Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

លោក ហ៊ុន សែន ត្រូវ​បាន​ជ្រើសរើស​ជា​បេក្ខភាព​ពានរង្វាន់​សន្តិភាព​ខុងជឺ​របស់​ចិន

$
0
0

សារព័ត៌មាន Asian Correspondent រាយការណ៍​ថា មេដឹកនាំ​ផ្ដាច់ការ​ពីរ​រូប​នៅ​អាស៊ីអាគ្នេយ៍ ដែល​ល្បីឈ្មោះ​ខាង​រំលោភបំពាន​សិទ្ធិមនុស្ស តាមរយៈ​ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ និង​បំផ្លាញ​ប្រជាធិបតេយ្យ គឺ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​ប្រធានាធិបតី ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ពានរង្វាន់​សន្តិភាព​ខុងជឺ សម្រាប់​ឆ្នាំ​២០១៧។

ការប្រកាស​ជ្រើសរើស​លោក ហ៊ុន សែន ជា​បេក្ខភាព​ម្នាក់​សម្រាប់​ទទួល​បាន​ពានរង្វាន់​សន្តិភាព ខុងជឺុះដ៏​ចម្រូងចម្រាស​របស់​ប្រទេស​ចិន​ឆ្នាំ​២០១៧​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​រដ្ឋាភិបាល របស់​លោក​កំពុង​ទទួលរង​នូវ​ការរិះគន់ និង​ថ្កោលទោស​ឥត​ស្រាកស្រាន្ត​ពី​គ្រប់ទិសទី ក្រោយ​ពី​បាន​ធ្វើ​យុទ្ធនាការ​រម្លាយ​គណបក្ស​ប្រឆាំង​បាន​សម្រេច និង​គាស់​រម្លើង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា តាមរយៈ​ការ​បង្កើន​ការ​ធ្វើទុក្ខបុកម្នេញ មក​លើ​ក្រុម​សំឡេង​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា។

នៅ​មិន​បាន​មួយ​ខែ មុន​ការប្រកាស​អំពី​ការ​ជ្រើសរើស​លោក​ឲ្យ​ទទួល​បាន​ពានរង្វាន់​សន្តិភាព​នេះ លោក ហ៊ុន សែន ដែល​ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម និង​ជា​បុរស​ហិង្សា​និយម ធ្លាប់​បាន​និយាយ​ដោយ​មិន​អល់អែក​ថា ប្រសិនបើ​លោក​បាន​ដឹង​ជាមុន អំពី​ផែនការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​លោក​ខ្លួនឯង​ចោទ​ថា ជា​ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​តាមរយៈ​រូបភាព «បដិវត្ត​ពណ៌​» នោះ​លោក​នឹង​បញ្ជា​ឲ្យ​ក្រុម​របស់​លោក សម្លាប់​ក្រុម​អ្នកប្រឆាំង​ទាំងអស់​នោះ ចោល​តាំងតែ​ពី​ពេល​ដែល​ពួកគេ​បាន​ដឹកនាំ​ធ្វើបាតុកម្ម​នៅ​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៣ ដែល​មាន​រាប់​សែន​នាក់​ចូលរួម នៅ​កណ្ដាល​ក្រុងភ្នំពេញ​មក​ម្ល៉េះ។ លោក ហ៊ុន សែន បង្ហើប​ថា លោក​ទើបតែ​ទទួល​បាន​ព័ត៌មាន​ថា ក្រុម​បក្ស​ប្រឆាំង​បាន​កំណត់​យក​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៣ ជា​ថ្ងៃ​ផ្ដាច់​ព្រាត់​រំលំ​រដ្ឋាភិបាល​របស់លោក។ លោក ហ៊ុន សែន ថ្លែង​ក្នុង​ឋានៈ​ជា​នាយករដ្ឋមន្ត្រី​ថា លោក​ស្ដាយ​ណាស់​ដែល​លោក មិនបាន​សម្លាប់​អ្នក​ទាំងនេះ។

នេះ​មិនមែន​ជា​លើកទីមួយ​ទេ ដែល​មេដឹកនាំ​ផ្ដាច់ការ​រូប​នេះ និយាយ​ថ្លែង​ជា​សាធារណៈ​អួតអាង​តែ​ពី​រឿង​កាប់សម្លាប់​ពូជសាសន៍​ខ្មែរ​ខ្លួនឯង ដោយ​មិន​ខ្មាស​បរទេស នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ពាន់​នាក់​នេះ ខណៈ​ដែល​លោក​ត្រូវ​បាន​គេ​មើល​ឃើញ​ថា តែងតែ​ឱនលំទោន​នៅ​ចំពោះ​មុខ​បរទេស​ជាពិសេស​ប្រទេស​វៀតណាម ដែល​បាន​លើក​បន្តុប​លោក​ឲ្យ​ឡើង​កាន់​អំណាច កាលពីដើម​ទសវត្សរ៍​ទី​៨០។ កាលពី​មុន​ពេល​បោះឆ្នោត​ឃុំ​-​សង្កាត់ ខែ​មិថុនា ឆ្នាំ​២០១៧​កន្លងទៅ លោក ហ៊ុន សែន ក៏​ធ្លាប់​ថ្លែង​សារ​គំរាម​ជាច្រើនលើក​ច្រើន​សា​អំពី​សង្គ្រាម អំពី​រឿង​ក្ដារ​មឈូស និង​ថា​លោក​សុខចិត្ត​កម្ទេច​ក្រុម​ប្រឆាំង ១០០ ទៅ​២០០ នាក់ ប្រសិនបើ​ចាំបាច់ ដើម្បី​ការពារ​សន្តិភាព​សម្រាប់​ប្រជាជន​រាប់​លាន​នាក់។ «»

កាល​ពី​ពេល​ថ្មីៗ​នេះ​ទៀតសោត លោក ហ៊ុន សែន ទើបបាន​បញ្ជា​ឲ្យ​មន្ត្រី​ក្រោមបង្គាប់​របស់​លោក បាញ់​សម្លាប់​ក្មួយ​ប្រសា​លោក បើ​ហ៊ាន​ដៃ​ជាមួយ​សមត្ថកិច្ច​ក្នុង​ករណី​បង្ក្រាប​ល្បែង​ជល់​មាន់ ដែល​ករណី​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​បញ្ជា​ឲ្យ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​ពុំ​អនុញ្ញាត​ឲ្យ​មាន​ច្បាប់​ប្រហារជីវិត​នោះ។

ពានរង្វាន់​ដែល​ពិភពលោក​មិនសូវ​ស្គាល់ និង​ឲ្យ​តម្លៃ​ដ៏​ចម្រូងចម្រាស​នេះ អម​ជាមួយ​ទឹកប្រាក់ ១​ម៉ឺន ៥​ពាន់​ដុល្លារ​អាមេរិក ត្រូវ​បាន​ប្រគល់​ដោយ​ស្ថាប័ន​ឯកជន​មួយ បង្កើត​ឡើង​កាលពី​ឆ្នាំ​២០១០។ ដំបូង​ឡើយ ពានរង្វាន់​នេះ​ត្រូវ​បាន​បង្កើត​ឡើង ដោយ​សមាគម​សិល្បៈ​ជនជាតិ​ដើម​ភាគតិច​ចិន នៅ​ប្រទេស​ចិន។ អតីត​ប្រធាន​សមាគម​នេះ គឺ​លោក តាន់ ចាងលីវ (Tan Changliu) អះអាង​ថា ពានរង្វាន់​នេះ បង្កើត​មាន​ឡើង​ដើម្បី​លើកកម្ពស់​សន្តិភាព​ពិភពលោក ស្របតាម​ទស្សន​វិស័យ​របស់​ក្រុម​ប្រទេស​លោក​ខាងកើត។ ក៏ប៉ុន្តែ ការរៀបចំ​កម្មវិធី​ប្រគល់​ពានរង្វាន់​នេះ ត្រូវ​បាន​បិទ​ដោយ​ក្រសួង​វប្បធម៌​ចិន បង្ខំ​ឲ្យ​អ្នក​រៀបចំ​កម្មវិធី​នេះ ត្រូវ​ផ្លាស់​ទី​កន្លែង​ប្រគល់​ពានរង្វាន់​ទៅ​ទីក្រុង​ហុងកុង​វិញ។ សមាគម​នេះ បាន​ប្ដូរ​ឈ្មោះ​មក​ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ដើម្បី​សន្តិភាព​អន្តរជាតិ​របស់​ប្រទេស​ចិន ដោយ​បាន​ប្រគល់​ពានរង្វាន់​សន្តិភាព​នេះ ដល់​អ្នកនយោបាយ​ផ្ដាច់ការ​មួយ​ចំនួន​នៅ​លើ​ពិភពលោក ដែល​មាន​ទំនោរ​ទៅ​រក​ក្រុង​ប៉េកាំង។

កាលពី​ឆ្នាំ​២០១៥ អតីត​ប្រធានាធិបតី​ហ្ស៊ីមបាវ៉េ (Zimbabwe) លោក រ៉ូប៊ឺត ម៉ូហ្កាបេ (Robert Mugabe) ដែល​ទើប​ត្រូវ​បាន​ទម្លាក់​ចេញពី​អំណាច​ដោយ​ក្រុម​យោធា​របស់​លោក ហើយ​ត្រូវ​បាន​ពិភពលោក​ចោទ​ប្រកាន់​ថា បាន​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ក្នុង​អំឡុង​ពេល​ដឹកនាំ​ប្រទេស​រយៈពេល ៣៧ ឆ្នាំ​របស់​លោក។ ក្រុម​អ្នក​រៀបចំ​ប្រគល់​ពានរង្វាន់​នេះ បាន​លើកឡើង​អំពី​គុណសម្បត្តិ​របស់​លោក មូហ្កាបេ ក្នុង​ការ​ចូលរួម​ចំណែក​ដល់​សុខ សន្តិភាព​ក្នុង​ទ្វីប​អាហ្វ្រិក។ ក៏ប៉ុន្តែ ការ​ប្រគល់​ពានរង្វាន់​នេះ ទទួលរង​នូវ​ការរិះគន់​ពី​គ្រប់​ទិស​ទី​ពី​សហគមន៍​អន្តរជាតិ។ លោក មូហ្កាបេ បាន​បដិសេធ​មិន​ទទួលយក​ពានរង្វាន់​នេះ។

អតីត​ជ័យ​លាភី​ដទៃ​ទៀត​ដែល​ទទួល​ពានរង្វាន់​សន្តិភាព ខុងជឺ របស់​ប្រទេស​ចិន​នេះ ក៏​រួមមាន អតីត​ប្រធានាធិបតី ផ្ដាច់ការ​របស់​គុយបា លោក ហ្វីដែល កាស្រូ លោក​ប្រធានាធិបតី​រុស្ស៊ី លោក វល្លាដឺមីរ ពូទីន និង​ជនជាតិ​ចិន​មួយ​ចំនួន​ទៀត​។ សារព័ត៌មាន NPR របស់​អាមេរិក បាន​ហៅ​ពានរង្វាន់​នេះ​ថា​ជា ពានរង្វាន់​សន្តិភាព​ដែល​ពុំ​មាន​អ្នក​ចង់បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles