
ពលរដ្ឋរស់នៅខែត្រភាគឦសាន និងអ្នកប្រើប្រាស់បណ្ដាញសង្គម មួយចំនួនសំដែងការមិនពេញចិត្តចំពោះការបែងចែកអាសនៈរដ្ឋសភា របស់គណបក្សសង្គ្រោះជាតិ ទៅឲ្យគណបក្ស នយោបាយ ផ្សេងដែលពលរដ្ឋមិនបានបោះឆ្នោតឲ្យ។ ពលរដ្ឋមួយចំនួនចាត់ទុក ការបែងចែងអាសនៈនេះ ជាការជាន់ឈ្លីរដ្ឋធម្មនុញ្ញ និងមើលងាយ ដល់ឆន្ទៈពលរដ្ឋខ្មែរកន្លះនគរ។
ពលរដ្ឋរស់នៅខែត្រស្ទឹងត្រែង ក្រចេះ និងខែត្រមណ្ឌលគិរី យល់ឃើញស្រដៀងៗគ្នាថា ពួកគេមិនសប្បាយចំពោះការបែងចែកអាសនៈរដ្ឋសភាជាតិ ឲ្យបក្សនយោបាយផ្សេង ដែលពលរដ្ឋមិនបាន បោះ ឆ្នោតគាំទ្រនោះទេ។ ពួកគាត់ចាត់ទុកការបែងចែកអាសនៈ របស់រដ្ឋាភិបាលថា ជាការរំលោភបំពានធ្ងន់ធ្ងរដល់ប្រព័ន្ធច្បាប់នៅកម្ពុជា ទាំងរដ្ឋធម្មនុញ្ញ ច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ/សង្កាត់ និងច្បាប់បោះឆ្នោត។ លើសពីនេះពលរដ្ឋចង់ឲ្យអ្នកកត់ត្រាប្រវត្តិសាស្ត្រជាតិកត់ត្រាទុកសម្រាប់កូនខ្មែរជំនាន់ក្រោយ ពីរបៀបគ្រប់គ្រងរដ្ឋរបស់លោក ហ៊ុន សែន ដែលប្រើអំណាចជ្រុលនិយម រំលោភច្បាប់ធ្ងន់ធ្ងរ និងមើលងាយឆន្ទៈពលរដ្ឋកន្លះនគរ។
ពលរដ្ឋរស់នៅខែត្រស្ទឹងត្រែង ថ្លែងសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងនៅថ្ងៃទី២៩ វិច្ឆិកា ថា ពួកគាត់ព្រួយបារម្ភខ្លាំងពីរលកនយោបាយបច្ចុប្បន្ននេះ នៅគ្រាដែលរដ្ឋាភិបាលធ្វើទុក្ខបុកម្នេញ ធ្ងន់ធ្ងរដល់បក្សប្រឆាំង មានសំឡេងគាំទ្រប្រហាក់ប្រហែលគ្នា។ លើសពីនេះ ការបែងចែកអាសនៈរដ្ឋសភារបស់បក្សប្រឆាំង ទៅឲ្យបក្សនយោបាយផ្សេង ដែលពលរដ្ឋមិនបានបោះឆ្នោតឲ្យ គឺជាវិបត្តិសង្គមធ្ងន់ធ្ងរ បំពានរដ្ឋធម្មនុញ្ញ ក្នុងបំណងក្រាញ់អំណាច៖ «អត់ទទួលទេ សម្តេចតេជោគាត់ធ្វើជោរពេក លើសលប់ពេកតែឯង ខ្ញុំមិនអាចទទួលបាន។ ធ្វើហ្នឹងមិនសមរម្យហើយលួចរបស់គេ។ គណបក្សផ្សេងៗ ដូចហ៊្វុនស៊ិនប៉ិច ម៉ែអើយ គេឲ្យអាសនៈមុខរីកដូចគ្រាប់ជញ្ជាំងវិហារ តែប្រយ័ត្នចុងក្រោយតែគេឲ្យហើយ វាមិនខុសអីស៊ីរបស់គេ តែស៊ីរបស់គេមានតម្លៃហើយ អញឲ្យរបស់ឯងទៅប្រើ ម្ដេចក៏ឯងធ្វើមិនត្រូវរឿងវាអ៊ីចឹង។ ខ្ញុំយល់ឃើញថា ការយកអាសនៈបក្សប្រឆាំង យកទៅបែងចែកឲ្យបក្សផ្សេងជារឿងយុត្តិធម៌បំផុតសម្រាប់ពលរដ្ឋ។ អត់សប្បាយចិត្តយកអាសនៈរបស់បក្សប្រឆាំងយកទៅបែងចែក ខ្ញុំអត់ទទួលស្គាល់តំណាងរាស្ត្រដែលរើសក្រោយហ្នឹងដែរ»។
អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook) មួយចំនួនបានសរសេរបង្ហោះ ប្រតិកម្មចំពោះការបែងចែកអាសនៈនេះ។ អ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ Hun Dara សរសេរថា អ្នកបែងចែងអាសនៈ និងអ្នកទទួលយកអាសនៈរបស់គេ ដោយមិនមានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិមានន័យថា ប្លន់ ខុសច្បាប់ ដូចនេះអ្នកបែងចែក និងអ្នកទទួល គឺមានទោសស្មើគ្នា។
ចំណែកហ្វេសបុក ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ សរសេរថា៖ អាត្មាសូមប្រកាសមិនទទួលស្គាល់តំណាងចោរហារយប្លន់ឆន្ទៈពលរដ្ឋខ្មែរ តែអាត្មាទទួលស្គាល់ពេញទំហឹងថា ពួកនេះជាតំណាងឱ្យក្រុមប្រវត្តិសាស្ត្របំផ្លាញជាតិខ្មែរ។ រីឯហ្វេសបុកឈ្មោះ Vanna សរសេរថា ច្បាប់អ្វីៗក៏ជាច្បាប់ ចែកអាសនៈគ្នាក៏ជាច្បាប់ ច្បាប់ប្លន់គេក៏នៅក្រោមច្បាប់ ចេះធ្វើចោរយូរៗទៅស្ទាត់ជំនាញ អាចធ្វើចោរស្របច្បាប់បានទៀត។
ឆ្លើយតបការលើកឡើងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងថា ការបែងអាសនៈនេះ គឺផ្អែកតាមច្បាប់ត្រឹមត្រូវ បើអាសនៈតំណាងរាស្ត្រអនុវត្តតាមច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ រីឯក្រុមប្រឹក្សាឃុំ/សង្កាត់អនុវត្តទៅតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ដោយមិនអាចផ្អែកលើមតិពលរដ្ឋ ១០នាក់ លម្អៀងខាង នយោបាយណាមួយនោះទេ៖ «មិនអាចរកមតិបងប្អូនដែលចេះតែលើកឡើងទៅតាមការយល់ឃើញ ខាងនយោបាយយ៉ាងម៉េចៗទេ ហើយយើងមិនអាចយកមតិមនុស្ស ១០នាក់ធ្វើអ៊ីចឹង។ មានតែយកគោលការណ៍ច្បាប់ទេ ហើយរដ្ឋយើងជារដ្ឋឯករាជអធិបតេយ្យ យើងធ្វើអីគឺគោរពតាមច្បាប់»។
រដ្ឋធម្មនុញ្ញមាត្រា ៧៦ចែងថា រដ្ឋសភាមានសមាជិកយ៉ាងតិច ១២០រូប។ តំណាងរាស្ត្រត្រូវជ្រើសតាំងដោយការបោះឆ្នោតសកល ដោយសេរី ស្មើភាព ដោយចំពោះ និងតាមនីតិវិធីជ្រើសរើសឆ្នោតជាតិសម្ងាត់។
មន្ត្រីជាន់ខ្ពស់អង្គការខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស យល់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ និងការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រ គឺធ្វើឡើងតាមរយៈពលរដ្ឋ ពុំមែនចាត់តាំង ដោយបក្សនយោបាយណាមួយនោះទេ ក៏ប៉ុន្តែប្រសិនបើមានបុគ្គលផ្សេងយកអាសនៈរបស់បក្សផ្សេងមកចែកឲ្យបក្សនយោបាយ ណាមួយទៀតនោះ គឺជាទង្វើក្បត់ឆន្ទៈពលរដ្ឋ។
លោកថា អ្នកនយោបាយគួរតែយល់អារម្មណ៍ពលរដ្ឋដែលជ្រើសរើសតំណាងរបស់ខ្លួន ក្នុងរដ្ឋសភា និងក្រុមប្រឹក្សាឃុំ/សង្កាត់ តាមរយៈការបោះឆ្នោត ក៏ប៉ុន្តែ បែរជាតំណាងរបស់ខ្លួនត្រូវបានគេបណ្ដេញទៅវិញ៖ «ការវាយតម្លៃរបស់គាត់ គាត់អាចមានសិទ្ធិ។ មិនអាចមានប្រសាសន៍ ១០នាក់ មិនអាចមានន័យចឹងទេ មនុស្សជាង ៣លាន់នាក់ មួយបញ្ចេញមតិ តែមួយមិនបញ្ចេញមតិ។ គួរតែយល់ពីទឹកចិត្តរបស់ពលរដ្ឋ តែអារម្មណ៍របស់គាត់យ៉ាងម៉េច»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថ្មីៗនេះ បានសម្រេចយកអាសនៈសភារបស់គណបក្សសង្គ្រោះជាតិដែលពលរដ្ឋបោះឆ្នោតអោយចំនួន ៥៥ ទៅបែងចែកអោយគណបក្សតូចៗមិនជាប់ ឆ្នោតចំនួន៣ និងគណបក្សប្រជាជនកម្ពុជា។
ចំណែកពលរដ្ឋសម្ដែងកង្វល់ថា តំណាងរាស្ត្រថ្មី ដែលគេលើកបន្តុបនេះ គ្មានសមត្ថភាពតម្រង់ទិសរដ្ឋាភិបាល ពីចំណុចខ្វះខាតឲ្យប្រសើរឡើយ រួមមានភាពអសកម្មរបស់មន្ត្រីថ្នាក់ជាតិ ដល់ក្រោមជាតិ ទប់ស្កាត់បទល្មើសព្រៃឈើ និងអំពើពុករលួយជាដើម៕