Quantcast
Viewing all articles
Browse latest Browse all 11174

សហជីព​សេរី​កម្មករ​ទទូច​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​នយោបាយ​ដោយ​សន្តិវិធី

Image may be NSFW.
Clik here to view.

សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា ដោយ​សន្តិវិធី ដើម្បី​បញ្ចៀស​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប។

​អនុ​ប្រធាន​សហជីព លោក ម៉ាន់ សេងហាក់ បាន​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ថា សហជីព​លោក​ដែល​មាន​កម្មករ​ជា​សមាជិក​ចំនួន​ជាង ១​ម៉ឺន​នាក់ ស្នើ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ស្តារ​​ស្ថានការណ៍​នយោបាយ​ឲ្យ​វិល​មក​រក​ភាព​ប្រក្រតី​ឡើង​វិញ ដើម្បី​បន្ត​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​ទៅ​លើ​ការ​នាំ​ចេញ​ផលិតផល​ក្នុង​វិស័យ​កាត់​ដេរ​នៅ​កម្ពុជា៖ «យើង​អត់​មាន​ប្រតិកម្ម​អ្វី​ទេ​ចំពោះ​បណ្ដា​ប្រទេស​ដែល​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា នោះ។ ប្រទេស​កាល​ណា​គោរព​ច្បាប់ គឺ​សហគមន៍​អន្តរជាតិ​គេ​ជួយ។ ប្រមុខ​រដ្ឋាភិបាល​គាត់​បាន​និយាយ​ថា គេ​ដាក់​ទណ្ឌកម្ម​អ្វី​ក៏​ដាក់​ចុះ ប៉ុន្តែ​ឃើញ​សហជីព​កម្មករ​នោះ​គាត់​ស្នើ​ឲ្យ​គេ​បន្ត​ការ​លើក​ពន្ធ»

ការ​លើក​ឡើង​របស់​អនុប្រធាន​សហជីព​សេរី​កម្មករ​នៅ​កម្ពុជា លោក ម៉ាន់ សេងហាក់ នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​សហជីព​ចំនួន​៣ ដែល​គេ​ជឿជាក់​ថា ជា​សហជីព​ស្និទ្ធ​នឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​​១៣ ខែ​ធ្នូ នេះ បាន​សរសេរ​លិខិត​ស្នើ​សុំ​ទៅ​ស្ថានទូត​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ឲ្យ​បន្ត​ទិញ​សំលៀកបំពាក់ និង​អនុគ្រោះ​ពន្ធ​ដល់​ការ​នាំ​ចូល​ពី​កម្ពុជា។ ក្រុម​សហជីព​ទាំង​បី​នេះ រួម​មាន​សហព័ន្ធ​សហជីព​មិត្តភាព​កម្មករ (WFUF) សម្ព័ន្ធ​សហជីព​ជាតិ (NTUC) និង​សហព័ន្ធ​សហជីព​ដើម្បី​កម្មករ (TUFW)។

មេដឹកនាំ​សហជីព​ទាំង​បី​នេះ​ក៏​បាន​បញ្ជាក់​ក្នុង​លិខិត​ដដែល​ថា ខ្លួន​មាន​ការ​ព្រួយបារម្ភ​ជា​ខ្លាំង​ចំពោះ​ស្ថានការណ៍​នយោបាយ​ពេល​នេះ ដែល​នឹង​ជះឥទ្ធិពល​អាក្រក់​មក​លើ​វិស័យ​កាត់ដេរ​សំលៀកបំពាក់ និង​ស្បែកជើង​ជាដើម ក្រោយ​ដែល​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប បញ្ឈប់​ការ​អនុគ្រោះ​ពន្ធ​នៃ​ការ​នាំ​ចេញ​ផលិតផល​កាត់ដេរ​សំលៀកបំពាក់​ចេញ​ពី​កម្ពុជា។ បញ្ហា​នេះ នឹង​នាំ​ឲ្យ​ប៉ះពាល់​ការងារ​ដល់​កម្មករ​និយោជិត និង​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ដែល​អាស្រ័យផល​លើ​វិស័យ​កាត់​ដេរ​នេះ។

ប្រទេស​មហាអំណាច​ធំៗ រួម​ទាំង​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​លោក ហ៊ុន សែន ជា​បន្តបន្ទាប់ ក្រោយ​ពី​ចាប់​ខ្លួន​លោក កឹម សុខា និង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​នោះ​មាន​សហភាព​អន្តរ​សភា ហៅ​កាត់​ថា IPU ដែល​មាន​សមាជិក​មក​ពី ១៧៣​ប្រទេស​នៅ​លើ​សកលលោក ប្រទេស​អូស្ត្រាលី ស៊ុយអែត សហភាព​អឺរ៉ុប ប្រទេស​បារាំង និង​អាមេរិក។ ក្រុម​ប្រទេស​ទាំង​នេះ​ក៏​បាន​អំពាវនាវ​ឲ្យ​លោក ហ៊ុន សែន ធ្វើ​ឲ្យ​ស្ថានការណ៍​វិល​មក​​ដូច​ដើម​ជា​បន្ទាន់ រួម​មាន​ការ​ដោះលែង​លោក កឹម សុខា អ្នក​ជាប់​ឃុំ​ដទៃ​ទៀត និង​បើក​ឲ្យ​មាន​វត្តមាន​បក្ស​ប្រឆាំង​ចូលរួម​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨ បើ​ពុំ​នោះ​ទេ សហគមន៍​អន្តរជាតិ​នឹង​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles