Clik here to view.

នៅខណៈស្ថាប័នរដ្ឋកំពុងប្រារព្ធទិវាជនពិការកម្ពុជាលើកទី១៩ និងទិវាជនពិការអន្តរជាតិលើកទី៣៥ អតីតយោធិនពិការដែលជាកូនទ័ពរបស់លោក ហ៊ុន សែន នៅក្នុងខេត្តបន្ទាយមានជ័យម្នាក់រៀបរាប់ថា គាត់ត្រូវកងអង្គភាពកាត់ប្រាក់ខែជិត ៣០ឆ្នាំហើយ បើទោះជាលោកប្រឹងស្វែងរកអន្តរាគមន៍ពីអតីតបញ្ជាការលោកក្ដី។
ប្រឹងចាប់សរសៃឲ្យភ្ញៀវទាំងដៃរាវពពើម បុរសមានមាឌធំ សម្បុរខ្មៅ ជាជនពិការភ្នែកទាំងគូរ កាលពីអំឡុងឆ្នាំ១៩៨៩ លោក កឹម យ៉ាន មានអាយុ ៤៤ឆ្នាំ បានបាត់បង់ភ្នែកទាំងពីរក្នុងពេលចេញច្បាំងការពាររដ្ឋាភិបាលលោក ហ៊ុន សែន។ ខុសពីកងទ័ពមួយចំនួនទទួលបានតួនាទីក្នុងជួរកងទ័ព ឬការទំនុកបំរុង ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក កឹម យ៉ាន បែរជាមិនទាន់ទទួលបានអ្វីទាំងអស់ សូម្បីតែឈ្មោះ និងប្រាក់ខែ ក៏ត្រូវអង្គភាពមិនបានផ្ដល់ឲ្យក្នុងរយៈពេលជិត ៣០ឆ្នាំមកនេះ។ «»
អតីតយោធិនពិការប្រាប់ថា លោកបានបាត់បង់ប្រាក់ខែ និងឈ្មោះពីក្រសួងការពារជាតិ ជិត ៣០ឆ្នាំ ក្រោយធ្លាក់ខ្លួនពិការភ្នែកទាំងគូក្នុងចម្បាំងការពាររដ្ឋាភិបាលរបស់លោក ហ៊ុន សែន។ ជនពិការរូបនេះ ស្នើសុំស្វែងរកអន្តរាគមន៍ពីលោក ហ៊ុន សែន ដើម្បីខ្លួនអាចបើកប្រាក់ខែ ដើម្បីចិញ្ចឹមជីវិត ឬទីលំនៅ ដើម្បីអាចបន្តជីវិតនៅលើផ្លូវអន្ធការដ៏វែងឆ្ងាយទៅមុខទៀត។
ស្ថិតក្នុងសំលៀកបំពាក់ពណ៌ផ្ទៃមេឃ ជាអ្នកបម្រើការផ្នែកសម្រួលសរសៃ ឬហៅថាម៉ាស្សាឲ្យហាងសម្រួលសរសៃមួយកន្លែងនៃរាជធានី លោក កឹម យ៉ាន បានទទួលប្រាក់កម្រៃពីរបរនេះពី ១០០ដុល្លារទៅ ១៥០ដុល្លារក្នុងមួយខែ ដើម្បីផ្គត់ផ្គង់ការចំណាយក្នុងការចិញ្ចឹមប្រពន្ធ និងកូន។
លោក កឹម យ៉ាន មានអាយុ ៤៤ឆ្នាំ បានចាប់យករបរនេះចាប់តាំងពីឆ្នាំ១៩៩៨ មកម្ល៉េះ គឺបន្ទាប់ពីបាត់បង់ការងារ និងឈ្មោះពីក្រសួងការពារជាតិ។
អតីតយោធិនពិការរូបនេះរំឭកពីប្រវត្តិថា លោកបានចូលបម្រើទ័ពនៃរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជារបស់លោក ហ៊ុន សែន កាលពីឆ្នាំ១៩៨៦ ផ្នែកវិទ្យុទាក់ទងថ្មើរជើងនៅខេត្តបន្ទាយមានជ័យ។ លោកថា នៅសម័យនោះ លោកគ្មានអត្តលេខ ឬប័ណ្ណទាហានទេ ព្រោះពេលនោះគឺចូលធ្វើទាហានភ្លាមក៏ចេញច្បាំងតែម្ដង។ នៅឆ្នាំ១៩៨៩ ខែមេសា ក្រុមលោកចេញច្បាំងនៅសមរភូមិស្វាយចេក ខេត្តបន្ទាយមានជ័យ។ «»
ក្រោយពីត្រូវរបួស លោកត្រូវបានបញ្ជូនទៅសង្គ្រោះនៅបន្ទាយបូសស្បូវ ស្រុកស្វាយចេក និងចុងក្រោយត្រូវបញ្ជូនតាមយន្តហោះមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកេតុមាលា ឬហៅថាពេទ្យទាហាន ក្រុងភ្នំពេញ ប៉ុន្តែជាអកុសល ភ្នែកទាំងពីររបស់លោកមិនអាចមើលឃើញអ្វីទាំងអស់ចាប់ពីពេលនោះមក។
នៅឆ្នាំ១៩៩០ លោក កឹម យ៉ាន សម្រេចទៅព្យាបាលភ្នែកនៅមន្ទីរពេទ្យក្នុងជំរំខៅអ៊ីដាងក្នុងទឹកដីថៃ ប៉ុន្តែ ជាអកុសលលោកនៅតែមិនអាចមើលឃើញដដែល។ លោកថា ពេលវិលចូលកម្ពុជាវិញ ក្រុមទាហានប្រឆាំងរដ្ឋាភិបាលមិនឲ្យលោកចូលស្រុកទេ ដែលឲ្យលោកសម្រេចទៅរស់នៅក្នុងជំរំសាយធូអស់រយៈពេល ៣ឆ្នាំ ទើបអាចចូលស្រុកវិញបាន។
នៅពេលមកដល់មាតុភូមិកំណើតវិញ ពោលគឺ ឆ្នាំ១៩៩៣ លោកបានសួរព័ត៌មានពីកន្លែងបើកប្រាក់ខែនៃយោធាខេត្តបន្ទាយមានជ័យ អ្នកកាន់ឯកសារប្រាប់ថា បាត់ឯកសារ ដែលតម្រូវឲ្យធ្វើឯកសារថ្មី។ ប៉ុន្តែលោកថា ទោះលោកបានបំពេញឯកសារតាមតម្រូវការក្ដី ក៏លោកនៅតែមិនអាចបើកប្រាក់ខែបានដដែល។ លោកថា តែងតែព្យាយាមទៅសាកសួរនៅកន្លែងបើកប្រាក់ខែ យ៉ាងហោចណាស់មួយឆ្នាំម្ដង ហើយរហូតដល់ឆ្នាំ១៩៩៦ លោកក៏សម្រេចចិត្តចាកចេញពីខេត្តបន្ទាយមានជ័យ ទៅរស់នៅខេត្តបាត់ដំបង ហើយក៏បានទៅសួរនាំរឿងប្រាក់ខែទៀតដែរ ព្រោះគ្មានជំនឿថានឹងទទួលបានប្រាក់ខែ។
ទោះពិការភ្នែក ប៉ុន្តែ លោក កឹម យ៉ាន មិនពិការចិត្តទេ លោកតែងតែងស្ដាប់ព័ត៌មាន និងស្វះស្វែងរកការជួយអន្តរាគមន៍ក្រសួងការពារជាតិ និងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែមិនដែលបានចម្លើយវិជ្ជមានត្រឡប់មកលោកវិញទេ។
ជុំវិញករណីបាត់ឈ្មោះ និងបាត់ប្រាក់លោក កឹម យ៉ាន នេះ អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត ប្រាប់ថា ក្រសួងអាចពិនិត្យ ឬសើរើបាន លុះត្រាលោក កឹម យ៉ាន មានអត្តលេខ ឬកាតទាហាន បើមិនដូច្នេះទេ ករណីនេះគឺជារឿងស្មុគស្មាញដែលពិបាកស្រាវជ្រាវ។ «»
ចំណែកអភិបាលរងខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី ដែលធ្វើការងារទាក់ទងអតីតយុទ្ធជន ថាលោកមិនបានដឹងករណីនេះទេ។ ប៉ុន្តែលោកទាមទារអតីតយោធិនពិការ លោក កឹម យ៉ាន ទាក់ទងអង្គភាពរបស់ខ្លួន។
ទោះលោក កឹម យ៉ាន គ្មានប័ណ្ណទាហាន ឬអត្តលេខក្ដី តែលោកនៅចងចាំយ៉ាងរត់មាត់នូវឈ្មោះបន្ទាយ និងឈ្មោះមេបញ្ជាការរបស់លោក។ លោកចាំបានថា កាលពីអំឡុងលោកបម្រើការងារយោធា មេបញ្ជាការយោធាខេត្តបន្ទាយមានជ័យ គឺកុយ ដោក ហើយមេបញ្ជាការរងយោធាខេត្តបន្ទាយមានជ័យ ឈឿន សារិត។ លោកថា បន្ទាយរបស់លោកនៅភូមិទឹកថ្លា ឃុំទឹកថ្លា ស្រុកសិរីសោភ័ណ។
បញ្ជាក់បន្ថែមពីការអះអាងរបស់ លោក កឹម យ៉ាន ពីឈ្មោះបន្ទាយ និងអង្គភាពរបស់ខ្លួនដូចនេះ អតីតមេបញ្ជាការយោធាខេត្តបន្ទាយមានជ័យ គឺលោក កុយ ដោក ឲ្យអាស៊ីសេរី ដឹងថា លោកនៅចាំយ៉ាងច្បាស់ថា ជនពិការឈ្មោះ កឹម យ៉ាន ពិតជាអតីតកូនទាហានរបស់លោកមែន។ លោកបញ្ជាក់ថា កាលដែលលោកជួបលោក កឹម យ៉ាន គឺអំឡុងឆ្នាំ២០០៣ ដែលកាលណោះលោកជាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា។ លោកថា មិននឹកស្មានថា មកដល់ពេលនេះទៅហើយ លោក កឹម យ៉ាន នៅតែវេទនាដូច្នេះទេ។
ទាក់ទងករណីលោក កឹម យ៉ាន គ្មានអត្តលេខ ឬប័ណ្ណទាហាន អតីតមេបញ្ជាការយោធាខេត្តបន្ទាយមានជ័យ លោក កុយ ដោក និយាយថា ដោយសម័យនោះជាជំនាន់សង្គ្រាមនៅមានសង្គ្រាមនៅឡើយ ដូច្នេះពេលខ្លះត្រូវជ្រើសរើសទ័ពភ្លាមៗ និងត្រូវបញ្ជូនទៅសមរភូមិភ្លាមៗ ដែលហេតុធ្វើឲ្យកងទ័ពខ្លះមិនមានអត្តលេខ ឬប័ណ្ណទាហាន។
រីឯ ប្រធានអង្គការជនពិការកម្ពុជា លោក ងិន សៅរ័ត្ន ឲ្យដឹងថា ក្នុងចំណោមជនពិការតែងតែមានជនពិការជាអតីតយុទ្ធជនដែលជួបបញ្ហា គ្មានប័ណ្ណទាហាន ឬបាត់អត្តលេខ។ លោកយល់ថា ក្រសួងការពារជាតិ និងក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន គួរមានការយោគយល់ដល់ជនពិការ ជាពិសេសជនពិការភ្នែកចំពោះការខ្វះខាតឯកសារបញ្ជាក់អត្តសញ្ញាណ។
លោក កឹម យ៉ាន ដែលសព្វថ្ងៃកំពុងរស់នៅក្នុងផ្ទះជួលក្នុងភ្នំពេញ ប្រាថ្នាចង់បានកន្លែងមានរស់នៅសមរម្យដូចពិការផ្សេងទៀត និងចង់កូនប្រុសរបស់លោក អាចរៀនសូត្រដល់មហាវិទ្យាល័យ ប៉ុន្តែ បើលោកនៅតែរស់នៅដូចសព្វថ្ងៃនេះ លោកគ្មានសង្ឃឹមថា កូនរបស់លោករៀនសូត្របានខ្ពង់ខ្ពស់នោះទេ៕