គិតត្រឹមថ្ងៃទី២០ មីនា នៅសល់ ៤ថ្ងៃទៀតដែលគណៈកម្មការអន្តរក្រសួងសហការជាមួយអាជ្ញាធរខែត្រស្ទឹងត្រែង នឹងប្រារព្ធពិធីបុណ្យទន្លេលើកទី៣។ ក្នុងនោះអាជ្ញាធរក្រុងស្ទឹងត្រែង កំពុងប្រឹងប្រែងរៀបចំសណ្ដាប់ធ្នាប់ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សម្អាតអនាម័យ និងភ្ជាប់ភ្លើងបំភ្លឺតាមដងផ្លូវមួយចំនួនក្នុងក្រុងស្ទឹងត្រែង ខណៈពលរដ្ឋ និងសង្គមស៊ីវិលព្រួយបារម្ភពីគំនរសំរាមបន្សល់ទុកដោយអាជីវករផ្សារស្ទឹងត្រែង ដែលបានផ្លាស់ប្ដូរទីតាំងលក់ថ្មី។
មន្ត្រីនៃសាលាខែត្រស្ទឹងត្រែង អះអាងថា គណៈកម្មការអន្តរក្រសួង រួមទាំងអាជ្ញាធរខែត្រស្ទឹងត្រែង ធានាថានឹងរៀបចំពិធីបុណ្យនេះឲ្យទាន់ពេល ដែលតាមគម្រោងនឹងចាប់ផ្ដើមពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ មីនា។
អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង ឲ្យដឹងនៅថ្ងៃទី១៦ មីនា ថា អាជ្ញាធរចាប់ផ្ដើមរៀបចំសណ្ដាប់ធ្នាប់ និងសោភ័ណភាពក្រុង ព្រមទាំងរៀបចំអាជីវករដែលលក់លើសួនច្បារ ឲ្យចូលលក់ដូរក្នុងផ្សារស្ទឹងត្រែង វិញ។ លើសពីនេះ អាជ្ញាធរក៏កំពុងរៀបចំទីកន្លែងប្រារព្ធពិធីប្រគំតន្ត្រី និងលម្អតាមស្ពាន បង្គោលភ្លើងកាត់ទទឹងថ្នល់ ការផ្សព្វផ្សាយពាណិជ្ជកម្ម ការរៀបចំទីតាំងស្តង់សម្រាប់លក់ផលិតផល។ ចំណែកសន្តិសុខសណ្ដាប់ធ្នាប់ គណៈកម្មការអន្តរក្រសួងមានផែនការច្បាស់លាស់ ដែលមានការចូលរួមពីអគ្គស្នងការនគរបាលជាតិ អគ្គបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានកម្លាំងសមត្ថកិច្ចបីប្រភេទ ថ្នាក់ខែត្ររក្សាសន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់៖ «នេះជាការរំពឹងទុករបស់គណៈកម្មការអន្តរក្រសួង ដែលលោកបានផ្សព្វផ្សាយប្រមាណជាង ៥ម៉ឺននាក់ជាង ដែលចូលរួមពិធីបុណ្យនេះ ក្នុងនោះប៉ាន់ប្រមាណថា មានភ្ញៀវក្នុងខែត្រមានពី ៣ម៉ឺនទៅ ៤ម៉ឺននាក់ជាង ដែលគាត់មកទស្សនា ហើយអាចវិលត្រឡប់ទៅលំនៅឋានវិញ»។
គណៈកម្មការអន្តរក្រសួង និងអាជ្ញាធរខែត្រស្ទឹងត្រែង បានបើកកិច្ចប្រជុំកាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៧ ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន និងអភិបាលខែត្រស្ទឹងត្រែង លោក ម៉ុម សារឿន ស្ដីពីការដឹកនាំយន្តការរៀបចំបុណ្យទន្លេលើកទី៣ នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីបុណ្យនេះជាការរំឭកគុណព្រះគង្គា ដែលផ្តល់សក្ដានុពលធម្មជាតិសម្បូរបែបស្រោចស្រពដំណាំកសិកម្ម ជាប្រភពប្រាក់ចំណូលពលរដ្ឋ និងប្រព័ន្ធជីវចម្រុះសម្បូរបែបទ្រទ្រង់ជីវភាពរស់នៅរបស់ពលរដ្ឋមិនចេះរីងស្ងួត។
មន្ត្រីមន្ទីរទេសចរណ៍ខែត្រស្ទឹងត្រែង ឲ្យដឹងថា មន្ទីរជំនាញបានចុះអប់រំណែនាំដល់ម្ចាស់សេវាកម្មស្នាក់នៅទាំងអស់ ឲ្យត្រៀមលក្ខណៈសម្បត្តិទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យបានត្រឹមត្រូវ។ មន្ទីរទេសចរណ៍ជំរុញឲ្យម្ចាស់សេវាកម្មស្នាក់នៅ ត្រូវរៀបចំលំអនៅទីតាំងរបស់ខ្លួន និងរៀបចំតារាងតម្លៃឲ្យច្បាស់លាស់។ លើសពីនេះ មន្ទីរទេសចរណ៍បានត្រៀមបន្ទប់ស្នាក់នៅជូនភ្ញៀវ គឺរៀបចំផ្ទះស្នាក់ទីក្រុងមានបន្ទប់ ២០០បន្ទប់បន្ថែមទៀត ខណៈការផ្តល់សេវាស្នាក់នៅរបស់ម្ចាស់ផ្ទះសំណាក់ និងសណ្ឋាគារក្នុងខែត្រនេះមានត្រឹមចំនួន ៨៦០បន្ទប់។
កាលពីថ្ងៃទី១៣ មីនា អាជ្ញាធរក្រុងស្ទឹងត្រែង បានជូនដំណឹងដល់ម្ចាស់ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋានទាំងអស់ ត្រូវរៀបចំតុបតែងភ្លើងលំអទៅតាមទីតាំងរបស់ខ្លួន ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង បំណងទាក់ទាញការចាប់អារម្មណ៍ភ្ញៀវជាតិ និងអន្តរជាតិមកសម្រាកកម្សាន្តក្នុងពិធីបុណ្យទន្លេ និងពិធីចូលឆ្នាំខ្មែរ។
ប្រធានមន្ទីរទេសចរណ៍ខែត្រស្ទឹងត្រែង លោក អ៊ន់ ប៉ោសឿន លើកឡើងថា ការប្រារព្ធពិធីបុណ្យទន្លេមានអត្ថប្រយោជន៍ដូចជា ទាក់ទាញភ្ញៀវទេសចរឲ្យជ្រាបពីសក្ដានុពលតំបន់ទេសចរណ៍ធម្មជាតិនៅខែត្រស្ទឹងត្រែង បំណងបង្កើនប្រាក់ចំណូលដល់សហគមន៍ និងដើម្បីរំឭកគុណព្រះគង្គា ដែលផ្តល់ប្រភពធនធានមិនចេះរីងស្ងួត។ លោកថា មន្ត្រីទេសចរបានណែនាំឲ្យម្ចាស់ផ្ទះសំណាក់ និងសណ្ឋាគារទាំងអស់ មិនឲ្យឡើងថ្លៃ និងជំរុញឲ្យម្ចាស់ភោជនីយដ្ឋាននានាត្រូវកំណត់តម្លៃឲ្យបានសមរម្យ៖ «យើងត្រៀមស្តង់សម្រាប់ពិព័រណ៍នៅមណ្ឌលព័ត៌មានទេសចរណ៍ខែត្រស្ទឹងត្រែង យើងនេះ នឹងរៀបចំដាក់ព័ត៌មានបន្ថែមទៀត ក្រៅពីយើងមានមជ្ឈមណ្ឌលផ្តល់ព័ត៌មានទេសចរណ៍មួយនៅគល់ស្ពានសេកុងហើយ និងត្រៀមទទួលផ្តល់ព័ត៌មានគ្រប់ភ្ញៀវទេសចរមកទាំងអស់»។
បើទោះជាយ៉ាងណា ក្រុមយុវជន ពលរដ្ឋ និងមន្ត្រីអង្គការសង្គមស៊ីវិល សម្ដែងការព្រួយបារម្ភពីការចោលសំរាមរបស់ពលរដ្ឋ និងអាជីវករនៅខែត្រស្ទឹងត្រែង បើទោះបីជាអាជ្ញាធរក្រុងស្ទឹងត្រែង បានបង្កើតយុទ្ធនាការដើររើសសំរាមបង្កើតធុងសំរាមច្រើនទីតាំង និងបង្កើតក្រុមការងារចុះអប់រំផ្សព្វផ្សាយពលរដ្ឋតាមលំនៅឋានផ្ទាល់ក្តី។ ការព្រួយបារម្ភនេះ ក្រោយពីអាជីវករផ្សារស្ទឹងត្រែង រាប់ពាន់នាក់បានផ្លាស់ប្ដូរកន្លែងលក់ដូរថ្មីកាលពីពេលថ្មីៗនេះ ហើយបានរុះរើតូបលក់ដូររបស់ខ្លួនលើសួនច្បារ និងផ្លូវសាធារណៈបន្សល់គំនរសំរាមច្រើនស្អេកស្កះ។
យុវសិស្សរៀននៅវិទ្យាល័យព្រះរាជបូជនីយកិច្ច កញ្ញា សឿន ធីតា មើលឃើញថា ទម្លាប់បោះចោលសំរាមពាសវាលពាសកាលរបស់ពលរដ្ឋ និងអាជីវករនៅខែត្រស្ទឹងត្រែង បានក្លាយជាការបារម្ភយ៉ាងខ្លាំងប៉ះពាល់សុខភាពសាធារណៈ និងជះឥទ្ធិពលអវិជ្ជមានដល់សង្គម និងបរិស្ថាន។ កញ្ញាសង្កេតឃើញថា នៅគ្រាបុណ្យទន្លេជិតមកដល់ ក្រុមអាជីវករបានទៅលក់នៅកន្លែងថ្មី បន្សល់កាកសំណល់សំរាមស្អុយរលួយពាសពេញក្រុង គឺជាសញ្ញាបង្ហាញពីឥរិយាបថមិនល្អរបស់អាជីវករដែលទាមទារឲ្យអាជ្ញាធរពាក់ព័ន្ធរកវិធានការដោះស្រាយ និងលុបបំបាត់។ លើសពីនេះ ការរៀបចំសណ្ដាប់ធ្នាប់ ការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់អាជ្ញាធរខែត្រស្ទឹងត្រែង ក៏កំពុងមានភាពយ៉ាប់យ៉ឺនដែរ ដោយសារពេលវេលាប្រារព្ធពិធីបុណ្យទន្លេកាន់តែកៀក ហើយទំហំនៃការអភិវឌ្ឍធំធេង ដែលអាចកសាងមិនបានទាន់ពេល៖ «បើតាមនាងខ្ញុំសង្កេតឃើញ អាជ្ញាធរខែត្រស្ទឹងត្រែង យើងហាក់បីដូចជាមិនទាន់មានការរៀបចំបានល្អត្រឹមត្រូវប៉ុន្មានទេ ព្រោះអីនៅខាងមុខនេះមានរៀបចំពិធីបុណ្យទន្លេហើយ»។
អភិបាលក្រុងស្ទឹងត្រែង លោក ប៊ុន ណារី ទទួលស្គាល់ថា ក្រុមអាជីវករពុំបានយកចិត្តទុកដាក់សំរាមឲ្យបានត្រឹមត្រូវ នៅគ្រាដែលរុះរើតូបបន្សល់គំនរសំរាមច្រើនពេញផ្លូវ និងលើសួនច្បារ។ បញ្ហានេះ អាជ្ញាធរក្រុងនឹងស្នើសុំសហការទៅកម្លាំងប្រដាប់អាវុធ មន្ទីរសាធារណការ ក្រុមយុវជន និងស្ថាប័នពាក់ព័ន្ធ ឲ្យប្រារព្ធយុទ្ធនាការសម្អាតជាថ្មីទៀត។ លោកសង្កត់ធ្ងន់ថា បញ្ហាសំរាម អាជ្ញាធរក្រុងនឹងអនុវត្តវិធានការផាកពិន័យបែបអន្តរកាលផ្អែកតាមអនុក្រឹត្យរបស់ប្រមុខរដ្ឋាភិបាល នៅពេលបុណ្យទន្លេរួច៖ «ហើយដល់ពេលគាត់រើតូបចេញ បានដឹងថាសំរាមបានអស្ចារ្យប៉ុណ្ណា ហើយស្អែកហ្នឹងចាប់ផ្តើមយុទ្ធនាការទៀត សុំកម្លាំងខែត្រជួយ ទាំងប៉ូលិស ទាហានប៉េអិម ហើយជួយគឺទាល់តែហើយ»។
ខែត្រស្ទឹងត្រែង ធ្វើជាម្ចាស់ផ្ទះបុណ្យទន្លេលើកទី៣ ដែលប្រារព្ធនៅថ្ងៃទី២៤ ដល់ថ្ងៃទី២៦ មីនា នេះ បន្ទាប់ពីលើកទី១ កាលពីឆ្នាំ២០១៥ ធ្វើនៅខែត្រក្រចេះ មានមនុស្សចូលរួមជាង ១០ម៉ឺននាក់ និងលើកទី២ នៅខែត្រកំពង់ចាម កាលពីឆ្នាំ២០១៦ មានមនុស្សចូលរួមជាង ៥០ម៉ឺននាក់។
រាជរដ្ឋាភិបាលសម្រេចបង្កើតពិធីបុណ្យទន្លេតាមបណ្ដាខែត្រមួយចំនួននៅជាប់ដងទន្លេ ក្នុងទិសដៅជំរុញឲ្យមានការតភ្ជាប់មហាអនុតំបន់តាមដងទន្លេមេគង្គ និងបង្កើតកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាសមាជិកទន្លេមេគង្គលើឆាកអន្តរជាតិ។ បន្ថែមពីនេះ គឺផ្ដោតលើការបង្កើតផលិតផលថ្មីឲ្យបានច្រើនទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្ត និងបានផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ និងទំនៀមទម្លាប់ប្រពៃណីខ្មែរ ឲ្យមនុស្សជាតិស្គាល់ពីតម្លៃប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា៕