Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

នាយករដ្ឋមន្ត្រី​បង់ក្លាដេស​បញ្ចប់​ទស្សនកិច្ច​៣​ថ្ងៃ​នៅ​កម្ពុជា

$
0
0

ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​នាយករដ្ឋមន្ត្រី​បង់ក្លាដេស (Bangladesh) អ្នកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) រយៈពេល ៣​ថ្ងៃ នៅ​ថ្ងៃ​នៅ​កម្ពុជា បាន​បិទ​បញ្ចប់​ទៅ​ជាមួយ​នឹង​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង និង​អនុស្សរណៈ​នៃ​ការយោគយល់​លើ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី លើ​វិស័យ​សំខាន់ៗ​មួយ​ចំនួន។

ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​រូប​នេះ ត្រូវ​បាន​សារព័ត៌មាន​ក្នុងស្រុក​យក​ទៅ​ចុះផ្សាយ​យ៉ាង​ព្រោងព្រាត ហាក់​ចង់​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​គាំទ្រ​របស់​បរទេស​មក​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​បច្ចុប្បន្ន កំពុង​ទទួលរង​ការ​ថ្កោលទោស ឥត​ស្រាក​ស្រា​ន ពី​គ្រប់​មជ្ឈដ្ឋាន​នៅ​ជុំវិញ​ពិភពលោក។

ទាំង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ធ្វើ​ឡើង​នៅ​ក្រោយ​ជំនួប​ចរចា​ផ្លូវការ​ទ្វេភាគី រវាង​នាយករដ្ឋមន្ត្រី​កម្ពុជា និង​បង់ក្លាដេស​ទាំងពីរ កាលពី​ថ្ងៃ​ទី៤ ធ្នូ និង​ក្នុង​សេចក្ដីថ្លែងការណ៍​រួម ចុះ​ថ្ងៃ​ដដែល អំពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​នេះ នាយករដ្ឋមន្ត្រី​បង់ក្លាដេស អ្នកស្រី សេក្ខ ហាស៊ីណា មិន​បាន​លើក​ឡើង​ពី​បញ្ហា​វិបត្តិ​នយោបាយ និង​ការ​ធ្លាក់​ចុះ​ដុនដាប​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ផ្ទុយទៅវិញ ក្រៅពី​បាន​សម្ដែង​ការ​ពេញចិត្ត​ពេញ​ថ្លើម ចំពោះ​លទ្ធផល​ជា​ផ្លែផ្កា នៃ​ដំណើរ​ទស្សនកិច្ច​នេះ ដោយ​ហៅ​ប្រទេស​កម្ពុជា​ថា​ជា «មិត្ត​ជិតខាង​ដ៏​ជិតស្និទ្ធ» នាយករដ្ឋមន្ត្រី​បង់ក្លាដេស អ្នកស្រី សេក្ខ ហាស៊ីណា ថែមទាំង​បាន​កោតសរសើរ​ពេញៗ​មាត់ ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ថា​សម្រេច​បាន​ជោគជ័យ ក្នុង​ការ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ខ្ពស់ ឧស្សាហកម្ម ទេសចរណ៍​រឹងមាំ និង​ថា​បាន​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​គុណភាព​ជីវិត​រស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា។

សេចក្ដីថ្លែងការណ៍​រួម​រវាង​ភាគី​ទាំងពីរ​បញ្ជាក់​ថា កិច្ច​ចរចា​ផ្លូវការ កាល​ពី​ថ្ងៃ​ទី​៤ ធ្នូ ធ្វើឡើង​ក្នុង​បរិយាកាស​មិត្តភាព និង​ការយោគយល់​គ្នា​ទៅវិញទៅមក ហើយ​ថា ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​យ៉ាង​ស៊ីជម្រៅ​លើ​បញ្ហា​ជាច្រើន​ដ៏​ទូលំទូលាយ ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី តំបន់ និង​ពហុភាគី ដែល​ជា​ផលប្រយោជន៍​ទៅវិញទៅមក។ នាយករដ្ឋមន្ត្រី​ទាំងពីរ បាន​អះអាង​ជាថ្មី​នូវ​ការ​ប្ដេជ្ញា​ចិត្ត ធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​បង់ក្លាដេស ដែល​មាន​ឫសគល់​យ៉ាង​ជ្រៅ​ក្នុង​កេរដំណែល​រួម​នៃ​ប្រវត្តិសាស្ត្រ សាសនា វប្បធម៌ និង​អក្សរសាស្ត្រ នៃ​ប្រជាជាតិ​ទាំងពីរ។ ភាគី​ទាំងពីរ​ក៏បាន​គូស​បញ្ជាក់​ពី​ពាណិជ្ជកម្ម ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ថា​បាន​បន្ត​កើន​ឡើង​ដល់ ១២% ក្នុងអំឡុងពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ។

ក្រៅពី​បាន​សម្ដែង​ការ​ពេញចិត្ត​ចំពោះ​ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​ស្ដីពី​ពាណិជ្ជកម្ម​អង្ករ​កាលពី​ថ្ងៃ​ទី​២ សីហា ដែល​ប្រទេស​បង់ក្លាដេស​ឯកភាព​ទិញ​អង្ករ​ពី​កម្ពុជា​រហូតដល់ មួយ​លាន​តោន ភាគី​កម្ពុជា​សន្យា​ថា នឹង​ពិចារណា​នាំចូល​ផលិតផល​ពី​បង់ក្លាដេស មាន​ដូចជា បាវ​ក្រចៅ​គុណភាព​ល្អ​មិន​ប៉ះពាល់​បរិស្ថាន​១០០% សម្រាប់​ផ្ទុក​ស្រូវ​អង្ករ ឱសថ​ដែល​មាន​ការ​ទទួល ស្គាល់​នៅ​ទូទាំង​ពិភពលោក សម្ភារៈ​ប្រើប្រាស់​ធ្វើ​ពី​សេរ៉ាមិក ស្បែក​ក្រៀម និង​ស្បែក​សម្រេច ជាដើម។ ដោយឡែក សម្រាប់​ភាគី​បង់ក្លាដេស​វិញ ក៏​សន្យា​ថា នឹង​ពិចារណា​នាំចូល​ផលិតផល​កសិកម្ម​របស់​កម្ពុជា មាន​ដូចជា​ពោត ម្រេច ដំឡូង​ក្រៀម និង​គ្រាប់ស្វាយចន្ទី​ជាដើម។ អនុស្សរណៈ​នៃ​ការយោគយល់​ចំនួន​៩ និង​កិច្ចព្រមព្រៀង​ចំនួន​១ ត្រូវ​បាន​ភាគី​ទាំងពីរ​ចុះហត្ថលេខា ជា​ផ្លូវការ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ក្នុង​នោះ​ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិការ និង​កិច្ចសហការ​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចរភាព​រហូតដល់​ឆ្នាំ​២០៣០ កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ វិស័យ​ទេសចរណ៍ វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន និង​គមនាគមន៍ វិស័យ​វារីវប្បកម្ម និង​នេសាទ វិស័យ​សិក្សា​ស្រាវជ្រាវ ការ​អភិរក្ស​ប្រវត្តិសាស្ត្រ​សង្គ្រាម បូជនីយដ្ឋាន​សង្គ្រាម និង​កេរដំណែល​សង្គ្រាម ម៉ូដែល​សម្រាប់​កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​ចំណុះ​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​ចម្រុះ ការ​ជំរុញ​ការ​វិនិយោគ និង​កិច្ចព្រមព្រៀង​ស្ដីពី​សហប្រតិបត្តិការ​រវាង​សភា​ពាណិជ្ជកម្ម​កម្ពុជា និង​បង់ក្លាដេស។

ជាមួយ​គ្នា​នេះ​ដែរ ប្រទេស​កម្ពុជា ក៏បាន​ប្រកាស​គាំទ្រ​សំណូមពរ និង​គំនិត​ផ្ដួចផ្ដើម​របស់​ប្រទេស បង់ក្លាដេស ដើម្បី​អនុញ្ញាត​ឲ្យ​ប្រទេស​នេះ​អាច​ចូលរួម ក្លាយ​ជា​ដៃគូ​សន្ទនា​តាម​វិស័យ​របស់​អាស៊ាន និង​ជា​ដៃគូ​ក្នុង​វេទិកា​សហប្រតិបត្តិការ​មេគង្គ-គង្គារ។

សារព័ត៌មាន​បង់ក្លាដែស ដាកា ទ្រីប្យ៊ូន (Dhaka Tribune) បាន​ចេញ​ផ្សាយ​បទ​វិចារណកថា កាលពី​ថ្ងៃ​ទី​០៤ ធ្នូ ដោយ​ដាក់​ចំណងជើង​ថា «មិត្ត​នៅ​កម្ពុជា»។ សារព័ត៌មាន​នេះ​បាន វាយតម្លៃ​អំពី​ទំនាក់ទំនង​រវាង​បង់ក្លាដេស និង​កម្ពុជា ថា​ផ្ដល់​នូវ​សក្ដានុពល​យ៉ាង​ច្រើន​សម្រាប់​ប្រទេស​ទាំងពីរ។ ដោយ​ផ្ចុងផ្ដើម​ឲ្យ​មាន​នូវ​ការ​ពួត​ផ្ដុំ​កម្លាំង​រវាង​ប្រទេសជាតិ​ទាំងពីរ​នេះ សារព័ត៌មាន​នេះ​សរសេរ​ថា ប្រទេស​បង់ក្លាដេស​អាច​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន ហើយ​បង្កើត​នូវ​ឱកាស​កាន់​តែ​ច្រើន និង​កាន់តែ​ប្រសើរ​ឡើង​សម្រាប់​ប្រជាពលរដ្ឋ​របស់​ខ្លួន ដែល​នេះ​អាច​ជា​ជំហាន​ដំបូង​មួយ​យ៉ាង​សំខាន់ ដើម្បី​ឲ្យ​ប្រទេស​បង់ក្លាដេស អាច​បន្ត​ទៅ​រឹតចំណង​កាន់តែ​ជិតស្និទ្ធ​ជាមួយ​នឹង​បណ្ដា​ប្រទេស​អាស៊ាន​ដទៃ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles