
សហរដ្ឋអាមេរិក បានផ្ដល់ថវិកាដល់ក្រសួងវប្បធម៌ ដើម្បីថែរក្សា និងអភិរក្សវត្ថុតាងជនរងគ្រោះក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម ចំនួន ៣ពាន់ ទៅ៥ពាន់មុខ ជាវាយនភណ្ឌ ដូចជាខោអាវ ស្បែកជើង ខ្សែក្រវាត់ និងសម្ភារប្រើប្រាស់មួយចំនួនទៀត ដែលសារមន្ទីរទួលស្លែង បានប្រមូលថែរក្សាទុក ពីមន្ទីរស២១ ក្រោយពេលរបបខ្មែរក្រហមដួលរលំ។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានចុះហត្ថលេខាផ្ដល់ថវិកាចំនួន ៥៥,៥០០ដុល្លារអាមេរិក ដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ នេះ ដើម្បីថែរក្សា និងអភិរក្សវាយនភណ្ឌជនរងគ្រោះ នៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង។ ការផ្ដល់ជំនួយនេះ ក្នុងគម្រោងមូលនិធិរបស់អាមេរិក សម្រាប់ថែរក្សាវប្បធម៌ ស្ដីពីការអភិរក្សវត្ថុតាងវាយនភណ្ឌសតវត្សទី២០។
ប្រធានសារមន្ទីរទួលស្លែង លោក ឆាយ វិសុទ្ធ បានថ្លែងឲ្យដឹងថា គម្រោងនេះគឺមានអ្នកជំនាញមកពីសារមន្ទីរសហរដ្ឋអាមេរិក ចុះមកអនុវត្តផ្ទាល់ និងបង្រៀនដល់មន្ត្រីនៃសារមន្ទីរដើម្បីបានចំណេះដឹងបន្ថែមទៀតដើម្បីរក្សាទុកឯកសារជាវត្ថុតាងទាំងនោះ។
ពិធីចុះហត្ថលេខានេះ ធ្វើឡើងដោយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា លោក វីល្លៀម ហៃដ៍ (William Heidt) និងលោក ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ ព្រមទាំងតំណាងរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកស្រី ភឿង សកុណា។
លោក ជុច ភឿន បានថ្លែងឲ្យដឹងថា គម្រោងនៃការអភិរក្សដែលបានចុះហត្ថលេខា នាថ្ងៃនេះ ជាគម្រោងមួយក្នុងចំណោមគម្រោងជាច្រើនដែលក្រសួងវប្បធម៌ បានទទួលពីមូលនិធិរបស់អាមេរិក សម្រាប់ថែរក្សាវប្បធម៌ ចាប់តាំងពីឆ្នាំ២០០៥មក។ គម្រោងជំនួយទាំងនោះផ្ដោតទៅលើការជួលជុល និងអភិរក្សប្រាសាទ ការចុះបញ្ជីសារពើភណ្ឌ ការទប់ស្កាត់ការចរាចរណ៍វត្ថុបុរាណខុសច្បាប់ និងការអប់រំផ្សព្វផ្សាយនានាទាក់ទងនឹងការជួញដូរវត្ថុបុរាណជាដើម។ «»
លោកមានប្រសាសន៍ក្នុងពិធីចុះហត្ថលេខាព្រឹកមិញនេះថា៖ «គម្រោងនៃការអភិរក្សនេះមិនត្រឹមតែបានជួយសង្គ្រោះដល់វត្ថុតាងប្រវត្តិសាស្ត្រនេះទេ តែវាបានផ្ដល់ផលប្រយោជន៍សំខាន់មួយទៀតដល់សារមន្ទីរទួលស្លែង គឺការបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់បន្តនិរន្តរភាពនៃការជួសជុលវិស័យនេះ នាថ្ងៃអនាគត»។
លោក ជុច ភឿន មានប្រសាសន៍ទៀតថា សកម្មភាពគាំទ្ររបស់សហរដ្ឋអាមេរិក លើគម្រោងអភិរក្សវាយនភណ្ឌនៅសារមន្ទីរទួលស្លែង នេះ ពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ក្រសួង ក៏ដូចជាប្រជាជនកម្ពុជា ទូទាំងប្រទេស ត្បិតភស្តុតាងទាំងអស់នេះជាតឹកតាងប្រវត្តិសាស្ត្រសម្រាប់ការសិក្សាស្វែងយល់ពីអំពើឧក្រិដ្ឋកម្ម ដែលខ្មែរក្រហម បានប្រព្រឹត្តចំពោះប្រជាជនស្លូតត្រង់ រាប់លាននាក់រវាងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។
ក្រោមការគ្រប់គ្រងរបស់ លោក កាំង ហ្គេចអ៊ាវ ហៅ ឌុច មន្ទីរស២១ បានសម្លាប់មនុស្សប្រមាណ២ ម៉ឺននាក់ ដោយជនរងគ្រោះមាននិស្សិតបញ្ញវន្ត មន្ត្រីរាជការ និងកុមារផងដែរ។ រក្សាទុកនៅវត្ថុតាងដែលមើលទៅគួរសង្វេគនេះអាចធ្វើឲ្យពលរដ្ឋមានការសោកសង្រេង ប៉ុន្តែសម្រាប់អ្នកសិក្សាស្រាវជ្រាវគឺសំខាន់ណាស់ គឺដើម្បីបង្ហាញដល់ក្មេងជំនាន់ក្រោយឲ្យបានយល់ពីប្រវត្តិសាស្ត្ររបស់កម្ពុជា ថា ខ្មែរក្រហមបានសម្លាប់មនុស្ស ដូចដែលមានវត្ថុតាងមានរាប់ទាំងសំលៀកបំពាក់កុមារ។
ស្ថានទូតសហរដ្ឋអាមេរិក បានឲ្យដឹងថា គម្រោងនេះផ្ដោតទៅលើដំណាក់កាលដំបូងនៃការការពារការខូចខាតនៃសំលៀកបំពាក់ជនរងគ្រោះ ដែលជារបស់ងាយខូចជាងគេក្នុងចំណោមរបស់របរប្រើប្រាស់ផ្សេងៗទៀត របស់ជនរងគ្រោះដែលត្រូវបានប្រមូលទុក។ គម្រោងនេះនិយាយពីតម្រូវការចាំបាច់បំផុតដោយមានរបស់របរបុរាណពី ៣០០០ ទៅ៥០០០មុខ ដែលមិនត្រូវបានគេធ្វើការអភិរក្សពីមុនមកឲ្យបានត្រឹមត្រូវដោយអ្នកជំនាញមានវិជ្ជាជីវៈ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា លោក វីល្លៀម ហៃដ៍ បានថ្លែងឲ្យដឹងដែរថា គម្រោងលើកនេះគឺដើម្បីថែរក្សាភស្តុតាងដែលបន្សល់ទុករបស់ជនរងគ្រោះក្នុងរបបខ្មែរក្រហម ហើយសម្ភារខ្លះកំពុងតែពុកផុយដោយសារតែរក្សាទុកក្នុងពេលវេលាជាង ៣០ឆ្នាំមកនេះ៖ «ប្រសិនបើយើងក្រឡេកមើលសម្ភារដែលបន្សល់ទុកនៅខាងមុខយើងនេះ គឺជាសម្ភារដោយជនរងគ្រោះក្នុងរបបខ្មែរក្រហម ដែលបង្ហាញនូវភាពតក់ស្លុតដល់យើងឲ្យបានដឹងពីស្ថានភាពជនរងគ្រោះក្នុងរបបនោះ ដែលភាគច្រើនជាសំលៀកបំពាក់របស់កុមារ និងមនុស្សផ្សេងៗទៀត»។
លោកថ្លែងថា ស្លាកស្នាមដែលជាប់នៅលើសំលៀកបំពាក់របស់ជនរងគ្រោះ ដូចជាស្នាមប្រឡាក់ឈាមជាដើមនោះ គឺជាវត្ថុតាងជាប្រវត្តិសាស្ត្រដែលយើងមិនអាចយកចេញបាន។ លោកថា ស្ថានទូតរីករាយនឹងចូលរួមកម្មវិធីថែរក្សាវត្ថុតាងទាំងអស់នេះជាមួយសារមន្ទីរទួលស្លែង ហើយក៏រីករាយផ្ដល់ការបណ្ដុះបណ្ដាលជំនាញដល់មន្ត្រីសារមន្ទីរ។
ទោះយ៉ាងណាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានជំនឿជឿជាក់ថា រដ្ឋាភិបាល និងប្រជាជនអាមេរិក នឹងបន្តជួយឧបត្ថម្ភគាំទ្រដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទាំងផ្នែកថវិកា និងអ្នកបច្ចេកទេស ដើម្បីផ្ដល់លទ្ធភាពឲ្យក្រសួងអាចពង្រីកវិសាលភាពក្នុងការអភិរក្ស និងទប់ស្កាត់ការជួញដូរវត្ថុបុរាណប្រកបដោយប្រសិទ្ធភាពខ្ពស់នៅទូទាំងប្រទេសនាពេលអនាគត៕