Clik here to view.

អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ឲ្យដឹងថា សភានៃប្រទេសឥណ្ឌូនេស៊ី នឹងលើកយករបៀបវារៈស្ដីពីការរំលាយគណបក្សសង្គ្រោះជាតិ និងការចាប់ឃុំខ្លួនលោក កឹម សុខា ប្រធានគណបកសង្គ្រោះជាតិ នៅក្នុងអង្គប្រជុំសភានៅថ្ងៃច័ន្ទ ទី១១ ខែធ្នូ ដើម្បីធ្វើសេចក្ដីសម្រេចមួយផ្ញើជូនទៅលោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា។
អ្នកស្រី មូរ សុខហួរ ឲ្យដឹងថា អ្នកស្រីបានជួបប្រជុំជាមួយអនុប្រធានឥណ្ឌូនេស៊ី លោកបណ្ឌិត ហ្វ៊េដលី ហ្សូន (Fadli Zon) នៅទីក្រុងហ្សាកាតា (Jakarta) កាលពីថ្ងៃទី៦ ធ្នូ ជជែកពីរដ្ឋាភិបាលធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង ការបិទអង្គការសង្គមស៊ីវិល និងការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ អ្នកស្រី មូរ សុខហួរ បញ្ជាក់ថា អ្នកស្រីបានស្នើទៅលោកអនុប្រធានរដ្ឋសភាឥណ្ឌូនេស៊ី សុំឲ្យរដ្ឋាភិបាលឥណ្ឌូនេស៊ី ក្នុងនាមជាសហប្រធានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កោះប្រជុំប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងនេះ ប្រជុំជាបន្ទាន់ បន្ទាប់ពីប្រធានគណបក្សកាន់អំណាច លោក ហ៊ុន សែន បានរំលាយគណបក្សសង្គ្រោះជាតិ ចាប់ខ្លួនលោក កឹម សុខា និងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះ។
ទន្ទឹមនឹងនេះ តំណាងរាស្ត្រពីខាងគណបក្សពលកររបស់ប្រទេសអូស្ត្រាលី លោក ម៉ាក បាត់លើរ (Mark Butler) ក៏បានថ្លែងនៅក្នុងរដ្ឋសភាសហព័ន្ធអូស្ត្រាលី កាលពីថ្ងៃពុធ ទី៦ ធ្នូ ដោយជំរុញឲ្យរដ្ឋាភិបាលអូស្ត្រាលីប្រើវិធានការម៉ឺងម៉ាត់មួយដើម្បីឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងលោក កឹម សុខា ជាបន្ទាន់ ដោយឥតលក្ខខណ្ឌ។
សំណើរបស់លោក ម៉ាក បាត់លើរ (Mark Butler) ធ្វើឡើងក្រោយពេលសហគមន៍ខ្មែរ ក្នុងប្រទេសអូស្ត្រាលី ៥០០នាក់ កាលពីថ្ងៃទី៥ ខែធ្នូ កន្លងទៅ រួមទាំងតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ អ្នកស្រី មូ សុខហួរ ផងនោះ បានជំរុញអោយរដ្ឋាភិបាលអូស្ត្រាលី អន្តរាគមន៍អោយមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នៅកម្ពុជា។
អ្នកស្រី មូរ សុខហួរ កាលពីថ្ងៃទី៥ ខែធ្នូ ក៏បានជួបរដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី អ្នកស្រី ជូលី ប៊ីហ្សប (Julie Bishop) ជជែកពីការរំលាយបក្សប្រឆាំងនេះដែរ។ អ្នកស្រី មូរ សុខហួរ អះអាងថា រដ្ឋមន្ត្រីការបរទេសនៅតែគាំទ្រកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ហើយថា កិច្ចព្រមព្រៀងនេះនៅតែមានសុពលភាពនៅឡើយ។ ជាងនេះទៅទៀត អ្នកស្រីរដ្ឋមន្ត្រីការបរទេសរូបនេះបញ្ជាក់ថា ប្រទេសអូស្ត្រាលី នឹងមិនទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជាឡើយ បើមិនមានវត្តមានគណបក្សប្រឆាំងក្នុងការបោះឆ្នោត ឆ្នាំ២០១៨ ទេនោះ៕