Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

កម្មករ​អូស​រទេះ​ចោទ​ប៉ូលិស​អន្តោប្រវេសន៍​ប៉ោយប៉ែត​ថា​មិន​ធ្វើ​កាត​ចេញ​ចូល​ផ្សារ​ថៃ​ឲ្យ​ពួក​គាត់

$
0
0

ក្រុម​កម្មករ​អូស​រទេះ និង​អ្នក​រត់​ម៉ូតូ​ឌុប​នៅ​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កំពុង​ជួប​ការ​លំបាក​ដោយសារ​មិន​អាច​ចេញ​ចូល​ទៅ​ផ្សារ​រ៉ុងក្លឿ​របស់​ថៃ បាន​ដូច​ពេល​មុនៗ។ ពួក​គាត់​អះអាង​ថា មូលហេតុ​ដែល​ចូល​ទៅ​ផ្សារ​ថៃ មិន​បាន ដោយសារ​ប៉ូលិស​អន្តោប្រវេសន៍​ប្រចាំ​ការ​នៅ​ច្រក​ព្រំដែន​នេះ មិន​ព្រម​ធ្វើ​កាត​ឲ្យ​ពួក​គាត់ ក្រោម​ហេតុផល​ថា​ពួក​គាត់​រស់នៅ​ខុស​តំបន់។

ក្រុម​កម្មករ​អូស​រទេះ​នៅ​ក្រុង​ប៉ោយប៉ែត បាន​ប្រតិកម្ម​ទៅ​នឹង​សមត្ថកិច្ច​ព្រំដែន​មួយ​នេះ ថា​មិន​ព្រម​ធ្វើ​កាត​ឆ្លង​ដែន​ជូន​ពួក​គាត់ ដោយ​មិន​គិត​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​ឡើយ។

ក្រុម​កម្មករ​អូស​រទេះ និង​អ្នក​រត់​ម៉ូតូ​ឌុប​នៅ​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ មីនា ថា ចាប់​តាំង​ពី​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ឈប់​លក់​សំបុត្រ​ចូល​ផ្សារ​រ៉ុងក្លឿ ប្រទេស​ថៃ មក គឺ​ពួក​គាត់​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​ក្នុង​ការ​ចេញ​ចូល​ទៅ​ដឹក​អីវ៉ាន់​ក្នុង​ទឹកដី​ថៃ។ ពួក​គាត់​អះអាង​ថា បញ្ហា​ទាំងអស់​នេះ ដោយសារ​ប៉ូលិស​អន្តោប្រវេសន៍​មិន​ព្រម​ធ្វើ​កាត​ឆ្លង​ដែន​ឲ្យ​ពួក​គាត់​ដូច​ពេល​មុនៗ ដែល​ពួក​គាត់​មាន​កាត ហើយ​ទិញ​សំបុត្រ​តម្លៃ ១​ពាន់​រៀល​អាច​ចូល​ផ្សារ​ថៃ បាន​ដោយ​សេរី៖ «បាទ! បើ​យើង​បាន​ទៅ​ធ្វើ​ការ​នៅ​ផ្សារ​ទៅ​គ្រាន់​បាន​ប្រាក់​ខ្លះ​ដោះស្រាយ​ជីវភាព​គ្រួសារ។ ដល់​ពេល​អត់​បាន​ចូល​ទៅ វា​អត់​មាន​ប្រាក់​ចំណូល​សោះ​តែ​ម្ដង។ កាល​ពី​មុន អ្នក​នៅ​ខេត្ត​ផ្សេង​ក៏​អាច​ធ្វើ​កាត​បាន។ ដល់​ឥឡូវ​ធ្វើ​អត់​បាន។ ខ្ញុំ​សំណូមពរ​ឲ្យ​ធ្វើ​បាន​ដូច​ពេល​មុន​វិញ។ ខាង​ថៃ គេ​មិន​និយាយ​ទេ តែ​ខាង​សមត្ថកិច្ច​ខ្មែរ​គេ​ទៅ​ប្រាប់​ខាង​ថៃ។ កាល​នៅ​លក់​សំបុត្រ ១០​បាត ឬ ១​ពាន់​រៀល យើង​អាច​ចេញ​ចូល​បាន​ស្រួល​ជាង។ ដល់​ពេល​ឈប់​លក់​សំបុត្រ​អ៊ីចឹង​ទៅ វា​លំបាក​ជាង​មុន​ទៅ​ទៀត»

អាស៊ីសេរី មិន​អាច​ទាក់ទង​នាយ​ប៉ុស្តិ៍​ប៉ូលិស​អន្តោប្រវេសន៍​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត លោក ស៊ឹម សំអាត ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២០ មីនា ដោយ​ទូរស័ព្ទ​របស់​លោក​ហៅ​ចូល​ជាច្រើន​លើក តែ​ពុំ​មាន​អ្នក​ទទួល។

ប៉ុន្តែ​ប្រជាពលរដ្ឋ​អះអាង​ថា ប៉ូលិស​មិន​ធ្វើ​កាត​ឆ្លង​ដែន​ឲ្យ​ពួក​គាត់ ក្រោម​ហេតុផល​ថា ពួក​គាត់​ពុំ​មែន​ជា​ពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត និង​ស្រុក​អូរជ្រៅ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា សមត្ថកិច្ច​មិន​ធ្វើ​កាត​ឆ្លង​ដែន​ជូន​ពលរដ្ឋ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​រក​ប្រាក់​ចំណូល​របស់​ពលរដ្ឋ​ក្រីក្រ ដែល​ពឹង​ផ្អែក​ទៅ​លើ​របរ​ដឹក​ទំនិញ​ចេញ​ចូល​ពី​ទឹកដី​ថៃ មក​កម្ពុជា។ លោក ស៊ុំ ច័ន្ទគា កត់​សម្គាល់​ថា បញ្ហា​នេះ​កើត​ឡើង​ក្រោយ​ពី​សមត្ថកិច្ច​ព្រំដែន​ឈប់​លក់​សំបុត្រ​ចូល​ផ្សារ​រ៉ុងក្លឿ ដែល​មួយ​លើក​តម្លៃ ១​ពាន់​រៀល​ទៅ​ឲ្យ​ពលរដ្ឋ៖ «ហើយ​បើ​ធ្វើ​ប័ណ្ណ​ឆ្លង​ដែន ឬ​លិខិត​ឆ្លង​ដែន គឺ​ត្រូវ​ចំណាយ​លុយ​យ៉ាង​ច្រើន និង​ត្រូវ​ចំណាយ​ទៅ​លើ​ការ​ទិញ​ក្រដាស​ផ្សេងៗ វា​ថ្លៃ​ជាង​សំបុត្រ ១០​បាត​ទៅ​ទៀត។ អ៊ីចឹង​ខ្ញុំ​គិត​ថា​គួរ​តែ​បញ្ឈប់ ហើយ​ចាប់​ផ្ដើម​ធ្វើ​យ៉ាង​ណា​ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ មិន​មែន​ត្រឹម​តែ​អត់​យក​ថ្លៃ​សំបុត្រ ១០​បាត បែរ​ទៅ​ជា​មិន​ធ្វើ​កាត​ឆ្លង​ដែន​ឲ្យ​ពួក​គាត់ គឺ​មិន​មែន​ការ​ល្អ​ឡើយ»

កាល​ពី​ខែ​មករា កន្លង​ទៅ សមត្ថកិច្ច​ប្រចាំ​ច្រក​ព្រំដែន​ប៉ោយប៉ែត បាន​ចែក​សំបុត្រ​ចូល​ផ្សារ​ថៃ ដោយ​មិន​យក​លុយ​ពី​ប្រជាពលរដ្ឋ។ ប៉ុន្តែ​ពលរដ្ឋ​អះអាង​ថា ការ​ចែក​សំបុត្រ​មិន​យក​លុយ​នេះ ល្គឹកណា​អ្នក​ធ្វើ​ដំណើរ​មាន​កាត​ឆ្លង​ដែន​ដែល​ចេញ​ដោយ​ប៉ូលិស​អន្តោប្រវេសន៍ ទើប​អាច​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles