Clik here to view.

សហរដ្ឋអាមេរិក ប្រកាសផ្ដល់ជំនួយជាកញ្ចប់ថវិកាចំនួន ២លានដុល្លារ សម្រាប់បម្រើឲ្យការអង្កេត និងដោះយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅភាគខាងកើតនៃប្រទេសកម្ពុជា សម្រាប់ឆ្នាំ២០១៨ ខាងមុខនេះ ហើយនឹងអាចបន្តផ្ដល់ថវិកាសម្រាប់ឆ្នាំបន្ទាប់។
ការផ្ដល់ថវិកានេះ ធ្វើឡើងតាមរយៈការប្រកួតប្រជែងពីសំណាក់អង្គការសង្គមស៊ីវិល ក្រុមអ្នកឯកទេសជាតិ ឬអន្តរជាតិ ដែលធ្វើការពាក់ព័ន្ធនឹងវិស័យនេះ។ អង្គការជាដៃគូដែលនឹងត្រូវជ្រើសរើសដើម្បីទទួលបានថវិកាសម្រាប់បំពេញការងារនេះ ត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយត្រូវប្រើប្រាស់នូវបច្ចេកវិជ្ជាទំនើបបំផុតសម្រាប់ការដោះយុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនេះ។
ឯកអគ្គរដ្ឋទូតអាមេរិក លោក វីល្លៀម ហៃដ្ដ៍ (William Heidt) ថ្លែងក្នុងសេចក្ដីប្រកាសព័ត៌មានផ្សាយថ្ងៃទី២២ វិច្ឆិកា របស់ស្ថានទូតអាមេរិក ប្រចាំក្រុងភ្នំពេញ ថា សហរដ្ឋអាមេរិកបានជួយដល់ការដោះមីនមនុស្សធម៌នៅកម្ពុជា អស់រយៈពេលជាង ២០ឆ្នាំមកហើយ។ លោកបន្តថា សហរដ្ឋអាមេរិក មានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការដោះស្រាយកេរដំណែលកាលពីសម័យសង្គ្រាម ហើយថា ការផ្ដល់ថវិកាថ្មីនេះ គឺជាការបន្តការប្ដេជ្ញាចិត្តនេះ ដើម្បីចូលរួមចំណែកជួយក្នុងការបោសសម្អាតសំណល់កាលពីសម័យសង្គ្រាម។
ក្នុងរយៈពេល ២ទសវត្សរ៍កន្លងទៅនេះ សហរដ្ឋអាមេរិក បានចំណាយថវិកាចំនួនជាង ១៣១លានដុល្លារ ជួយដោះមីន និងគ្រាប់បែកមិនទាន់ផ្ទុះនៅកម្ពុជានេះ។
លោក វីល្លៀម ហៃដ្ដ៍ ធ្លាប់លាតត្រដាងថា ពាក់កណ្ដាលនៃទឹកប្រាក់នេះ ត្រូវបានប្រើសម្រាប់លុបបំបាត់យុទ្ធភណ្ឌដែលទម្លាក់ដោយយន្តហោះអាមេរិក នៅភាគខាងកើតនៃប្រទេសកម្ពុជា។ ក៏ប៉ុន្តែលោកអះអាងថា ប្រាក់ចំនួនពាក់កណ្ដាលទៀត ត្រូវបានប្រើសម្រាប់ដោះមីនរបស់ចិន សូវៀត និងវៀតណាម នៅភាគខាងលិចប្រទេស ពោលគឺនៅតាមចម្ការមីនដែលមានគ្រោះថ្នាក់ ១០ដង លើសគ្រាប់ដែលទម្លាក់ដោយអាមេរិក។
ការប្រកាសផ្ដល់ថវិកានេះ គឺស្របពេលដែលកាលពីពេលថ្មីៗនេះ រដ្ឋាភិបាលចិន បានឧបត្ថម្ភសម្ភារៈ និងគ្រឿងបរិក្ខារដោះមីនដល់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ (CMAC) ដែលមានតម្លៃជាទឹកប្រាក់ជាងកន្លះលានដុល្លារអាមេរិក ខណៈដែលនាយករដ្ឋមន្ត្រីចិន លោក លី ឃឺឈាង បានសន្យាប្រាប់លោក ហ៊ុន សែន ថាការផ្ដល់ជំនួយដល់កម្មវិធីដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ គឺជាសកម្មភាពអាទិភាពដ៏សំខាន់មួយរបស់រដ្ឋាភិបាលចិន៕