ប្រជាពលរដ្ឋជាង ១០០គ្រួសារនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង ប្រកបរបរដុតក្រឡានលក់រកប្រាក់ចំណូលគ្រាន់បានដោះស្រាយជីវភាពគ្រួសារ ដោយមិនបាច់ធ្វើចំណាកស្រុកទៅក្រៅប្រទេសឡើយ។ អភិបាលស្រុកឯកភ្នំ បញ្ជាក់ថា ពលរដ្ឋអាចរកប្រាក់ចំណូលពីរបរនេះបានយ៉ាងហោចណាស់ពី ៤ម៉ឺនទៅ ៥ម៉ឺនរៀលក្នុងមួយថ្ងៃ ហើយក៏ជាទីកន្លែងទាក់ទាញភ្ញៀវទេសចរអន្តរជាតិទៅលេងកម្សាន្តរៀងរាល់ថ្ងៃដែរ។
អ្នកស្រុកដែលប្រកបរបរដុតក្រឡាននៅខេត្តបាត់ដំបង ធ្វើឡើងជាលក្ខណៈគ្រួសារ ដាក់លក់នៅតាមចិញ្ចើមថ្នល់ ដែលភាគច្រើនផលិតអស់អង្ករចន្លោះពី ៣គីឡូក្រាមទៅ ១៥គីឡូក្រាមក្នុងមួយថ្ងៃ។
អ្នកផលិតក្រឡានម្នាក់រស់នៅភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ លោកស្រី វរ ចាន់ថា ផ្ដល់សម្ភាសឲ្យអាស៊ីសេរី ខណៈអង្គុយសកសម្បកក្រឡាននៅក្រោមរោងចិញ្ចើមផ្លូវមាត់អូរ ខាងមុខផ្ទះថា លោកស្រីប្រកបរបរនេះរកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារប្រមាណ ២០ឆ្នាំហើយ។ ស្ត្រីសម្បុរសវ័យ ៤៧ឆ្នាំរូបនេះបន្តដោយសម្ដីមួយៗថា ថ្វីត្បិតតែរបរមួយនេះមិនអាចរកប្រាក់ចំណូលធ្វើជាអ្នកមានក៏ដោយ ក៏ប៉ុន្តែអាចជួយឲ្យក្រុមគ្រួសាររបស់លោកស្រីរស់នៅជួបជុំគ្នា ដោយមិនបាច់ធ្វើចំណាកស្រុកទៅស្វែងរកការងារធ្វើនៅក្រៅប្រទេសឡើយ។
លោកស្រីបន្ថែមថា ក្នុងមួយថ្ងៃ លោកស្រីផលិតក្រឡានអស់អង្ករចំនួន ១០គីឡូក្រាម ហើយលក់បានប្រាក់ចំណេញបន្ទាប់ពីផាត់ថ្លៃដើមទុន ដូចជាថ្លៃអង្ករដំណើប សណ្ដែកខ្មៅ ផ្លែដូង និងដើមឫស្សីហើយ បានប្រាក់ចន្លោះពី ៥ម៉ឺនទៅ ៧ម៉ឺនរៀលក្នុងមួយថ្ងៃ៖ «ខ្ញុំលក់នៅមួយកន្លែង មិនបានបោះម៉ូយឲ្យទៅលក់បន្តនៅកន្លែងផ្សេងនោះទេ។ ចំណែកអ្នកដែលមកទិញច្រើនៗមកពីឆ្ងាយដូចជាមកពីភ្នំពេញ និងពីខេត្តសៀមរាប ជាដើម ចំណែកភ្ញៀវបរទេសគេគ្រាន់តែមកមើល ហើយភ្លក់រសជាតិក្រឡានមួយ ឬពីរប៉ុណ្ណោះ»។
លោកស្រីបន្តថា ប្រកបរបរមួយនេះ លោកស្រីត្រូវចំណាយពេលផលិត ដោយក្រោកតាំងតែពីម៉ោង ៣ទៀបភ្លឺ ហើយទម្រាំតែលក់ក្រឡានអស់នៅម៉ោងប្រមាណពី ១០ព្រឹកទៅម៉ោង ២រសៀល។
របរមួយនេះពុំមែនមានតែអ្នកផលិតក្រឡានប៉ុណ្ណោះទេ ដែលអាចរកប្រាក់ចំណូលបានដោះស្រាយជីវភាពគ្រួសារនោះ មានពលរដ្ឋនៅក្នុងភូមិមួយចំនួនទៀត ក៏មានឱកាសទាញយកប្រយោជន៍ពីរបរនេះ ដោយមិនបាច់ធ្វើចំណាកស្រុកដូចគ្នា។
អ្នកទិញក្រឡានទៅលក់បន្តម្នាក់រស់នៅភូមិសំរោងអូរទ្រា ឃុំសំរោងក្នុង លោកស្រី ឈឿន ឆេត ផ្ដល់សម្ភាសឲ្យអាស៊ីសេរី ខណៈមកយកក្រឡានពីអ្នកផលិតនៅភូមិសំរោងក្នុង ថា លោកស្រីប្រកបរបរនេះដឹកដោយកង់យកទៅលក់នៅតាមចំណតឡាន និងនៅទីប្រជុំជនក្នុងក្រុងបាត់ដំបង ប្រមាណ ៥ឆ្នាំហើយ គឺក្នុងមួយថ្ងៃចំណាយអស់ដើមទុនប្រមាណ ១០ម៉ឺនរៀល ហើយនៅពេលលក់ក្រឡានអស់ចំណេញបានប្រាក់ប្រមាណ ៣ម៉ឺនរៀលក្នុងមួយថ្ងៃ។ លោកស្រីបន្ថែមថា របរនេះគឺជារបរបន្ថែមក្រោយពេលទំនេរពីការងារធ្វើស្រែចម្ការ ហើយក៏ជារបរដែលចំណាយអស់ដើមទុនតិច ដែលសមល្មមនឹងសមត្ថភាពរបស់លោកស្រី៖ «ព្រោះអីបើសិនជាយើងទៅធ្វើកម្មករសំណង់ និងទៅធ្វើការតាមហាងគេ ទាល់តែដល់ខែបានបើកលុយម្ដង តែយើងលក់ក្រឡានបានលុយរាល់ថ្ងៃ គ្រាន់បានប្រើប្រាស់ក្នុងគ្រួសារបានទាន់ពេល»។
អភិបាលស្រុកឯកភ្នំ លោក ឡុង សុភឺន មានប្រសាសន៍ថា ប្រជាពលរដ្ឋដែលប្រកបរបរដុតក្រឡាននៅស្រុកមួយនេះ សរុបប្រមាណជាង ១០០គ្រួសារ ភាគច្រើននៅភូមិសំរោងតាកុក និងភូមិសំរោងក្នុង។ លោកអះអាងថា ក្នុងនោះអ្នកភូមិខ្លះធ្វើលក់នៅមុខផ្ទះដោយខ្លួនឯង និងមួយចំនួនទៀតមានឈ្មួញទិញមកយកទៅលក់បន្តនៅតាមចំណតឡានក្នុងក្រុងបាត់ដំបង។ លោកបន្ថែមថា សព្វថ្ងៃការផលិតក្រឡាននៅឃុំសំរោងក្នុង ក្លាយទៅជាទីកន្លែងទាក់ទាញភ្ញៀវទេសចរអន្តរជាតិទៅលេងកម្សាន្តជារៀងរាល់ថ្ងៃ។ លោកសង្កត់ធ្ងន់ថា ជាងនេះទៅទៀត អាជ្ញាធរស្រុកត្រៀមដាក់បញ្ចូលផលិតផលក្រឡានទៅជាទំនិញសំខាន់របស់ស្រុក គឺឃុំមួយផលិតផលមួយប្រចាំខេត្តបាត់ដំបង៖ «នេះគ្រាន់តែជារបៀបសហគមន៍នៅក្នុងមូលដ្ឋាន គាត់នាំគ្នាដុតទៅ ហើយគ្រួសារមួយៗគាត់ឃើញ គាត់ចេះតែដុតតាមគ្នា។ ដោយសារតែក្រឡានរបស់ពួកគាត់មានរសជាតិឆ្ងាញ់ជាងគេ ហើយមានឈ្មោះល្បីតៗគ្នាទៅ គេក៏នាំគ្នាមកទិញ។ ចំណែកពួកគាត់រៀនរូបមន្តពីគ្នាទៅវិញទៅមក»។
ប្រធានអង្គការពុទ្ធសាសនា ដើម្បីអភិវឌ្ឍន៍ប្រចាំខេត្តបាត់ដំបង លោក ប៉ុក សុជាតិ មានប្រសាសន៍ថា អាជ្ញាធរពាក់ព័ន្ធត្រូវបង្កើតតំបន់នោះធ្វើជាសហគមន៍ផលិតក្រឡាន ហើយប្រមូលពលរដ្ឋអ្នកប្រកបរបរនេះទាំងអស់ចូលទៅក្នុងសហគមន៍ ដើម្បីងាយស្រួលផលិតក្រឡានឲ្យបានទាន់តម្រូវការ និងឲ្យមានគុណភាពប្រសើរជាងមុន។ លោកបន្ថែមថា ការធ្វើបែបនេះ វានឹងទាក់ទាញភ្ញៀវទេសចរទៅទស្សនានៅតំបន់នោះកាន់តែច្រើន៖ «បើយើងចងក្រងជាក្រុម វាអាចធ្វើជាទីផ្សារ ដូចថាធ្វើជាសហគមន៍ក្រឡាន ហើយមានតំណាងម្នាក់ចុះផ្សព្វផ្សាយ ឬទាក់ទងសុំបង្ហោះនៅក្នុងគេហទំព័ររបស់ក្រសួងទេសចរណ៍ ដើម្បីបង្ហាញឲ្យអន្តរជាតិបានដឹងផលិតផលរបស់ពួកគាត់»។
អាជ្ញាធរស្រុកអះអាងថា អាជ្ញាធរកំពុងរកទីតាំងដើម្បីបង្កើតតំបន់នោះធ្វើជាសហគមន៍ផលិតក្រឡាន ដើម្បីជួយពង្រឹងការលក់ដូររបស់ប្រជាពលរដ្ឋក្នុងពេលឆាប់ៗ។
ទោះជាយ៉ាងណា បញ្ហាទីផ្សារ គឺជាកត្តាសំខាន់របស់ពួកគាត់ ដើម្បីលក់ក្រឡានឲ្យបានកាន់តែច្រើន ហើយពួកគាត់បានប្រាក់ចំណូលធ្វើឲ្យជីវភាពប្រសើរឡើងបន្ថែមទៀត។ ម្យ៉ាងទៀត ពលរដ្ឋភាគច្រើនផលិតក្រឡានជាលក្ខណៈគ្រួសារ និងមានកម្រិតតិចតួច ហើយពឹងផ្អែកទៅលើទីផ្សារតាមធម្មជាតិ គឺលក់នៅតាមមុខផ្ទះរៀងៗខ្លួន៕