹកខ្សាច់ស៊ីលីកាពីរគ្រឿងក្នុងលំហសមុទ្រ នៅឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង។ ការឃាត់ខ្លួននេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីអង្គការមាតាធម្មជាតិបានចេញផ្សាយវីដេអូមួយលាតត្រដាងអំពីរឿងបាត់ខ្សាច់ស៊ីលីកាជាង ១លានតោន ដែលកម្ពុជានាំចេញទៅកោះតៃវ៉ាន់ និងបានទាមទារឱ្យរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម ពិចារណាចុះចេញពីតំណែងដើម្បីជាការទទួលខុសត្រូវ។
ដើមបណ្តឹងក្នុងសំណុំរឿងនេះ គឺត្រូវក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសកោះកុង ដែលហៅកាត់ថា អេស.អ៊ី.ហ្សិត (SEZ Koh Kong Co., Ltd.) របស់លោកឧកញ៉ា លី យ៉ុងផាត់ ដែលជាសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា ជាអ្នកជំនួញដ៏មានឥទ្ធិពល និងជាអ្នករកស៊ីនាំចេញខ្សាច់នៅខេត្តកោះកុង ជាច្រើនឆ្នាំមកហើយ។
Image may be NSFW.
Clik here to view.
អតីតអ្នកសម្របសម្រួលបណ្ដាញស្ត្រីនៃអង្គការមាតាធម្មជាតិ អ្នកនាង លឹម គីមស័រ សម្តែងការសោកស្តាយជាខ្លាំងចំពោះចំណាត់ការរបស់អាជ្ញាធរ និងតុលាការខេត្តកោះកុង ទៅលើអតីតសហការីរបស់នាង។ នាងចាត់ទុកការបន្តឃុំខ្លួនអ្នកទាំងពីរក្នុងពន្ធនាគារថា ជាការវាយបំបាក់ស្មារតី និងបង្អាក់ដំណើរការតស៊ូមតិរឿងខ្សាច់របស់អង្គការមាតាធម្មជាតិ និងជាការគំរាមកំហែងយុវជនដទៃទៀតមិនឱ្យចេញមុខការពារធនធានធម្មជាតិតែប៉ុណ្ណោះ។
អ្នកនាង លឹម គីមស័រ អំពាវនាវដល់តុលាការឱ្យផ្ដល់យុត្តិធម៌ដល់អតីតសហការីរបស់នាង ដោយដោះលែងពួកគេឱ្យមានសេរីភាពវិញ៖ «ការចាប់ខ្លួននេះធ្វើឡើងហាក់ដូចជាតាមបញ្ជារបស់អ្នកមានអំណាច ឬអ្នកណាម្នាក់ អ៊ីចឹងបើចៅក្រមគាត់ធ្វើតាមច្បាប់ ពួកគេនឹងអាចឆាប់បានចេញត្រឡប់មកវិញ តែបើគេគ្មានឆន្ទៈនឹងធ្វើវាទេ ដោយគេគិតថា យើងប្រឆាំងនឹងអ្នកមានអំណាច ឬក៏ពួកយើងចង់បង្ហាញការពិត ខ្ញុំគិតថា ពួកគេនឹងមិនខុសគ្នាពីគ្នាយើងបីនាក់មុនទេ ឬមួយក៏អាចយូរជាងមុន។ សម្រាប់ប្រព័ន្ធតុលាការនៅស្រុកខ្មែរឥឡូវនេះ គឺខ្ញុំពិបាកនឹងជឿមែនទែន តែយ៉ាងណាក៏ដោយ ខ្ញុំនៅតែសង្ឃឹមថា យុត្តិធម៌នឹងមានសម្រាប់ពួកគាត់ ហើយខ្ញុំក៏សង្ឃឹមថា តុលាការនឹងយល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋដែរ»។
អង្គការសង្គមស៊ីវិល និងសកម្មជនបរិស្ថាន ថ្លែងថា អ្វីដែលអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលគួរធ្វើនោះ គឺត្រូវបង្ហាញតម្លាភាពនៃការធ្វើអាជីវកម្មខ្សាច់ និងលុបបំបាត់រាល់ភាពមិនប្រក្រតីទាំងឡាយទាក់ទងនឹងអាជីវកម្មខ្សាច់ដែលត្រូវបានរកឃើញកន្លងមក មិនមែនជាការចាប់ឃុំខ្លួនក្រុមសកម្មជនបរិស្ថាននោះទេ។
ភាពមិនប្រក្រតីទាក់ទងនឹងអាជីវកម្មខ្សាច់ដែលត្រូវបានលាតត្រដាងដោយសកម្មជនបរិស្ថាន និងអ្នកសារព័ត៌មាននោះ រួមមានការនាំចេញខ្សាច់សំណង់ និងខ្សាច់ល្បាយភក់ទៅប្រទេសសិង្ហបុរី និងប្រទេសឥណ្ឌា ព្រមទាំងការនាំចេញខ្សាច់ស៊ីលីកា ឬខ្សាច់ស ទៅកោះតៃវ៉ាន់ ដែលមានចំនួនប្រមាណ ៧៥លានតោន គិតជាទឹកប្រាក់ជិត ៨០០លានដុល្លារ ខណៈទិន្នន័យកម្ពុជា មានមិនដល់ ៣លានតោនផង។
បញ្ហានេះហើយដែលសកម្មជនបរិស្ថានលើកឡើងថា ខ្សាច់រាប់សិបលានតោនត្រូវបាននាំចេញពីកម្ពុជា ដោយមិនបង់ពន្ធ ដែលជាអំពើពុករលួយដ៏ធំធ្វើឱ្យកម្ពុជា ខាតបង់ទឹកប្រាក់រាប់រយលានដុល្លារពីការនាំចេញរ៉ែខ្សាច់ទៅក្រៅប្រទេស ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ស្នើឱ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ច ចេញមុខបំភ្លឺឱ្យបានច្បាស់លាស់ទាក់ទងនឹងរឿងគម្លាតដ៏ច្រើនសម្បើមនៃទិន្នន័យខ្សាច់ស៊ីលីកា ទៅកោះតៃវ៉ាន់ ព្រោះស្ថាប័ននេះគឺជាអ្នកកត់ត្រារាល់បញ្ជីទំនិញគ្រប់ប្រភេទដែលត្រូវនាំចេញទៅក្រៅប្រទេស។
លោក សន ជ័យ ក៏ស្នើឱ្យអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតរឿងនេះដែរ ព្រោះវាពាក់ព័ន្ធនឹងការបាត់ចំណូលជាតិរាប់លានដុល្លារ៖ «ភាពខុសគ្នារវាងចំនួនខ្សាច់នៅក្នុងរបាយការណ៍របស់កម្ពុជា ហើយនិងបរិមាណខ្សាច់ដែលនាំចូលទៅតៃវ៉ាន់ គឺជាតម្រុយមួយ ហើយរឿងនេះគឺពាក់ព័ន្ធនឹងការខាតបង់ថវិកាជាតិដែរ។ យើងចង់ឱ្យមានការស្រាយបំភ្លឺពីក្រសួងដែលគ្រប់គ្រងការនាំចេញ គឺគយ ហើយទីពីរគួរតែមានការស៊ើបអង្កេតដែរ ដោយសាររឿងនេះពាក់ព័ន្ធនឹងចំណូលជាតិ។ បរិមាណខុសគ្នាបែបនេះ វាអាចនឹងធ្វើឱ្យចំណូលជាតិ ឬក៏ដូចជាការប្រមូលសួយសារជាដើមនោះ អាចខុសគ្នាដែរ អ៊ីចឹងមានន័យថា ជារឿងមួយខាតបង់ប្រយោជន៍ជាតិ»។
ទោះបីជាយ៉ាងណា ជាច្រើនខែកន្លងទៅនេះ មិនទាន់មានការបកស្រាយច្បាស់លាស់ណាមួយអំពីរឿងនេះ ពីសំណាក់ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលនោះទេ ហើយអង្គភាពប្រឆាំងអំពើពុករលួយទៀតសោត ក៏មិនបានអើពើស៊ើបអង្កេតករណីនេះដែរ។
អាស៊ីសេរី បានព្យាយាមទាក់ទងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ជាច្រើនដង ទាំងតាមទូរស័ព្ទ និងបណ្ដាញទំនាក់ទំនងសង្គម ដើម្បីសាកសួរអំពីរឿងនេះ ក៏ប៉ុន្តែមិនទទួលបានការឆ្លើយតបនោះឡើយ៕