Clik here to view.

ក្រសួងមហាផ្ទៃ បានក្រើនរំលឹកដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលឱ្យគោរពច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
សេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១១ ខែធ្នូ ឱ្យដឹងថា អង្គការមិនមែនរដ្ឋាភិបាល ដែលមិនទាន់បានបំពេញលក្ខខណ្ឌស្របតាមមាត្រា១០ និងមាត្រា២៥ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវផ្ញើមកក្រសួងមហាផ្ទៃ និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នូវរបាយការណ៍បូកសរុបសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំមួយច្បាប់មិនឱ្យហួសពីដំណាច់ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខឡើយ។
សេចក្ដីជូនដំណឹងដដែលបញ្ជាក់ថា ប្រសិនបើសមាគម និងអង្គការមិនមែនរដ្ឋាភិបាលណាដែលហ៊ានបំពាននឹងបទបញ្ជនេះ ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់។ ទោះជាយ៉ាងនេះក្ដី នៅក្នុងសេចក្ដីជូនដំណឹងនេះ ក្រសួងមហាផ្ទៃ មិនបានបញ្ចេញឈ្មោះអង្គការណាខ្លះដែលខ្វះឯកសារ ហើយមានចំនួនអង្គការ សមាគម ចំនួនប៉ុន្មានដែលមិនផ្ញើឯកសារឲ្យក្រសួងមហាផ្ទៃ ពិតប្រាកដឡើយ។
មន្ត្រីកម្មវិធីជាន់ខ្ពស់ផ្នែកអង្កេតនៃអង្គការខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស បានឱ្យអាស៊ីសេរី ដឹងថា អង្គការសង្គមស៊ីវិលកំពុងព្រួយបារម្ភចំពោះបញ្ហានេះ ហើយអង្គការសង្គមស៊ីវិលបានតស៊ូរមតិកន្លងមកដែរ៖ «»។
ច្បាប់ស្ដីពីអង្គការសមាគមមិនមែនរដ្ឋាភិបាលជាច្បាប់មួយដែលអង្គការសង្គមស៊ីវិល និងអតីតអ្នករាយការណ៍ពិសេសនៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ចាត់ទុកថា ជាច្បាប់ដ៏ចម្រូងចម្រាស់ និងរឹតត្បិតសិទ្ធិសេរីភាពអង្គការមិនមែនរដ្ឋាភិបាល មិនឆ្លុះបញ្ចាំងពីសង្គមប្រជាធិបតេយ្យ ដែលបង្កើតឲ្យមានច្បាប់បែបនេះ។
លោក កន សាវាង្ស ថា ក្រសួងមហាផ្ទៃ គួរពិចារណាបន្ធូរបន្ថយដើម្បីកុំឱ្យមានការផ្តល់របាយការណ៍ទាំងនោះមកក្រសួងមហាផ្ទៃ ឬក៏ឱ្យមានការផ្ដល់របាយការណ៍ត្រឹមថ្នាក់ឃុំ ស្រុក ព្រោះអង្គការសង្គមស៊ីវិលតាមបណ្តាខេត្តមួយចំនួនពិបាកនឹងទទួលបានព័ត៌មាន ឬពិបាកក្នុងការទាក់ទងនឹងក្រសួងមហាផ្ទៃ។ លោកបន្តថា អង្គការសង្គមស៊ីវិលធំៗនៅរាជធានីភ្នំពេញ មានរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរៀងៗខ្លួនជារៀងរាល់ឆ្នាំរួចហើយ ហេតុនេះមិនមែនជាបញ្ហាដើម្បីផ្ដល់ឱ្យក្រសួងមហាផ្ទៃឡើយ។
ក្រសួងមហាផ្ទៃ បានឱ្យដឹងថា រហូតមកដល់ពេលនេះ មានតែអង្គការមិនមែនរដ្ឋាភិបាលចំនួន ៦៤៨ ប៉ុណ្ណោះ ដែលបានបំពេញកាតព្វកិច្ចត្រឹមត្រូវតាមការកំណត់ដោយច្បាប់ ហើយមានអង្គការមួយចំនួនធំទៀតនៅតែមិនបំពេញកាតព្វកិច្ចតាមបទប្បញ្ញតិ្តច្បាប់នៅឡើយ៕