សហគមន៍បុរីកីឡាមិនបានប្រមូលផ្ដុំគ្នាច្រើនដូចសព្វដងនោះទេនៅថ្ងៃរៀបចំយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ (Black Monday) សប្ដាហ៍ទី៤៦។ អ្នកបុរីកីឡាអះអាងថា ការមិនធ្វើកម្មវិធីធំដុំឲ្យអធិកអធមនោះ ដោយសាររដ្ឋាភិបាលកំពុងកាន់ទុក្ខចំពោះការស្លាប់របស់លោក សុខ អាន អតីតរដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី។
បើទោះជាមិនបានប្រមូលផ្ដុំគ្នាច្រើននាក់រៀបចំធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅសប្ដាហ៍ទី៤៦ ក្ដី ក៏ក្រុមសហគមន៍បុរីកីឡានៅតែផ្ញើសារទៅកាន់រដ្ឋាភិបាល ឲ្យស្វែងរកយុត្តិធម៌សម្រាប់មន្ត្រីសិទ្ធិមនុស្ស និងដោះស្រាយបញ្ហាដីធ្លីសេសសល់ជូនពួកគាត់។
តំណាងសហគមន៍បុរីកីឡា លោកស្រី សរ ស៊ន ថ្លែងនៅថ្ងៃទី២០ កុម្ភៈ ថា ក្នុងឱកាសដែលខាងសហគមន៍របស់លោកស្រីចូលរួមរំលែកទុក្ខចំពោះការបាត់បង់លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី គឺសហគមន៍លោកស្រីគ្រាន់តែជួបជុំគ្នាផ្ញើសារទៅកាន់រដ្ឋាភិបាលប៉ុណ្ណោះ ហើយសង្ឃឹមថា រដ្ឋាភិបាលអាចផ្លាស់ប្ដូរចិត្ត រួចគិតគូរពីទុក្ខលំបាករបស់ពួកគាត់៖ «លោក សុខ អាន គាត់ទើបស្លាប់ថ្មីៗអ៊ីចឹង មីងគ្រាន់តែថាជួបជុំសហគមន៍បុរីកីឡា ថតជាសារបង្ហោះ ដើម្បីទាមទារឲ្យដោះលែងមន្ត្រីការពារសិទ្ធិមនុស្ស មន្ត្រី គ.ជ.ប ហើយទម្លាក់បទចោទប្រកាន់លោក គឹម សុខ និងតុលាការត្រូវហ៊ានបង្ហាញកាមេរ៉ាពិតដែលសម្លាប់លោកបណ្ឌិត កែម ឡី»។
ជារៀងរាល់ថ្ងៃច័ន្ទ អ្នកបឹងកក់ និងបុរីកីឡា តែងធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅដោយស្លៀកពាក់ខ្មៅ ដើម្បីទាមទារឲ្យដោះលែងអ្នកជាប់ឃុំ ៦រូប គឺមន្ត្រីសិទ្ធិមនុស្សអាដហុក (ADHOC) ៤រូប មានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និងអ្នកស្រី លឹម មុន្នី អគ្គលេខាធិការរង គ.ជ.ប ១រូប គឺលោក នី ចរិយា ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនក្នុងពន្ធនាគារ ១១ខែហើយពីបទសមគំនិត និងសូកប៉ាន់សាក្សីក្នុងរឿងអាស្រូវស្នេហារវាងលោក កឹម សុខា និងនាង ខុម ចាន់តារាទី ហៅស្រីមុំ។ ចំណែកអ្នកស្រី ទេព វន្នី ត្រូវបានតុលាការឃុំខ្លួនជាង ៧ខែហើយទាក់ទងនឹងការចោទប្រកាន់ដឹកនាំយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ និងរឿងរ៉ាវពីរករណីទៀតកើតឡើងកាលពីជាង ៤ឆ្នាំមុន ហើយត្រូវតុលាការក្រុងភ្នំពេញសើរើឡើងវិញ។
ដោយឡែកសម្រាប់សហគមន៍បឹងកក់វិញ បានផ្អាកការរៀបចំយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅសប្ដាហ៍ទី៤៦ ជាថ្មី ដោយសារជាប់រវល់នឹងកិច្ចការផ្សេងមួយរយៈពេល។
លោកស្រី សរ ស៊ន តំណាងសហគមន៍បុរីកីឡាបញ្ជាក់ថា ក្នុងចំណោមសហគមន៍រងគ្រោះដីធ្លីនៅសល់ចំនួន ១៤គ្រួសារ ប្រសិនបើរដ្ឋាភិបាល និងក្រុមហ៊ុន ផានអ៊ីម៉ិច (Phan Imex) មិនព្រមផ្ដល់សំណងសមរម្យជូនពួកគាត់ទេ ដូច្នោះគួរសង់អគារឲ្យពួកគាត់ឲ្យបានគ្រប់ចំនួន ១០អគារតាមការសន្យា ថានឹងធ្វើការអភិវឌ្ឍនៅកន្លែងបុរីកីឡាដោយមិនធ្វើឲ្យពលរដ្ឋជាម្ចាស់ដីស្រក់ទឹកភ្នែក។
ពាក់ព័ន្ធនឹងបញ្ហាដីធ្លីរបស់សហគមន៍បុរីកីឡានេះ កាលពីថ្ងៃទី៧ មីនា មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា បានដាក់ឱសានវាទឲ្យសហគមន៍បុរីកីឡាមកទទួលយកគោលការណ៍ដោះស្រាយរបស់គណៈកម្មការចម្រុះអំឡុងរយៈពេលមួយខែ ហើយបើអំឡុងពេលមួយខែមិនព្រមមកទទួលយកគោលការណ៍នោះ គឺសាលាក្រុងមិនទទួលខុសត្រូវឡើយ។
ទោះជាយ៉ាងណា លោកស្រី សរ ស៊ន ថ្លែងថា សហគមន៍លោកស្រីមិនអាចទទួលគោលការណ៍ដោះស្រាយរបស់សាលាក្រុងដែលផ្ដល់លុយចំនួន ៣ពាន់ទៅ ៥ពាន់ដុល្លារ រួចហើយបង្ខំឲ្យពួកគាត់ដើរចេញពីបុរីកីឡាឡើយ៕