ប្រធានសហជីពកម្មករ ព្រមានពីភាពវឹកវរក្នុងវិស័យរោងចក្រកាត់ដេរ នៅពេលអន្តរជាតិឈប់អនុគ្រោះពន្ធនាំចេញសម្លៀកបំពាក់ ប្រសិនបើអ្នកនយោបាយខ្មែរនៅតែបណ្ដែតបណ្ដោយឲ្យស្ថានការណ៍នយោបាយសព្វថ្ងៃគ្មានដំណោះស្រាយបែបនេះ។
បញ្ហាវឹកវរធំដែលនឹងអាចកើតមានជាយថាហេតុ នៅពេលឆាប់ៗខាងមុខនេះ ត្រូវបានតំណាងសហជីពកម្មករមើលឃើញថា នឹងប៉ះពាល់យ៉ាងខ្លាំងដល់វិស័យឧស្សាហកម្មកាត់ដេរ។
ប្រធានសហជីពកម្មករលោក អាត់ ធន់ បញ្ជាក់ថា ពេលដែលមានទណ្ឌកម្មសេដ្ឋកិច្ច ថៅកែរោងចក្រមិនដាច់បាយស្លាប់នោះទេ គឺគ្រាន់តែខាតចំណេញមិនបានធ្វើសេដ្ឋី និងរក្សាចំណូលកប់ក្តោងដដែល។ ប៉ុន្តែ អ្នកដែលលំបាកវេទនាបំផុត គឺកម្មករជិតមួយលាននាក់ និងអ្នកទទួលផលពីវិស័យកាត់ដេរនេះជិតពីរលានផ្សេងទៀត៖ «ហើយអ្វីដែលជាបញ្ហាធំបំផុតនោះគឺកម្មករភាពច្រើនសុទ្ធតែខ្ចីលុយធនាគារ ក្នុងគោលបំណងប្រើប្រាស់សម្រាប់ការងារមួយចំនួន និងការងារផ្ទាល់ខ្លួនរបស់គាត់។ គាត់ពឹងពាក់ទាំងស្រុងលើចំណូលពីការងារក្នុងវិស័យឧស្សាហកម្មកាត់ដេរនេះ។ នេះជាឧបសគ្គ និងហានិភ័យ ព្រោះការជំពាក់ធនាគារ អាចឈានទៅដល់ការរឹបអូសទ្រព្យរបស់គាត់»។
អតីតប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា ឯណោះវិញ ក៏យល់មិនខុសពីនេះដែរ។ លោក ជា មុនី សមាជិកក្រុមប្រឹក្សាឃ្លាំមើលពហុវិស័យនៅកម្ពុជា ប្រមើលឃើញភាពកើតកលិយុគ ប្រសិនបើនៅតែទុកស្ថានការណ៍បែបសព្វថ្ងៃ ឲ្យនៅគ្មានដំណោះស្រាយដូច្នេះ។ លោកជឿថា នៅពេលកម្មករបាត់ប្រាក់ចំណូលប្រចាំថ្ងៃ ដែលជាប្រភពតែមួយគត់សម្រាប់ផ្គត់ជីវភាពគ្រួសារ ពួកគាត់ច្បាស់ជាក្រោកតវ៉ា លែងខ្លាចការបង្ក្រាប លែងខ្លាចស្លាប់អ្វីទាំងអស់៖ «ពេលដែលអត់បាយអត់ទឹក គឺមនុស្សអាចផ្តុំគ្នាមូលគ្នាតាមផ្លូវ។ ពេលដែលគាត់អត់ គាត់លែងខ្វល់ បើគាត់ជំពាក់គេដល់ក គាត់លែងខ្លាចស្លាប់ បើសង្គ្រាមក៏មិនខ្លាច គាត់លែងស្តាប់អ្នកណាទាំងអស់។ មិនមែនមនុស្សម្នាក់ទេ គឺមនុស្សរាប់លាននាក់ ដែលផ្ទុះបាតុកម្មនេះ»។
ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនខ្វល់ពីការគម្រាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់សហគមន៍អន្តរជាតិនេះទេ ព្រោះលោកអះអាងថា កម្ពុជាបច្ចុប្បន្ន មិនដូចកម្ពុជា កាលពីប្រមាណ ៣០ឆ្នាំមុននោះឡើយ។ ថ្លែងនៅចំពោះកម្មកររោងចក្រកាត់ដែររាប់ពាន់នាក់នៅសង្កាត់ភ្នំពេញថ្មី កាលពីថ្ងៃទី២២ ខែវិច្ឆិកា លោក ហ៊ុន សែន បញ្ជាក់ថា កាលពីមុនកម្ពុជា រងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជុំទិសម្តេចរស់បាន ចុះឥឡូវនេះម្តេចរស់មិនបាន៖ «ការសម្លាប់សេដ្ឋកិច្ចរបស់កម្ពុជា វាមិនមែនងាយស្រួលដូចបកចេកនោះទេ។ ពិតមែនតែកម្លាំងយើងតូច យើងក៏ជាប្រភពទីផ្សាររបស់គេដែរ»។
កំណើនសេដ្ឋកិច្ចកម្ពុជា ពឹងអាស្រ័យយ៉ាងខ្លាំងទៅលើការនាំចេញផលិតផលវិស័យកាត់ដេរ ដែលទីផ្សារធំបំផុតរបស់កម្ពុជា ក្នុងវិស័យនេះ គឺសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក។ ជាង ៦០% នៃការនាំចេញផលិតផលវិស័យវាយនភ័ណ្ឌរបស់កម្ពុជា ទៅពិភពលោក គឺនាំចេញទៅទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលមានទំហំទឹកប្រាក់ប្រហែល ៦ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ ការរីកលូតលាស់វិស័យកាត់ដេរ និងរោងចក្រនៅកម្ពុជា ក៏ដោយសារតែការអនុគ្រោះពន្ធពីសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកនេះដែរ។ ប៉ុន្តែ ដោយសារតែរដ្ឋាភិបាលលោក ហ៊ុន សែន ធ្វើទុក្ខបុកម្នេញលើគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា យ៉ាងសន្ធាប់ ទើបប្រទេសទាំងនោះព្រមានកាត់ផ្តាច់ការអនុគ្រោះពន្ធនេះ។
ទោះជាយ៉ាងនេះក្តី លោក ហ៊ុន សែន ហាក់ដូចជាខំប្រឹងបង្ហាញភាពមិនខ្លាចការគំរាមនេះ។ នៅចំពោះមុខកម្មកររោងចក្ររាប់ពាន់នាក់នៅកោះពេជ្រ នៅថ្ងៃទី១៩ ខែវិច្ឆិកា លោកថែមទាំងហ៊ានគំរាមបកទៅសហគមន៍អន្តរជាតិ ឲ្យដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកម្ពុជា ទៀតផង៖ «អ្នកឯងបិទលមើល! អ្នកឯងបិទ អ្នកឯងត្រូវទទួលខុសត្រូវចំពោះមុខវិស័យឯកជនរបស់អ្នកឯង ដែលបានចុះកុងត្រាទិញរួចហើយ។ អ្នកឯងបិទ បិទជានយោបាយ ប៉ុន្តែ អនុវត្តមិនបានទេ»។
លោក ហ៊ុន សែន ថា បើនៅទីបំផុតសហគមន៍អន្តរជាតិ នៅតែហ៊ានដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើកម្ពុជា មែន កំហុសគឺធ្លាក់ទៅលើបក្សប្រឆាំងដែលលោកអះអាងថា ប៉ិនខាងដើរប្រកូកប្រកាសឲ្យបរទេសផ្តាច់ជំនួយ និងដាក់ទណ្ឌកម្មខ្មែរ។ ប៉ុន្តែ ការលើកឡើងបែបនេះ ត្រូវបានមន្ត្រីបក្សប្រឆាំងច្រានចោលទាំងស្រុង។ មន្ត្រីគណបក្សសង្គ្រោះជាតិ ថាទង្វើលោក ហ៊ុន សែន និងគណបក្សកាន់អំណាចឯណោះទៅវិញទេ ដែលកំពុងនាំប្រទេសកម្ពុជា ឲ្យស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ និងឯកោពីពិភពលោក។
ទាំងលោក អាត់ ធន់ និងលោក ជា មុនី សុទ្ធតែយល់ឃើញដូចគ្នាថា ការដាក់ទណ្ឌកម្មណាមួយគឺវាផ្សាភ្ជាប់គ្នាទៅទង្វើរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោក អាត់ ធន់ ស្នើឲ្យអ្នកនយោបាយខ្មែរងាកមករកការចរចាគ្នារវាងខ្មែរនិងខ្មែរ ដើម្បីឲ្យមានដំណោះស្រាយនយោបាយសមស្របមួយ ចៀសវាងការដាក់ទណ្ឌកម្មពីអន្តរជាតិណាមួយ៖ «ប្រសិនបើគណបក្សធំៗទាំងពីរអាចជជែកគ្នារវាងខ្មែរ និងខ្មែរតែមួយ ដើម្បីបញ្ចប់បញ្ហាទាំងអស់ហ្នឹង និងឈានទៅការរៀបចំស្រុកទេសយើងឲ្យបានប្រសើរឡើងវិញ និងមានស្ថិរភាព នោះគឺជាការប្រសើរមែនទែន»។
លោក ជា មុនី ក៏ស្នើឲ្យលោក ហ៊ុន សែន ពិចារណាឡើងវិញនូវចំណាត់ការទាំងឡាយរបស់លោកដើម្បីកុំឲ្យប្រវត្តិសាស្ត្រចារទុកនូវទង្វើអាក្រក់របស់នាយករដ្ឋមន្ត្រី៖ «បើនាយករដ្ឋមន្ត្រីផ្លាស់ប្តូរអារម្មណ៍ ផ្លាស់ប្តូរចិត្ត ធ្វើឲ្យអន្តរជាតិគេសប្បាយចិត្ត និងទុកចិត្តគាត់ នោះឧស្សាហកម្មកាត់ដេរ នឹងដំណើរការល្អ។ បើស្ថានការណ៍ដុនដាប កើតកលិយុគ រដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវទទួលខុសត្រូវក្នុងប្រវត្តិសាស្ត្រ»។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) នៅថ្ងៃសុក្រ ទី១ ខែធ្នូ នេះ បានអំពាវនាវឲ្យអ្នកទិញកុំបញ្ឈប់ការទិញសម្លៀកបំពាក់ និងទំនិញក្រោមការអនុគ្រោះពន្ធ។ ចំណែកឯក្រុមប្រឹក្សាសហជីពកម្ពុជា ក៏បានសរសេរលិខិតកាលពីថ្ងៃទី២៩ ខែវិច្ឆិកា សុំជួបឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដោយសំណូមពរឲ្យអាមេរិក កុំបញ្ឈប់ការទិញផលិតផលសម្លៀកបំពាក់កាត់ដេរ និងស្បែកជើង រួមទាំងផលិតផលផ្សេងៗទៀតពីកម្ពុជា ចូលទីផ្សារសហរដ្ឋអាមេរិក។
អ្នកវិភាគព្យាករថា បើស្ថានការណ៍នយោបាយបច្ចុប្បន្ន មិនធូរស្រាល ប្រទេសកម្ពុជា នឹងចៀសមិនផុតការរងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនោះឡើយ៕