Quantcast
Viewing all articles
Browse latest Browse all 11174

ខ្មែរ​នៅ​អូស្ត្រាលី​គ្រោង​ធ្វើ​មហា​បាតុកម្ម​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា

Image may be NSFW.
Clik here to view.

ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​អូស្ត្រាលី​ប្រមាណ​ពី ៤០០ ទៅ ៥០០​នាក់ គ្រោង​ធ្វើ​មហា​បាតុកម្ម​មួយ​នៅ​ថ្ងៃទី៥ ខែ​ធ្នូ នៅ​ខាង​មុខ​អាគារ​វិមាន​រដ្ឋសភា​របស់​ប្រទេស​អូស្ត្រាលី ក្នុង​រដ្ឋធានី​កង់ប៊ែររ៉ា (Canberra) ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល របស់​ប្រទេស​មួយ​នេះ ស្វែងរក​ការ​ដោះលែង​លោក កឹម សុខា និង​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​ក្រុងភ្នំពេញ ឲ្យ​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

លោក ជា យូហ៊ន ប្រធាន​សហព័ន្ធ​ខ្មែរ​អូស្ត្រាលី​សាជីវកម្ម និង​ជា​អភិបាលក្រុង​​គ្រីត ដង់ដឺណង់ (Great Dangdenong) នៃ​រដ្ឋ​វីតូរីយ៉ា (Victoria) ដែល​ទើប​ជាប់ឆ្នោត​ថ្មី ថ្លែងប្រាប់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី៣ ខែ​ធ្នូ ថា សហព័ន្ធ​របស់​លោក​ជា​អ្នកដឹកនាំ​ធ្វើបាតុកម្ម​នេះ​ដោយ​ផ្ទាល់។

លោក ជា យូហ៊ន ជឿជាក់​ថា ស្ថានការណ៍​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា នឹង​មាន​ភាព​ប្រែប្រួល ប្រសិនបើ​មាន​សម្ពាធ​ពី​រដ្ឋាភិបាល​ប្រទេស​ម្ចាស់​ជំនួយ​ធំៗ រួម​ទាំង​ប្រទេស​អូស្ត្រាលី​ជាដើម ដោយ​តម្រូវ​ឲ្យ​រដ្ឋាភិបាល​ក្រុងភ្នំពេញ ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា គោរព​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស និង​ធានា​ឲ្យ​បាន​នូវ​ការ​គោរព​លទ្ធិប្រជាធិបតេយ្យ តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី យុត្តិធម៌ ត្រឹមត្រូវ និង​សុច្ចរិត។ ក្រៅពីនោះ លោក​ក៏​ទាមទារ​ឲ្យ​មានការ​បង្កក​ទ្រព្យសម្បត្តិ​របស់​មន្ត្រី​ពុករលួយ និង​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​ក្រុម​មន្ត្រី​ខិលខូច​ទាំងនោះ ដែល​យក​លុយ​មក​បណ្ដាក់​ទុន ឬ​រកស៊ី​ក្នុង​ប្រទេស​អូស្ត្រាលី​នេះ។ «»

លោក ជា យូហ៊ន បន្ត​ថា ការ​ធ្វើ​បាតុកម្ម​នេះ នឹង​ក្លាយ​ជា​សារ​មួយ​ប្រាប់​ដល់​សភា​សហព័ន្ធ​អូស្ត្រាលី ឲ្យ​ពិចារណា​រាល់​ការ​ទាមទារ​ទាំងនេះ ហើយ​តម្រូវ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី អនុវត្ត​នូវ​ការ​ដាក់​វិធានការណ៍​ជា​ទណ្ឌកម្ម​ជាក់ស្ដែង​នានា ក្នុង​គោលនយោបាយ​ការបរទេស​របស់​ខ្លួន​នា​ពេល​ខាងមុខនេះ។

លោក ជា យូហ៊ន អំពាវនាវ​ឲ្យ​បងប្អូន​ជនរួមជាតិ​ខ្មែរ​ទាំងអស់ ដែល​កំពុង​រស់នៅ​តាម​បណ្ដា​រដ្ឋ​នានា​ក្នុង​ប្រទេស​អូស្ត្រាលី ចូលរួម​ក្នុង​បាតុកម្ម​នេះ​ឲ្យ​បាន​ច្រើន​កុះករ ដោយ​ត្រូវ​មក​ចុះឈ្មោះ​នៅ​ទីស្នាក់ការ​សមាគម​ខ្មែរ ដែល​មាន​អាសយដ្ឋាន​លេខ 52 Queens Ave, ទីក្រុង ស្ព្រីងវែល (Springvale) រដ្ឋ​វិចតូរីយ៉ា។ លោក​ថា ក្រុម​បាតុករ​នឹង​ធ្វើ​ដំណើរ​ដោយ​រថយន្ត​ចេញពី​វត្ត​ពុទ្ធរង្សី មែលប៊ន នៅ​យប់​ថ្ងៃ​ចន្ទ ទី​៤ ខែ​ធ្នូ​នេះ៕

សូម​ស្ដាប់​បទសម្ភាសន៍​បន្ថែម​របស់​លោក តាំង សារ៉ាដា និង​លោក ជា យូហ៊ន ដូច​តទៅ៖

ស្ដាប់​សំឡេង

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles