Clik here to view.

មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសបារាំង អំពាវនាវឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន បញ្ឈប់ការធ្វើទុក្ខបុកម្នេញបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសង្គមស៊ីវិល ស្របពេលដែលលោក ហ៊ុន សែន កំពុងគំរាមស្នើឲ្យភាគីថៃ ចាប់បញ្ជូនមន្ត្រីបក្សប្រឆាំងដែលកំពុងភៀសខ្លួនគេចចេញពីការធ្វើទុក្ខបុកម្នេញប្រគល់មកកម្ពុជាវិញ។
សេចក្ដីអំពាវរបស់រដ្ឋាភិបាលបារាំងនេះ ធ្វើឡើងតាមរយៈប្រធាននាយកដ្ឋានអាស៊ី និងអូសេអានី នៃក្រសួងអឺរ៉ុប និងការបរទេសបារាំង លោក ធារី ម៉ាធូ (Thierry MATHOU) ដែលបានរម្លឹកថា ស្ថានភាពនយោបាយផ្ទៃក្នុងកម្ពុជា រួមមានការការរម្លាយគណបក្សប្រឆាំងដ៏ធំជាងគេតែមួយគត់នៅកម្ពុជា ការចាប់ខ្លួន និងការឃុំខ្លួនប្រធានគណបក្សប្រឆាំង លោក កឹម សុខា រួមទាំងការហាមឃាត់សិទ្ធិនយោបាយ ៥ឆ្នាំ ចំពោះមន្ត្រីគណបក្សសង្គ្រោះជាតិ ១១៨រូប គឺជាការគួរឲ្យព្រួយបារម្ភមួយដែលចោទជាបញ្ហាដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
លោក ធារី ម៉ាធូ ដែលបានជួបមន្ត្រីរដ្ឋាភិបាលកម្ពុជា តំណាងបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលផង ក្នុងដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជា រយៈពេលពីរថ្ងៃ ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា នេះ ទទូចឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ងាកមកគន្លងនៃប្រជាធិបតេយ្យវិញ ដោយមិនត្រូវរារាំងសំឡេងប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយសេរី និងអង្គការសង្គមស៊ីវិលដូច្នេះនោះទេ។
ស្របពេលដែលប្រទេសបារាំង និងប្រទេសសេរីដទៃទៀតថ្កោលទោស និងព្រមានដាក់ទណ្ឌកម្មទាំងផ្នែកការទូត និងសេដ្ឋកិច្ចមកលើរដ្ឋាភិបាលលោក ហ៊ុន សែន ជាបន្តបន្ទាប់ មន្ត្រីគណបក្សប្រឆាំងឯណោះ ទាំងថ្នាក់កំពូល រហូតដល់ថ្នាក់មូលដ្ឋាន កំពុងភៀសខ្លួនចេញពីស្រុកខ្មែរ ដើម្បីសុវត្ថិភាព និងគេចចេញពីការធ្វើទុក្ខបុកម្នេញ។ មន្ត្រីក្រុមប្រឹក្សាឃុំសង្កាត់គណបក្សប្រឆាំងជាច្រើនដែលនៅក្រាញននៀលមិនព្រមចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ទៅតាមល្បិចអូសទាញរបស់លោក ហ៊ុន សែន បានទៅជ្រកកោនក្នុងទឹកដីថៃ។ រូបភាពនៃមេឃុំ និងចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សប្រឆាំងដែលរត់ភៀសខ្លួនពីខេត្តសៀមរាប ត្រូវបានផ្សព្វផ្សាយនៅបណ្ដាញសង្គមហ្វេសប៊ុក ដែលមើលទៅគួរឲ្យអាណោចអាធ័ម ព្រោះពួកគាត់ត្រូវប្រមូលផ្តុំគ្នាសម្រាន្ត និងទទួលទានអាហារជុំគ្នានៅក្នុងបន្ទប់តូចមួយ ដែលមានគ្នាច្រើននាក់៖ «»។
ទោះបីជាពួកគាត់ត្រូវបង្ខំចិត្តភៀសខ្លួនចាកឆ្ងាយពីភូមិឋាន និងក្រុមគ្រួសារដើម្បីសុវត្ថិភាពក្នុងស្ថានភាពដ៏លំបាកនេះ ក៏លោក ហ៊ុន សែន ព្រមានមិនឲ្យពួកគាត់បានសុខនោះដែរ។ លោក ហ៊ុន សែន បានថ្លែងសារគំរាមកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ថា លោកនឹងទាក់ទងនាយករដ្ឋមន្ត្រីថៃ លោក បា្រយុទ្ធ ចាន់អូចា (Prayut Chan-O-cha) ឲ្យបញ្ជូនមកវិញទាំងអស់៖ «»។
លោក ហ៊ុន សែន ថាមិនធ្វើអ្វីពួកគាត់មែន និងថាជាការផ្ដល់ឱកាសឲ្យមន្ត្រីបក្សប្រឆាំងជាដើម។ ក៏ប៉ុន្តែ ជាច្រើនលើកច្រើនគ្រា លោកសម្ដែងការក្រេវក្រោធ ដែលមិនអាចបញ្ចុះបញ្ចូលឲ្យមន្ត្រីឃុំសង្កាត់គណបក្សសង្គ្រោះជាតិ ចុះចូលជាមួយគណបក្សប្រជាជន បានច្រើនដូចបំណងរបស់លោក។ លោក ហ៊ុន សែន ក៏បានលាតត្រដាងអំពីល្បិចកលពិតរបស់លោកក្នុងការបំបែកបំបាក់គណបក្សប្រឆាំង ពោលគឺដំបូងរម្លាយបក្សនេះចោល រួចធ្វើផែនការឲ្យចុះចូលដោយលើកឱសានវាទម្ដងហើយម្ដងទៀត។ ពេលបញ្ចុះបញ្ចូលមន្ត្រីក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោតមិនព្រមចុះចូល លោកទិញទឹកចិត្តបេក្ខជនដែលមិនជាប់ឆ្នោតដោយសន្យាផ្ដល់តំណែងឲ្យ៖ «»។
រហូតមកដល់ពេលនេះ មានតែតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ តែមួយរូបប៉ុណ្ណោះ ដែលបានចុះចូលទៅខាងគណបក្សកាន់អំណាច ស្របពេលដែលឱសានវាទនៃការចុះចូលត្រូវបានផុតនៅយប់ថ្ងៃទី២៦ ខែវិច្ឆិកា។ ទោះជាយ៉ាងនេះក្តី អ្នកវិភាគយល់ឃើញថា លោក ហ៊ុន សែន មិនទាន់ឈប់ត្រឹមនេះនោះទេ លើកលែងតែអន្តរជាតិដាក់ទណ្ឌកម្មធ្ងន់ធ្ងរដល់រដ្ឋាភិបាលកម្ពុជា ទើបលោក ហ៊ុន សែន បន្ធូរដៃក្នុងការធ្វើទុក្ខបុកម្នេញសំឡេងប្រឆាំង៕