Quantcast
Viewing all articles
Browse latest Browse all 11174

ការ​ចិញ្ចឹម​ជ្រូក​ក្នុង​ស្រុក​ប្រឈម​មុខ​ខាត​បង់​ខណៈ​ការ​នាំ​ចូល​យ៉ាង​អនាធិបតេយ្យ​ពី​ប្រទេស​ជិត​ខាង

Image may be NSFW.
Clik here to view.

សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា​បារម្ភ​ថា កសិដ្ឋាន និង​ការ​ចិញ្ចឹម​ជ្រូក​តាម​ទ្រុង​ជា​លក្ខណៈ​គ្រួសារ របស់​ពលរដ្ឋ​កម្ពុជា ប្រឈម​ការ​បិទទ្វារ ការ​ខាតបង់​ខ្ពស់ ដោយសារ​បច្ចុប្បន្ន​ការ​នាំចូល​សាច់​ជ្រូក​យ៉ាង​អនាធិបតេយ្យ​ពី​ប្រទេសជិតខាង ពិសេស​គឺ​ការ​នាំចូល​ជ្រូក​ពី​ប្រទេស​វៀតណាម។

ក្រុម​អ្នក​ចិញ្ចឹម​ជ្រូក ត្អូញត្អែរ​ថា ជ្រូក​ដែល​ពួកគាត់​ចិញ្ចឹម​បាន គ្មាន​ទីផ្សារ សម្រាប់​លក់​នៅ​ក្នុង​ស្រុក​នោះ​ទេ ដោយសារ ការ​នាំចូល​ជ្រូក​ពី​ប្រទេស​ជិតខាង ចូល​មក​កម្ពុជា គ្មាន​អាជ្ញាប័ណ្ណ និង​គ្មាន​ការ​ត្រួត​ពិនិត្យ​ត្រឹមត្រូវ ដែល​នាំ​ឲ្យ​ជ្រូក​ក្នុងស្រុក​គ្មាន​ទីផ្សារ​សម្រាប់​លក់។

តំណាង​ប្រជាពលរដ្ឋ​ក្រុម​អ្នក​ចិញ្ចឹម​ជ្រូក​លក្ខណៈ​គ្រួសារ អ្នកស្រី ឃួន ណារី បាន​រៀបរាប់ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ធ្នូ​ថា បច្ចុប្បន្ន​នេះ ពួកគាត់​ជា​អ្នក​ចិញ្ចឹម​ជ្រូក ខាតដើម​ស្ទើរតែ​រាល់ថ្ងៃ ដោយសារ​តែ​ជ្រូក មាន​តែ​តម្លៃ​ជាង ៥​ពាន់​រៀល​ក្នុង​១​គីឡូ។ តម្លៃ​នេះ អ្នក​ចិញ្ចឹម​ជ្រូក អះអាង​ថា ធ្វើ​ឲ្យ​ពួកគាត់​ខាតដើម ក្នុង​ជ្រូក​មួយ​ក្បាល​ពី ១០​ម៉ឺន ទៅ​១៥​ម៉ឺន​រៀល។ អ្នកស្រី​អះអាង​ថា បើ​ទោះ​ជា​ដឹង​ថា ខាតដើម ក្រុម​អ្នក​ចិញ្ចឹម​ជ្រូក គ្មាន​ជម្រើស​អ្វី​ក្រៅពី​លក់ ឲ្យ​ឈ្មួញ​នោះ​ទេ ព្រោះ​ពួកគាត់ នឹង​គ្មាន​លទ្ធផល​ក្នុង​ការ​សងបំណុល​ធនាគារ​ឡើយ ប្រសិនបើ​មិន​ទ្រាំ​លក់​ជ្រូក​ក្នុង​តម្លៃ​ថោក​ជាង​ជ្រូក នាំចូល​ពី​ប្រទេស​វៀតណាម​នោះ។ «»

ការ​លើក​ឡើង​ពី​កង្វល់​របស់​ក្រុម​អ្នក​ចិញ្ចឹម​ជ្រូក ធ្វើឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ស្ដីពី «ការ​នាំ​ចូល​ដោយ​អនាធិបតេយ្យ ពី​ប្រទេសជិតខាង និង​ផល​ប៉ះពាល់​អ្នក​ចិញ្ចឹម​ជ្រូក ដោយសារ​តម្លៃ​ជ្រូក​រស់​ធ្លាក់​ចុះ» នៅ​ទីស្នាក់ការ​សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា ស្ថិតនៅ​សង្កាត់​វាលស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​នា​ថ្ងៃ​ទី​០៤ ខែ​ធ្នូ ឆ្នាំ​២០១៧។

អនុប្រធាន​សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា លោក ជេត ភារម្យ អះអាង​ថា កសិដ្ឋាន​ចិញ្ចឹម​ជ្រូក ទាំង​លក្ខណៈ​គ្រួសារ និង​លក្ខណៈ​ឧស្សាហកម្ម​នៅ​កម្ពុជា កំពុងតែ​ប្រឈម​មុខ នឹង​ការ​បិទទ្វារ​កសិដ្ឋាន និង​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌក ដោយសារ​ការ​នាំចូល​ជ្រូក​ដ៏​ច្រើន​ពី​ប្រទេស​ជិតខាង និង​តម្លៃ​ជ្រូក​រស់នៅ​កម្ពុជា​ធ្លាក់​ថ្លៃ​ខ្លាំង។

លោក ជេត ភារម្យ ព្រមាន​ថា បើ​នៅ​តែ​ពុំ​មាន​វិធានការ​ឲ្យ​មាន​ប្រសិទ្ធភាព និង​ទាន់​ពេល​វេលា ពី​សំណាក់​អាជ្ញាធរ ក្នុង​ការ​ទប់ស្កាត់ ការ​នាំចូល​ជ្រូក​ខុសច្បាប់ ពី​ប្រទេស​ជិត​ខាង មក​លក់​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ កសិដ្ឋាន​ចិញ្ចឹម​ជ្រូក ជាច្រើន​នៅ​កម្ពុជា​នឹង​ត្រូវ​បិទទ្វារ​ជា​បន្តបន្ទាប់។ អនុប្រធាន​សមាគម​អ្នក​ចិញ្ចឹម​សត្វ អះអាង​ថា ជ្រូក​នៅ​កម្ពុជា មានគុណ​ភាព មិន​ចាញ់​ជ្រូក​នាំចូល​នោះ​ទេ។ «»

សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​កម្ពុជា​អះអាង​ថា បាន​ផ្ញើ​លិខិត​ជា​បន្តបន្ទាប់​ទៅ​ក្រសួង​កសិកម្ម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ជាដើម ដើម្បី​ជួប​ទប់ស្កាត់​ការ​នាំចូល​ជ្រូក ពី​ប្រទេសជិតខាង ខណៈ​ដែល​សមាគម​មួយ​នេះ រក​ឃើញ​ថា ជ្រូក​ដែល​នាំចូល​រាល់ថ្ងៃ លើស​ពី​គោល​ការ​កំណត់​របស់​ក្រសួងកសិកម្ម ដោយ​កំណត់​ត្រឹម ១.២៥០​ក្បាល​ក្នុង​១​ថ្ងៃ។ ប៉ុន្តែ លិខិត​ទាំងនោះ ហាក់​មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក វេង សាខុន កាលពី​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៧ បាន​ដាក់​ចេញ​នូវ​លក្ខខណ្ឌ​ចំនួន ៦​ចំណុច សម្រាប់​ឲ្យ​ក្រុមហ៊ុន និង​អាជីវករ នាំចូល​សត្វ​រស់ សាច់​សត្វ និង​ផលិតផល​សត្វ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​កម្ពុជា ទប់ស្កាត់​លំហូរ​សត្វ និង​សាច់​សត្វ​ពី​ក្រៅ​ប្រទេស ចំនួន ៦​លក្ខខណ្ឌ​ដូចជា​៖ ត្រូវ​ជា​ក្រុមហ៊ុន​ស្របច្បាប់ ដែល​បាន​ចុះបញ្ជី​ពាណិជ្ជកម្ម និង​មាន​ប័ណ្ណ​ប៉ាតង់​នៅ​មាន​សុពលភាព។ ត្រូវ​មាន​ទីតាំង​ប្រមូល​ផ្តុំ សត្វ​នៅ​ចំណុច​ដើមទី និង​ចំណុច​ចុង​ទី ដែល​ទទួលស្គាល់​ដោយ​សមត្ថកិច្ច​ជំនាញ នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ។ ត្រូវ​មាន​កិច្ចសន្យា​ផ្គត់ផ្គង់​សត្វ​រស់ ឬ​សាច់​សត្វ ឬ​ផលិតផល​សត្វ​ពី​កសិដ្ឋាន ឬ​ក្រុមហ៊ុន​ស្រប​ច្បាប់ នៃ​ប្រទេស​នាំ​ចេញ។ ត្រូវ​អនុវត្ត​តាម​ប្រកាស ចុះ​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០០៨ ស្ដីពី​បែបបទ នៃ​ការ​ត្រួត​ពិនិត្យ​អនាម័យ​សត្វ និង​ផលិតផល​មាន​ដើមកំណើត ពី​សត្វ​ក្នុងស្រុក។ ត្រូវ​ចុះ​កិច្ចសន្យា​បច្ចេកទេស​ជាមួយ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ និង​ត្រូវ​ធានា​អនុវត្ត កិច្ចសន្យា​នេះ ឲ្យ​បាន​ត្រឹមត្រូវ​តាម​ស្តង់ដារ​បច្ចេកទេស។ ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ​ត្រួតពិនិត្យ​ប្រភព​ដើម​នៃ​សត្វ​រស់ សាច់​សត្វ និង​ផលិតផល​សត្វ។

អ្នក​ជំនាញ​ផ្នែក​កសិកម្ម លោក​បណ្ឌិត យ៉ង សាំងកុមារ ទទួល​ស្គាល់​ថា ជ្រូក​នៅ​ក្នុង​ស្រុក​ធ្លាក់​ថ្លៃ គឺ​ដោយសារតែ​លំហូរ​ចូល​នៃ​ជ្រូក​នាំចូល​ពី​ប្រទេសជិតខាង​ច្រើនពេក។ អ្នក​ជំនាញ​ផ្នែក​កសិកម្ម​រូប​នេះ ថា រដ្ឋាភិបាល​គួរ​ប្រើ​យុទ្ធសាស្ត្រ​ដៃ​ម្ខាង​បិទ​ការ​នាំចូល​ជ្រូក​ពី​ក្រៅ​ប្រទេស ដៃ​ម្ខាង​ទៀត​គឺ​ការ​បំពេញ​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក ឲ្យ​បាន​គ្រប់គ្រាន់។ «»

ក្រុម​អ្នក​ចិញ្ចឹម​ជ្រូក​អះអាង​ថា ប្រសិនបើ​រដ្ឋាភិបាល​មាន​វិធានការ​រឹត​បន្តឹង​ការ​នាំចូល​ជ្រូក ពួកគេ​មានលទ្ធភាព​គ្រប់គ្រាន់ ក្នុង​ការ​ចិញ្ចឹម​ជ្រូក ផ្គត់​ផ្គង់​ទីផ្សារ​ក្នុងស្រុក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles