Clik here to view.

មន្ត្រីគណបក្សប្រជាជនកម្ពុជា ថ្នាក់មូលដ្ឋាននៅខេត្តកំពង់ចាម មួយចំនួនមិនសប្បាយចិត្ត អំពីសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ មកពីគណបក្សសង្គ្រោះជាតិចុះចូលគណបក្សរបស់ខ្លួននោះទេ ព្រោះការចុះចូលនេះ ធ្វើឲ្យពួកគាត់ប្រឈមនឹងការមិនបានទទួលតំណែងជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅពេលខាងមុខ។
មន្ត្រីគណបក្សសង្គ្រោះជាតិ នៅខេត្តកំពង់ចាម ដែលតុលាការកំពូលទើបរំលាយថ្មីថ្មោង លើកឡើងថា សព្វថ្ងៃមន្ត្រីថ្នាក់ក្រោមគណបក្សប្រជាជនកម្ពុជា នៅខេត្តមួយនេះ កំពុងជ្រួលច្របល់ រឿងតំណែងការងាររបស់ពួកគាត់ ប៉ុន្តែមិនដឹងធ្វើយ៉ាងណាដើម្បីការពារមុខតំណែងរបស់ខ្លួនបានទេ។
លោក ថាន សុរិទ្ធ ឲ្យដឹងនៅថ្ងៃទី២៤ វិច្ឆិកា ថា ថ្មីៗនេះសមាជិកគណបក្សកាន់អំណាចនៅតាមមូលដ្ឋាន បានខ្សឹបប្រាប់លោកថា អាជ្ញាធរភូមិ និងបេក្ខជនឈរឈ្មោះសមាជិកក្រុមប្រឹក្សានៅតាមឃុំ ក្នុងស្រុកបាធាយ បាននាំគ្នាផ្ដិតស្នាមមេដៃ មិនគាំទ្រចំពោះសមាជិកក្រុមប្រឹក្សាឃុំគណបក្សប្រឆាំង ដែលមករួមរស់ជាមួយគណបក្សខ្លួននោះទេ ព្រោះលោកអះអាងថា ការចុះចូលនេះ នឹងធ្វើឲ្យមន្ត្រីគណបក្សកាន់អំណាចនៅតាមមូលដ្ឋានប្រឈមនឹងការបាត់បង់តំណែង ធ្វើជាសមាជិកក្រុមប្រឹក្សាឃុំនៅពេលខាងមុខ៖ «គាត់មកខ្សឹបប្រាប់ពួកយើងរបៀបខ្សឹបប្រាប់ លួចលាក់ហើយគ្នាខ្ញុំចេះតែប្រាប់បន្តៗមក ថា ពួកគាត់មិនសប្បាយចិត្តទេ ពីព្រោះយើងគិតមើលកៅអីនឹង វាត្រូវបានទៅលើគាត់ ហើយបែរជាមិនបានទៅលើគាត់ នៅតែយកអ្នកបម្រុងមកដាក់ជំនួសពួកគាត់ធ្វើពួកគាត់លែងបានកៅអី។ គាត់ខំប្រឹងតស៊ូស្មោះត្រង់ជាមួយគណបក្សកាន់អំណាចដែរហេតុអីបានមិនគិតដល់ពួកគាត់ផង»។
លោកបន្ថែមទៀតថា អ្នកដែលខ្សឹបប្រាប់លោកនោះ ពួកគេមិនហ៊ានយកស្នាមមេដៃបញ្ជូនទៅថ្នាក់លើទេ ព្រោះខ្លាចអំណាចអាជ្ញាធរស្រុកនិងអាជ្ញាធរខេត្ត។
ទាក់ទងនឹងបញ្ហានេះអភិបាលស្រុកបាធាយលោក កៅ ប៊ុនណាត អះអាងយ៉ាងខ្លីថា គ្មានសកម្មជនគណបក្សរបស់លោកនៅថ្នាក់មូលដ្ឋានណាម្នាក់ព្រួយបារម្ភរឿងបាត់បង់តំណែងនោះទេ ក៏ប៉ុន្តែប្រសិនបើសមាជិកក្រុមប្រឹក្សាឃុំសង្កាត់គណបក្សសង្គ្រោះជាតិចុះចូលច្រើន មានពិតប្រាកដមែន។
៖«វាសំខាន់មើលព័ត៌មានហ្វ្រេសញូវ (Fresh News) ឥឡូវមកដល់ថ្ងៃនេះមានអ្នកចុះចូលគណបក្សប្រជាជនកម្ពុជានៅក្នុងស្រុកបាធាយបាន ១៥នាក់ហើយ ក្នុងនោះមានមេឃុំមួយ ហើយខាងខ្ញុំក៏មិនដែលព្រួយបារម្ភអីដែរ»។
ទោះជាយ៉ាងណាអ្នកវិភាគនយោបាយជើងចាស់ លោកបណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងថាហេតុផលដែលសកម្មជនគណបក្សកាន់អំណាច ព្រួយបារម្ភអំពីមិនបានចូលកាន់តំណែង គឺជារឿងសមហេតុសមផលដែរ ព្រោះសមាជិកគណបក្សប្រឆាំងដែលចុះចូលគណបក្សកាន់អំណាច នឹងទទួលបានតំណែងណាមួយនៅតាមឃុំសង្កាត់នៅពេលខាងមុខជាពុំខាន៖ «ព្រោះគេក៏ចង់បានតំណែងខ្ពស់ៗដែរ ហើយអ្នកក្រៅមកចុះចូលភ្លាមៗមកកាន់មុខតំណែងធំជាងខ្លួនទៅ គេខឹងវាជារឿងធម្មតាទេ។ ម្យ៉ាងទៀតនៅកំពង់ចាមធ្លាប់មានប្រវត្តិការធ្វើបដិវត្តន៍ពីមុខមកក៏ជារឿងគួរឲ្យព្រួយបារម្ភដែរ ព្រោះមិនដឹងជាចូលមកកាន់មុខតំណែងហើយធ្វើអីទៀតនៅខាងមុខនោះ»។
សមាជិកក្រុមប្រឹក្សា រួមទាំងសកម្មជនថ្នាក់មូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិ នៅខេត្តកំពង់ចាមដែលចុះចូលគណបក្សកាន់អំណាច រហូតមកទល់ពេលនេះ ទើបតែមានជាង៣០នាក់ទេ។ លោក ថាន សុរិទ្ធ លើកឡើងថា មន្ត្រីគណបក្សប្រជាជនកម្ពុជា ដែលបារម្ភមិនបានចូលកាន់តំណែងជាមេឃុំចៅសង្កាត់ នៅពេលខាងមុខនោះ អាចនឹងនៅទូទាំងប្រទេស ព្រោះសកម្មជនគណបក្សប្រឆាំងដែលចុះចូលនោះ មួយចំនួនជាសកម្មជនគណបក្ស ពុំមានតួនាទីជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នោះទេ៕