
ក្រុមប្រតិកម្មព័ត៌មាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃសៅរ៍ ទី២ ខែធ្នូ នេះ បានអះអាងថា សមាសភាពថ្មីរបស់ គ.ជ.ប ចំនួនបីនាក់ដែលនឹងត្រូវជំនួសអតីតមន្ត្រី គ.ជ.ប ៣រូប ដែលបានលាលែងពីតំណែងនោះ នឹងមិនផ្លាស់ប្ដូរជំហរ គ.ជ.ប ដែលប្រកាន់ជំហរឯករាជ្យ អព្យាក្រឹត និងយុត្តិធម៌។
សមាសភាពថ្មី ៣រូបរបស់ គ.ជ.ប នោះ ពីររូបមកពីគណបក្សដែលមិនបានជាប់ឆ្នោតកាលពីការបោះឆ្នោតឆ្នាំ២០១៣ និងម្នាក់ទៀតត្រូវបានគេមើលឃើញថា ជាមនុស្សរបស់គណបក្សកាន់អំណាច។ សេចក្ដីប្រកាសព័ត៌មាន គ.ជ.ប ដែលសរសេរស្រដៀងទៅនឹងសេចក្ដីថ្លែងការណ៍របស់ក្រុមប្រតិកម្មរហ័សរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីនោះ ក៏បានព្រមានពលរដ្ឋជុំវិញផលវិបាកនៃការធ្វើបដិវត្តន៍ពណ៌។
ក្រុមប្រតិកម្មព័ត៌មានរបស់ គ.ជ.ប បានពន្យល់ពីរបៀបនៃការស្វែងយល់ខ្លឹមសាររបស់បដិវត្តន៍ពណ៌តាមអ៊ីនធឺណិត។ ក្រុមនេះអះអាងថា បើពលរដ្ឋយល់ពាក្យបដិវត្តន៍ពណ៌នោះ ខ្មែរនឹងរកឃើញពន្លឺដែលអាចជួយកម្ពុជា ឲ្យជៀសផុតពីគ្រោះថ្នាក់។ ទោះបីក្រុមប្រតិកម្មព័ត៌មានរបស់ គ.ជ.ប បន្តអះអាងពីឯករាជភាពរបស់ គ.ជ.ប ក៏ដោយ ក៏ប្រទេសម្ចាស់ជំនួយកម្ពុជា បានបង្ហាញពីការអស់ជំនឿទុកចិត្តលើ គ.ជ.ប បន្តិចម្តងៗ។ សហរដ្ឋអាមេរិក បានផ្ដាច់ជំនួយទៅ គ.ជ.ប ដើម្បីសម្ដែងការប្រឆាំងនឹងការរម្លាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា៕