Quantcast
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​នៅ​ខេត្ត​ត្បូងឃ្មុំ​ត្អូញត្អែរ​ពី​ការ​លំបាក​ប្រកបមុខរបរ​ដោយ​សារ​អស្ថិរភាព​នយោបាយ

Image may be NSFW.
Clik here to view.

ប្រជា​សហគមន៍ នៅ​តាម​តំបន់​មួយ​ចំនួន​ក្នុង​ខេត្ត​ត្បូងឃ្មុំ លើកឡើង​ពី​បញ្ហា​ប្រឈម​ផ្សេងៗ ក្នុង​ការ​ប្រកប​មុខ​របរ​ប្រចាំថ្ងៃ ដោយសារ​អស្ថិរភាព​នយោបាយ។ ការ​លើកឡើង​នេះ ដោយសារ​អាជីវកម្ម តម្លៃ​ផលិតផល​កសិកម្ម​របស់​ពួកគាត់ រដ្ឋ​មិនសូវ​បាន​គិតគូរ​នោះ​ឡើយ។ ពលរដ្ឋ​អះអាង​ថា បញ្ហា​ទាំងនេះ​កើត​ឡើង ចាប់​តាំងពី​មានការ​ចាប់ខ្លួន​មេ​បក្ស​ប្រឆាំង ហើយ​ឈាន​ដល់​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​មក។

ប្រជា​សហគមន៍​រស់នៅ​ក្នុងស្រុក​មេមត់ បារម្ភ​ថា ប្រសិនបើ​ស្ថានភាព​នយោបាយ​គ្មាន​លំនឹង ហើយ​មាន​សភាព​អាក្រក់​បែបនេះ មិនបាន​វិលត្រឡប់​ទៅ​រក​ភាព​ប្រសើរ​វិញ​ទេ ថ្ងៃក្រោយ​ទៅ ពលរដ្ឋ​នឹង​កាន់តែ​ពិបាក​រស់នៅ ពិសេស​ពិបាក​ក្នុង​ការ​ប្រកប​មុខរបរ​ប្រចាំថ្ងៃ​តែម្ដង។

ពួកគាត់​អះអាង​ថា មិន​ត្រឹមតែ​ការ​ប្រកប​មុខរបរ​ជួប​ការ​លំបាក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សូម្បី​ស្ថានភាព​សន្តិសុខ​ផ្ទាល់ខ្លួន ពេលខ្លះ​ក៏​ត្រូវ​ប្រឈម ឬ​ភិតភ័យ​ដោយសារ​មានការ​ឃ្លាំមើល​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន។

អាជីវករ​លក់ដូរ​គ្រឿង​ទេស​នៅ​ឃុំ​ត្រ​មូង ម្នាក់​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​និយាយ​ថា ការ​លក់ដូរ​ទំនិញ​របស់​ពួកគាត់​បច្ចុប្បន្ន​ត្រូវ​ប្រឈម​បញ្ហា​ផ្សេងៗ ដោយសារ​លក់​មិន​ដាច់។ ជាក់ស្ដែង​កាល​ពីមុន​មានការ​ចាប់ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះជាតិ និង​មុន​ការ​រំលាយ​គណបក្សប្រឆាំង​មួយ​នេះ លោក​អាច​លក់​បាន​ជាង ២០​ម៉ឺន ទៅ ៣០​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ ប៉ុន្តែ​បច្ចុប្បន្ន​លក់​មិនបាន ១០​ម៉ឺន​រៀល​ផង​ក្នុង​មួយថ្ងៃ។ ប្រភព​ដដែល អះអាង​ទៀត​ថា បញ្ហា​នេះ​មិនមែន​កើតឡើង​ចំពោះ​គ្រួសារ​លោក​នោះ​ទេ ប៉ុន្តែ​អាជីវករ​ក្នុង​ផ្សារ​មេមត់ ព្រមទាំង​ប្រជាកសិករ​ផង ក៏បាន​ត្អូញត្អែរ​ពី​ស្ថាន​ភាព​លំបាក​នេះ​ដែរ​៖ «បញ្ហា​ហ្នឹង​វា​ធំ តែម្ដង​រឿង​នយោបាយ​ហ្នឹង​ធំ​ហ្មង។ អាហ្នឹង​គេ​មិនទាន់​ផ្ដាច់​សេដ្ឋកិច្ច​អី​ផង ប៉ុណ្ណឹង ទម្រាំ​គេ​ផ្ដាច់​ទៀត​ទៅជា​យ៉ាងណា?»

វិបត្តិ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា ចាប់ផ្ដើម​កើតឡើង​ខ្លាំង​ក្រោយពេល​រដ្ឋាភិបាល​បំបាត់​សំឡេង​ឯករាជ្យ ហើយ​កម្លាំង​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា កាលពី​ថ្ងៃទី៣ កញ្ញា ដោយ​ចោទប្រកាន់​ពី​បទ​ក្បត់ជាតិ តាម​ប្រសាសន៍​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ចុងក្រោយ គឺ​ការ​ចាប់ខ្លួន​អតីត​បុគ្គលិក​អាស៊ីសេរី​ពីរ​រូប និង​ការ​រំលាយ​ចោល​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្សប្រឆាំង​ដ៏​ធំ​ជាង​គេ​នៅ​កម្ពុជា ហើយ​ហាមឃាត់​មន្ត្រី​គណបក្ស​មួយ​នេះ​ជាង ១០០​រូប​មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ ព្រមទាំង​យក​អាសនៈ​តំណាងរាស្ត្រ និង អាសនៈ​ថ្នាក់ក្រោម​ជាតិ ទៅ​បែងចែក​ឱ្យ​គណបក្ស​ផ្សេងទៀត។

ប្រជា​សហគមន៍​មួយ​រូប​ទៀត រៀបរាប់​ថា ខ្សែ​ចង្វាក់​ផលិតកម្ម ឬ​សេដ្ឋកិច្ច​នៅ​មូលដ្ឋាន​របស់​គាត់​គឺ​ដំណើរការ​មិន​បាន​ល្អ ដូច​កាលពី​មិនទាន់​ចាប់​មេ​គណបក្ស​ប្រឆាំង និង​រំលាយ​គណបក្ស​មួយ​នេះ​ទេ។ លោក​បន្ថែម​ថា ផលិតផល​កសិកម្ម​របស់​ពលរដ្ឋ ដូចជា ដំឡូង ពោត ជ័រកៅស៊ូ ចុះថោក​បណ្ដាល​ឱ្យ​ពួកគាត់​បាត់បង់​ប្រាក់ចំណូល ដូច្នេះ​ការចាយវាយ​ក៏​មិន​ដូច​កាលពីមុន​ដែរ។ លើស​ពី​នេះ លោក​សង្កេត​ឃើញ​ថា ការ​បញ្ចេញមតិ និង​ការ​ដើរ​ហើរ​របស់​ពលរដ្ឋ គឺ​មាន​ការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ច្រើនជាង​កាលពីមុន៖ «សម្រាប់​ខ្ញុំៗ ព្រួយបារម្ភ​ខ្លាំង​មែនទែន សម្រាប់​សុវត្ថិភាព ពិសេស​ជាងគេ​ប្រជាពលរដ្ឋ​ដែល​ហ៊ាន​បញ្ចេញមតិ​រិះគន់​ទៅលើ​មន្ត្រី​រាជរដ្ឋាភិបាល និង​រិះគន់​ទៅលើ​សង្គម និង​មានការ​គំរាមកំហែង​ដល់​អាយុជីវិត និង​ការ​ចាប់​ដាក់គុក​ជាដើម»

ទាក់ទង​បញ្ហា​នេះ អភិបាលស្រុក​មេមត់ លោក ចេង ប៊ុណ្ណារ៉ា មិនទាន់​ឆ្លើយតប​យ៉ាងណា​នៅឡើយ​ដោយ​លោក​ថា​ជាប់រវល់ ហើយ​ចុច​ផ្ដាច់​ទូរស័ព្ទ​តែម្ដង។

កន្លងមក លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​អះអាង​ថា ប្រទេស​កម្ពុជា គ្មាន​វិបត្តិ​នយោបាយ​ទេ គឺ​មាន​តែ​អ្នកនយោបាយ​មាន​វិបត្តិ​ប៉ុណ្ណោះ។ ជាង​នេះ​ទៀត លោក​បាន​រុញ​ការ​ទទួលខុសត្រូវ​ទៅ​ឱ្យ​គណបក្ស​ប្រឆាំង នៅ​ពេល​បរទេស​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​មក​លើ​ប្រទេស​កម្ពុជា​ទៀត​ផង។

ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន មាន​ប្រសាសន៍​ថា បញ្ហា​ប្រឈម​ទាំងនេះ​ពិតជា​កើតឡើង​ចំពោះ​កសិករ និង​អាជីវករ ព្រមទាំង​អ្នក​វិនិយោគ​ក្នុង​ការ​រកស៊ី​ប្រចាំថ្ងៃ​ប្រាកដ​មែន ដោយសារតែ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន។ ជាង​នេះ​ទៀត បញ្ហា​ប្រឈម​នឹង​កាន់តែ​កើន​ឡើង ពិសេស​កសិករ​ដែល​ជំពាក់​បំណុល​ធនាគារ ឬ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​តែម្ដង៖ «មួយវិញទៀត​អ្នកជំនួញ​គ្រប់​ប្រភេទ ចង់​មិន​ចង់ នៅ​ពេល​គាត់​ឃើញ​ស្ថានភាព​នយោបាយ​មិនសូវ​ល្អ ក៏ដូចជា​ទំនាស់​នយោបាយ​កើតឡើង គាត់​មិនសូវ​ហ៊ាន​វិនិយោគ ឬ​ក៏​មិនសូវ​ហ៊ាន​ទិញ​ដែរ ពីព្រោះ​ខ្លាច​មាន​បញ្ហា​ដោយ​ប្រការ​ណាមួយ»

មន្ត្រី​សង្គម​ស៊ីវិល​ដដែល​បារម្ភ​ថា ប្រសិន​បើ​ស្ថានភាព​នេះ មិន​បាន​វិលត្រឡប់​ទៅ​រក​ភាពប្រសើរ​ទេ ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​នឹង​កើតមាន​សម្រាប់​កម្ពុជា ពី​សំណាក់​បណ្ដា​ប្រទេស​ដែល​បញ្ជា​ទិញ​ផលិតផល​ពី​ស្រុក​ខ្មែរ។ លោក​យល់ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រាជរដ្ឋាភិបាល​ត្រូវ​កែសម្រួល​បរិយាកាស​នយោបាយ​និង រក្សា​ទំនាក់ទំនង​ការទូត​ឱ្យ​បាន​ប្រសើរ​ឡើងវិញ។ លើកទឹកចិត្ត​ដល់​កសិករ និង​គាំទ្រ​ដល់​ពួកគាត់​ក្នុង​ការ​រក​ទីផ្សារ​លក់​ផលិតផល ព្រមទាំង​បង្កើន​ថវិកាជាតិ​លើ​វិស័យ​កសិកម្ម​ដើម្បី​ជួយ​កសិករ ពិសេស​ធានា​សន្តិសុខ​ក្នុង​ការ​រស់នៅ​ជូន​ពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles