Quantcast
Viewing all articles
Browse latest Browse all 11174

សមាជិក​ក្រុមប្រឹក្សា​បក្ស​ប្រឆាំង​នៅ​ខេត្ត​ភាគ​ពាយ័ព្យ​ប្រកាន់​ជំហរ​ជា​ថ្មី​ថា​នៅ​តែ​ស្មោះស្ម័គ្រ​ម្ចាស់​ឆ្នោត

Image may be NSFW.
Clik here to view.

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ប្រកាន់​ជំហរ​ជា​ថ្មី​ថា ពួកគាត់​នៅ​តែ​ស្មោះស្ម័គ្រ​ជា​មួយ​គណបក្ស​របស់​ខ្លួន​​ជានិច្ច​ បើ​ទោះ​បី​ជា​ស្ថានការណ៍​នយោបាយ​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​​យ៉ាង​ណា​ក៏ដោយ។ ទន្ទឹម​គ្នា​នេះ​មន្ត្រី​បក្ស​ប្រឆាំង​នៅ​​​ខាងក្នុង​ប្រទេស​ពួកគាត់​ហាក់​​រក្សា​ភាព​ស្ងៀមស្ងាត់​ដោយ​​​​​ពុំ​បាន​ធ្វើ​សកម្មភាព​នយោបាយ​ណា​មួយ​នោះ​ឡើយ។

​​​​​​​​សមាជិក​ក្រុម​ប្រឹក្សា​​គណបក្ស​ប្រឆាំង​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​លើក​ឡើង​ថា បើ​ទោះ​បី​ជា​ពួក​គាត់​មិន​បាន​ធ្វើ​សកម្មភាព​នយោបាយ ដើម្បី​តប​ទល់​ជា​មួយ​គូប្រកួត​ក្ដី​​ ក៏​ប៉ុន្តែ​នៅ​ក្នុង​បេះដូង​របស់​ពួកគាត់​មិន​ទៅ​ណា​ឆ្ងាយ​ពី​ប្រជាពលរដ្ឋ​ឡើយ។

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ប៉ៃលិន លោក ឃឹម ប៉ុន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩ វិច្ឆិកា​ថា ចាប់​តាំង​ពី​ស្ថានការណ៍​នយោបាយ​ឡើង​កម្ដៅ​ខ្លាំង ហើយ​តុលាការ​បាន​​រំលាយ​គណបក្ស​របស់​លោក ​រហូត​មក​ទល់​ថ្ងៃ​ទី​២៩ វិច្ឆិកា គឺ​​ពុំ​ទាន់​មាន​សមាជិក​ក្រុម​ប្រឹក្សា​​គណបក្ស​​ណា​ម្នាក់​ទៅ​​មួយ​គណបក្ស​កាន់​អំណាច​នៅ​ឡើយ​ទេ។ លោក​អះអាង​ទៀត​ថា​ សកម្មជន​គណបក្ស​លោក​បាន​នាំ​គ្នា​ទៅ​ធ្វើ​ស្រែ​ធ្វើ​ចំការ​មួយ​រយៈ ដោយ​រង់ចាំ​បញ្ជា​ពី​ថ្នាក់​ដឹក​នាំ​គណបក្ស​ដើម្បី​បន្ត​ជីវិត​​នយោបាយ​ឲ្យ​រស់​រវើក​ទៅ​មុខ​ទៀត។

លោក ឃឹម ប៉ុន៖ «សប្បាយចិត្ត​ចំពោះ​កិច្ចការ​ទាំង​ឡាយ​ណា​ដែល​មាន​ដំណោះ​ស្រាយ​នយោបាយ​ឡើង​វិញ ហើយ​ជា​ជំហរ​របស់​យើង​មិន​មាន​ការ​តក់ស្លុត​អី​ទេ​ ខ្ញុំ​គិត​ថា មិន​អាច​អត់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ទេ​ ហើយ​គណបក្ស​នៅ​តែ​មាន​ក្នុង​ចលនា​នយោបាយ​របស់​កម្ពុជា​ ព្រោះ​ជា​ឆន្ទៈ​របស់​ពលរដ្ឋ​ប្រហែល​ពាក់កណ្ដាល​ប្រទេស​ទៅ​ហើយ»

ចំណែក​ឯ​​សមាជិក​ក្រុម​ប្រឹក្សា​គណបក្ស​ប្រឆាំង​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេង​ទៀត ដូច​ជា​នៅ​ខេត្ត​សៀមរាប កំពង់ចាម ស្វាយរៀង​ បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ ជាដើម គឺ​ពួកគាត់​នៅតែ​ប្រកាន់​ជំហរ​ថា ពួកគាត់​មាន​សាមគ្គីភាព​ក្នុង​សមាជិក​រឹងមាំ​​​ជា​និច្ច បើ​ទោះ​បី​ជា​កន្លង​មក​មាន​អ្នក​ទៅ​រួម​រស់​ជា​មួយ​គណបក្ស​កាន់​អំណាច​ខ្លះ​ក៏ដោយ។

រីឯ​ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​បន្ទាយមានជ័យ លោក សោ ចាន់ដេត អះអាង​ថា សព្វ​ថ្ងៃ​សកម្មភាព​អូសទាញ​សមាជិក​គណបក្ស​លោក​ឲ្យ​ចុះចូល​គណបក្ស​កាន់​អំណាច​នោះ​ ហាក់​មាន​ស្ងប់ស្ងាត់​ជាង​ពេល​មុនៗ។ ទន្ទឹម​គ្នា​លោក​អះអាង​ទៀត​ថា​ សមាជិក​គណបក្ស​មិន​អាច​ធ្វើ​សកម្មភាព​នយោបាយ ដើម្បី​ពង្រឹង​គណបក្ស​បាន​ទេ ពី​ព្រោះ​ខ្លាច​អាជ្ញាធរ​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​ពួកគាត់ ត្បិត​អី​សព្វ​ថ្ងៃ​អាជ្ញាធរ​បាន​តាម​ដាន​ឃ្លាំមើល​សកម្មភាព​របស់​ពួកគាត់​ជា​រៀងរាល់​ថ្ងៃ៖ «ប៉ុន្តែ​ទឹកចិត្ត​ពួកគាត់​អត់​ទេ​នៅ​ធម្មតា ប៉ុន្តែ​គ្រាន់​តែ​ថា​អ្វី​ណា​ដែល​យើង​ធ្លាប់​បញ្ចេញ​ទស្សនៈ​យើង​អត់​មាន​ធ្វើ​អី​ទេ​ ជៀសវាង​គេ​ចោទ​ប្រកាន់​យើង ពីព្រោះ​រាល់​ថ្ងៃ​ ចង់​មិន​ចង់​ទោះ​បី​យើង​ថា​ច្បាប់​យ៉ាង​ម៉េច​យ៉ាង​ណា ប៉ុន្តែ​យើង​នៅ​ក្នុង​ប្រទេស​នេះ​ ដូច្នេះ​យើង​ត្រូវ​តែ​គោរព​ហើយ​ បើ​យើង​មិន​គោរព​គេ​ចាប់​យើង​ដាក់​គុក​អស់​ហើយ»

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា​ ការ​ប្ដេជ្ញា​ចិត្ត​របស់​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ​គឺ​ជា​សិទ្ធិ​របស់​មន្ត្រី​គណបក្ស​ប្រឆាំង ដោយ​​លោក​មិន​ចាប់​អារម្មណ៍​ចំពោះ​ការ​ប្រកាន់​ជំហរ​ស្មោះស្ម័គ្រ​របស់​មន្ត្រី​ទាំង​នោះ​ឡើយ៖ «មាន​អ្នក​ណា​គេ​បិទ​សិទ្ធិ​គាត់​ គាត់​ចង់​ជឿ​ចង់​នៅ​ប្រកាស​ខ្លួន​ឯង​នៅ​យ៉ាង​ម៉េច​ក៏​នៅ​ទៅ​​ បញ្ហា​សំខាន់​ថា​តើ​ការ​ប្រកាស​នឹង​មាន​ការ​ទទួល​ស្គាល់​ពី​ស្ថាប័ន​រដ្ឋ​ជា​ផ្លូវ​ការ ឬ​អត់​ គ្រាន់​តែ​ប្រកាស​ខ្លួន​ឯង​ដើរ​ប្រកាស​យ៉ាង​ម៉េច ប៉ុន្មាន​ថ្ងៃ​ទៀត​ក៏​ប្រកាស​បាន​ដែរ​ វា​អត់​មាន​បញ្ហា​អី​ទេ»

​​​​​​​​​​​​​​​​​​​​​​​​​​​កាល​ពី​ថ្ងៃ​ទី​២៨ វិច្ឆិកា ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​​អ្នកស្រី មូរ សុខហួរ ដែល​បាន​បង្ហោះ​ឃ្លិប​វីដេអូ​ប្រហែល ៥​នាទី​ នៅ​ក្នុង​ហ្វេសប៊ុក (FaceBook) របស់​លោក សម រង្ស៊ី ដោយ​បញ្ជាក់​ជំហរ​លោក​កឹម សុខា នៅ​តែ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដដែល​ ហើយ​អ្នកស្រី​ក៏​បាន​អះអាង​ថា ថ្នាក់​ដឹក​នាំ​គណបក្ស​នៅ​ក្រៅ​ប្រទេស​នឹង​សម្រួល​ឲ្យ​មាន​ការ​ទាក់ទង​គ្នា​រវាង​​សមាជិក​ខាង​ក្នុង​ប្រទេស​ឲ្យ​បាន​ងាយ​ស្រួល​ជាង​មុខ​ ដើម្បី​បន្ត​ជីវិត​នយោបាយ​ទៅ​មុខ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles