Clik here to view.

សហជីពមួយចំនួនក្នុងប្រទេសកម្ពុជា ចេញសេចក្ដីថ្លែងការណ៍រួម ស្នើសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក និងអ្នកបញ្ជាទិញ កុំឲ្យយកបញ្ហានយោបាយមកដាក់សម្ពាធលើកម្ពុជា ដែលនាំឲ្យប៉ះពាល់វិស័យកាត់ដេរនៅកម្ពុជា។ ការអំពាវនាវនេះ បន្ទាប់ពីសហគមន៍អន្តរជាតិ បានព្រមានចុងក្រោយថា នឹងបញ្ឈប់ការអនុគ្រោះពន្ធ និងជំនួយផ្សេងៗដល់កម្ពុជា ប្រសិនរដ្ឋាភិបាលលោក ហ៊ុន សែន មិនលុបចោលការម្លាយគណបក្សប្រឆាំង និងដោះលែងលោក កឹម សុខា ជាបន្ទាន់នោះទេ។
ករណីនេះ បានធ្វើឲ្យសហជីពមួយចំនួនកំពុងព្រួយបារម្ភយ៉ាងខ្លាំង ខណៈរដ្ឋាភិបាលលោក ហ៊ុន សែន មិនខ្វាយខ្វល់ ខ្វះភាពជាមេដឹកនាំ ហើយថែមទាំងឌឺដងថា ការដាក់សម្ពាធ ឬកាត់ជំនួយពីបរទេសនោះ អ្នកដែលកស្លាប់មិនមែនក្រុម ឬបក្ខពួករបស់លោកនោះទេ។
សេចក្ដីថ្លែងការណ៍រួមរបស់សហព័ន្ធសហជីព និងសមាគមចំនួន ៤ ចុះថ្ងៃទី២៧ ខែវិច្ឆិកា បានជម្រាបដល់អង្គការជាតិ អន្តរជាតិ ស្ថានទូតនានា សហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក និងអ្នកបញ្ជាទិញនានាថា បញ្ហានយោបាយកម្ពុជា បច្ចុប្បន្ននេះគឺជារឿងដាច់ដោយឡែកពីបញ្ហាសេដ្ឋកិច្ច ជាពិសេសវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប ជាដើម។
សហជីព និងសមាគមទាំង៤នោះ សង្ឃឹមថា សហគមន៍អន្តរជាតិ អ្នកបញ្ជាទិញនឹងមិនយកផលប្រយោជន៍របស់កម្មកររាប់សែននាក់ ព្រមទាំងប្រជាពលរដ្ឋរាប់លាននាក់ដែលទទួលផលពីវិស័យកាត់ដេរ ធ្វើជាចំណាប់ខ្មាំងនៃកត្តានយោបាយមួយជ្រុងនោះទេ។
ប្រធានសហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា ថ្លែងគាំទ្រចំពោះសេចក្តីថ្លែងការណ៍រួមនោះ ហើយលោកក៏គ្រោងដាក់លិខិតស្នើសុំទៅស្ថានទូតសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបដែរ ព្រោះលោកក៏មានការបារម្ភយ៉ាងខ្លាំងអំពីការព្រមានរបស់សហគមន៍អន្តរជាតិនោះថា អាចជាការពិតនៅពេលខាងមុខ ដោយសារតែបញ្ហានយោបាយនៅតែក្ដៅគគុក។ លោកស្នើឲ្យអ្នកនយោបាយខ្មែរដោះស្រាយគ្នាក្នុងនាមជាតិសាសន៍តែមួយដើម្បីផលប្រយោជន៍កម្មករ៖ «»។
ថ្មីៗនេះ តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប ព្រមានកម្ពុជាចុងក្រោយថា នឹងបញ្ឈប់ការអនុគ្រោះពន្ធនាំចេញសម្លៀកបំពាក់ និងបញ្ឈប់ការលើកលែងពន្ធលើការនាំចេញផលិតផលផ្សេងៗទៀត ពីកម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុប ប្រសិនរដ្ឋាភិបាលលោក ហ៊ុន សែន មិនលុបចោលការម្លាយគណបក្សប្រឆាំង និងដោះលែងលោក កឹម សុខា ជាបន្ទាន់នោះទេ។
អតីតប្រធានសហជីពសេរីកម្មករកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលពហុវិស័យនៅកម្ពុជា លោក ជា មុនី មានប្រសាសន៍ថា លោក ហ៊ុន សែន ត្រូវទទួលខុសត្រូវនូវទង្វើរបស់ខ្លួនជាប្រមុខដឹកនាំរដ្ឋាភិបាល។ លោក ជា មុនី បន្តថា ស្ថានការណ៍នយោបាយធ្លាក់ចុះដុនដាបបច្ចុប្បន្ន គឺដោយសារការចាប់លោក កឹម សុខា ដាក់ពន្ធនាគារ និងការរំលាយគណបក្សប្រឆាំង។
បន្ថែមពីការគំរាមបញ្ឈប់ការអនុគ្រោះពន្ធនាំចេញសំលៀកបំពាក់របស់សហភាពអឺរ៉ុប រដ្ឋាភិបាលស៊ុយអែត (Sweden) ក៏បានសម្រេចជាផ្លូវការថា នឹងមិនផ្ដួចផ្ដើមឲ្យមាននូវកិច្ចព្រមព្រៀងថ្មីណាមួយស្ដីពីការផ្ដល់ជំនួយកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរដ្ឋាភិបាល និងរដ្ឋាភិបាលឡើយ។ ចំណែកសហរដ្ឋអាមេរិកវិញ នៅមិនទាន់សម្រេចជាផ្លូវការក្នុងការលើកលែងពន្ធនាំចូលសំលៀកបំពាក់ចេញពីកម្ពុជា នៅឡើយទេ ប៉ុន្តែបានប្រកាសបញ្ឈប់ជំនួយផ្នែករៀបចំការបោះឆ្នោតមកកម្ពុជា ក្នុងជំហានដំបូងរួចហើយ៕