Clik here to view.

ប្រធានសមាគមអាដហុក (ADHOC) លោក ធន សារាយ ប្រាប់អាស៊ីសេរី ថា ជប៉ុនពុំមានអំណាចដូចពីមុនទៅលើរដ្ឋាភិបាលកម្ពុជា ដើម្បីស្តារស្ថានការណ៍នយោបាយឲ្យវិលមករកភាពប្រក្រតីឡើងវិញនោះទេ។
ការបញ្ជាក់របស់លោក ធន សារាយ ធ្វើឡើងក្រោយដែលលោកបានសាកសួរមន្ត្រីការបរទេសជាន់ខ្ពស់របស់ជប៉ុន នៅក្នុងសិក្ខាសាលាមួយស្ដីពីខួបលើកទី២៦ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាទីក្រុងតូក្យូ កាលពីពេលថ្មីនេះ។
លោក ធន សារាយ ថា មូលហេតុដែលជប៉ុន ពុំមានឥទ្ធិពលមកលើរដ្ឋាភិបាលបច្ចុប្បន្ន ដោយសារលោកហ៊ុន សែន ពឹងពាក់ខ្លាំងទៅលើតែរដ្ឋាភិបាលចិន៖ «ពីមុនជប៉ុនមានអំណាច មានឥទ្ធិពលច្រើនទៅលើប្រទេសកម្ពុជា ជាពិសេស គឺក្នុងឆ្នាំ១៩៩០ ប្លាយ។ ឥឡូវនេះឥទ្ធិពលមិនដូចមុនទេ ដោយសារប្រទេសយើងបច្ចុប្បន្ន មានជំនួយពីមហាមិត្តចិន ខ្លាំងមែនទែន។ យើងដឹងហើយថា ប្រទេសចិន ជាម្ចាស់ជំនួយដ៏ខ្លាំងដែរ ហើយជំនួយជប៉ុន មានលំដាប់ទាបទៅៗ។ ជប៉ុនភាគច្រើនជាជំនួយឥតសំណង ប៉ុន្តែចិន ជាជំនួយឥណទាន»។
ប្រទេសចិន គឺជាម្ចាស់បំណុលធំជាងគេរបស់កម្ពុជា ដែលមិនគិតគូរពីលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនោះទេ។ ស្របពេលដែលក្រុមប្រទេសលោកខាងលិច សហភាពអឺរ៉ុប និងប្រទេសផ្សេងៗទៀត ថ្កោលទោសទង្វើរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ប្រទេសចិន គឺជាប្រទេសតែមួយគត់ បែរជាគាំទ្រចំណាត់ការរបស់រដ្ឋាភិបាលក្រុងភ្នំពេញ ទៅវិញ។
សូមទស្សនាវីដេអូសម្ភាសន៍បន្ថែមរវាងលោក ជុន ច័ន្ទបុត្រ និងលោក ធន សារាយ ជុំវិញបញ្ហានយោបាយនៅកម្ពុជា បច្ចុប្បន្ន៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។