Clik here to view.

សមាគមអាដហុក (Adhoc) និងជនជាតិដើមភាគតិចកួយរស់នៅឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង គ្រោងប្ដឹងអ្នកពាក់ព័ន្ធកាប់រានដីព្រៃសហគមន៍ភ្នំជម្រកសត្វ រាប់ពាន់ហិកតារ ទៅតុលាការ ឲ្យមកទទួលខុសត្រូវតាមច្បាប់។ មន្ត្រីសមាគមអាដហុកកាលពីពេលថ្មីៗនេះ បានចុះស៊ើបអង្កេតពីភាពមិនប្រក្រតីនៃការកាប់រានដីព្រៃសហគមន៍ធ្វើអាជីវកម្ម និងការកាប់ឈើមានតម្លៃចេញពីព្រៃអភិរក្សនោះដោយពុំមានការទប់ស្កាត់។
ជនជាតិដើមភាគតិចកួយ រស់នៅឃុំសំអាង និងមន្ត្រីសង្គមស៊ីវិលអះអាងថា ពួកគេមានភស្តុតាងជាក់លាក់ដែលបញ្ជាក់ថា ព្រៃអភិរក្សរបស់សហគមន៍ជាង ៤ពាន់ហិកតារ រងការកាប់រានធ្វើអាជីវកម្ម អស់ជាងពាក់កណ្ដាល ដោយពុំមានការទទួលខុសត្រូវ។
មន្ត្រីជាន់ខ្ពស់សមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ ឲ្យដឹងនៅថ្ងៃទី២១ វិច្ឆិកា ថា ការកាប់ឈើមានតម្លៃ និងការកាប់ព្រៃរានយកដី នៅព្រៃសហគមន៍ភ្នំជម្រកសត្វ បានកើតឡើង ៣ឆ្នាំមកហើយ ពុំឃើញមានស្ថាប័នណាមួយចេញមុខស្វែងរកជនល្មើសឲ្យមកទទួលខុសត្រូវបានផ្លូវច្បាប់ទេ បើទោះបីជាផ្នែកខ្លះ នៃព្រៃអភិរក្សនោះគ្រប់គ្រងដោយបុគ្គលឯកជនក្ដី។ លោកថា ពលរដ្ឋ និងសមាគមអាដហុក នឹងប្ដឹងអ្នកកាប់រានដីព្រៃនោះ និងអាជ្ញាធរពាក់ព័ន្ធដែលបើកដៃអនុញ្ញាតឲ្យឈ្មួញកាប់រានដីព្រៃតាមអំពើចិត្ត។
លោក ប៉ែន ប៊ុណ្ណារ៍ បន្ថែមថា បើទោះបីជាសហគមន៍ការពារព្រៃឈើភ្នំជម្រកសត្វតាមរចនាសម្ព័ន្ធគ្រប់គ្រងក្ដី ក៏ប៉ុន្តែ ប្រសិទ្ធភាពនៃការចុះល្បាត និងការអនុវត្តច្បាប់ធូររលុងនៅឡើយ។ លោកអះអាងថា ការដាក់ពាក្យប្ដឹងរឿងនេះ គឺជាជម្រើសចុងក្រោយរបស់សហគមន៍ ដើម្បីសង្គ្រោះធនធានធម្មជាតិដែលនៅសេសសល់ចុងក្រោយ សម្រាប់កូនខ្មែរជំនាន់ក្រោយ៖ «យើងនឹងដាក់បណ្ដឹងផ្លូវការមួយ ចំពោះការបាត់បង់ព្រៃឈើ ចំពោះមន្ត្រីដែលទទួលខុសត្រូវក្នុងតំបន់ហ្នឹង។ ក្នុងការសរសេរពាក្យបណ្ដឹងយើងមានឯកសារគ្រប់គ្រាន់អស់ហើយ។ អីចឹងវាជាការទទួលខុសត្រូវរបស់ស្ថាប័នជំនាញ និងអាជ្ញាធរមូលដ្ឋាន»។
អាស៊ីសេរីមិនអាចទាក់ទងមេឃុំសំអាង លោក ញៀន ផុន ដើម្បីសុំការអធិប្បាយរឿងនេះបានទេ នៅថ្ងៃទី២១ វិច្ឆិកា ព្រោះទូរស័ព្ទមិនអាចទាក់ទងបាន។ តែលោកធ្លាប់បញ្ជាក់ថា ការកាប់រានដីព្រៃក្នុងតំបន់ព្រៃអភិរក្ស អាជ្ញាធរមិនទទួលស្គាល់នោះទេ។
ព្រៃសហគមន៍ភ្នំជម្រកសត្វមានផ្ទៃដីចំនួនជាង ៤ពាន់ហិកតារ (៤.៤៤៦,១៦ហិកតារ) ត្រូវចុះបញ្ជីទទួលស្គាល់ ជាព្រៃការពាររបស់សហគមន៍ ពីក្រសួងកសិកម្មកាលពីចុងឆ្នាំ២០១៦។ ព្រៃសហគមន៍នោះ ឋិតក្រោមការគ្រប់គ្រងរបស់មន្ទីរកសិកម្ម ដែលមានមន្ត្រីរដ្ឋបាលព្រៃឈើជាស្ថាប័នស្នូល។ អ្នកភូមិថា មកទល់ពេលនេះ ផ្នែកខ្លះព្រៃនៅតំបន់នោះបានក្លាយជាដីកម្មសិទ្ធិឯកជនមានដាំដំណាំស្វាយចន្ទី និងដំឡូងមី ជាដើម។
ជនជាតិដើមភាគតិចកួយ ថ្លែងសុំមិនបញ្ចេញឈ្មោះ អះអាងថា អ្នកភូមិបានកំណត់មុខសញ្ញាអ្នកកាប់រាន និងអ្នកនៅពីក្រោយខ្នងអស់ហើយ ដែលមានការបើកដៃពីអាជ្ញាធរមូលដ្ឋាន បណ្ដោយឲ្យការកាប់ឈើបែបអនាធិបតេយ្យ។ សកម្មភាពកាប់រានដីព្រៃសហគមន៍នោះ បានគំរាមកំហែងដើមឈើ ផលិតជ័រទឹករបស់ជនជាតិដើមភាគតិច រាប់ម៉ឺនដើម។ លោកថា គណៈកម្មការសហគមន៍ ពុំមានឥទ្ធិពលជាវិជ្ជមាន គ្រប់គ្រងព្រៃឲ្យច្បាស់លាស់នោះទេ ហើយកិច្ចការពារចុះល្បាតនៅទល់ខ្សោយនៅឡើយ៖ «ព្រោះសហគមន៍ឥឡូវពីដើម ១០០ភាគរយ ឥឡូវនៅសល់ប្រហែល ៣០ភាគរយ នៅកាប់ចង់ខ្លាំងជាមុនផង។ អ្នកហាម ហាមរួចដើរចេញកាប់ទៀត។ អត់ដែលឃើញមានអាជ្ញាធរដែនដីណា ចាប់ជនល្មើសមកផ្ដន្ទាទោសមិនដែលឃើញទេ ឃើញតែជួបគេខ្សឹបលិចកើតដើរចេញអស់»។
ជនជាតិដើមភាគតិចម្នាក់ទៀត រស់នៅឃុំសំអាង លោកស្រី ចាន់ គីម ត្អូញថា គ្រួសារលោកស្រីមានដើមឈើផលិតជ័រទឹកជាង ៣០០ដើមឋិតក្នុងព្រៃសហគមន៍ ត្រូវបានគេកាប់បំផ្លាញអស់ស្ទើរទាំងស្រុង នៅប៉ុន្មានខែចុងក្រោយនេះ។ ការកាប់បំផ្លាញដើមឈើផលិតជ័រទឹកនេះ ធ្វើឲ្យប៉ះពាល់ជីវភាពធ្ងន់ធ្ងរ ត្បិតគ្រួសារលោកស្រីនៅជំពាក់បំណុលមីក្រូហិរញ្ញវត្ថុជាច្រើនលានរៀល។ លោកស្រីរំឭកថា កន្លងទៅ គ្រួសារលោកស្រីពឹងផ្អែកលើការដងជ័រទឹកដែលក្នុងមួយខែដងបាន ១៦កាន ហើយក្នុងមួយកានអាចលក់បានប្រាក់ ១០ម៉ឺនរៀល ។ លោកស្រីអំពាវនាវឲ្យតុលាការស៊ើបអង្កេតអ្នកពាក់ព័ន្ធកាប់រានដីព្រៃនោះ ឲ្យមកទទួលខុសត្រូវតាមផ្លូវច្បាប់៖ «កាប់ព្រៃច្បោះខ្ញុំអស់រលីង អត់មានសល់ទេ សង្ឃឹមបានចិញ្ចឹមជីវិតទិញប៊ីចេង និងទិញអំបិល បានច្បោះហ្នឹងឯង។ ដល់តែឥឡូវគេកាប់អស់ហើយ អត់មានសល់ទេ មិនដឹងរកអ៊ីដាក់អីទេខ្ញុំ! ចុងក្រោយគេកាប់អស់មិនដឹងធ្វើម៉េច»។
សមាគមអាដហុក រកឃើញថា បើទោះបីជាសកម្មភាពកាប់ទន្ទ្រានដីព្រៃសហគមន៍ និងដីព្រៃរបស់រដ្ឋរានយកដីអស់ រាប់ពាន់ហិកតារក្ដី ក៏ពុំឃើញមន្ត្រីរដ្ឋាភិបាលចេញមុខចាប់ខ្លួនជនល្មើស និងអ្នកពាក់ព័ន្ធដាក់ទោសទណ្ឌដែរ។ បញ្ហានេះហាក់ជាសញ្ញាបង្ហាញថា មន្ត្រីរដ្ឋាភិបាលអសមត្ថភាពក្នុងការការពារព្រៃរបស់រដ្ឋ និងព្រៃសហគមន៍ដែលត្រូវការពារដោយច្បាប់៕