សមាជិកក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៩ វិច្ឆិកា មិនបានទៅចូលរួមប្រជុំតាមការអញ្ជើញរបស់អាជ្ញាធរខេត្ត ដើម្បីទៅជួបសំណេះសំណាលនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តនោះទេ។ មន្ត្រីគណបក្សសង្គ្រោះជាតិ អះអាងថា មូលហេតុដែលមិនទៅចូលរួមដោយយល់ថា ពួកគាត់គ្មានតួនាទីក្នុងការងារ ដ្បិតគណបក្សត្រូវបានរំលាយអស់ហើយ។
មន្ត្រីគណបក្សសង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យ ដែលតុលាការទើបរំលាយថ្មីថ្មោងហៅការអញ្ជើញចូលរួមជួបសំណេះសំណាលដោយអាជ្ញាធរខេត្តនេះថា ជារឿងគ្មានប្រយោជន៍ចំពោះក្រុមប្រឹក្សាបក្សប្រឆាំងទេ។
ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យ លោក សោ ចាន់ដេត ឲ្យដឹងនៅថ្ងៃទី១៩ ខែវិច្ឆិកា ថា សមាជិកក្រុមប្រឹក្សាឃុំសង្កាត់គណបក្សលោកសម្ដែងការធុញទ្រាន់យ៉ាងខ្លាំងចំពោះអាជ្ញាធរស្រុកគណបក្សកាន់អំណាចដែលព្យាយាមដើរគោះទ្វារផ្ទះ ដើម្បីយកលិខិតហៅពួកគាត់ឲ្យទៅជួបសំណេះសំណាលជាមួយអាជ្ញាធរខេត្តមួយនេះ។ ប៉ុន្តែលោកអះអាងថា គ្មានសមាជិកគណបក្សរបស់លោកណាម្នាក់ផ្ដល់កិត្តិយសខេត្តនោះទេ៖ «ករណីនេះមានមូលហេតុ២ ដែលមិនចូលរួម គឺទីមួយដោយសារគ្មានការងារដែលត្រូវទៅ ដោយសារគាត់អស់តួនាទី អស់តំណែងហើយ ហើយទី២ ដោយសារពួកគាត់ដឹងពីគោលបំណងដែលគេហៅគាត់ទៅជួបគឺឲ្យគាត់ទៅចុះចូលជាមួយគណបក្សប្រជាជន ដូច្នេះពួកគាត់មិនមានបំណងទៅចូលរួមជាមួយគណបក្សប្រជាជន គាត់ថា មិនទៅទេ ព្រោះទៅមិនដឹងមានប្រយោជន៍អីផង»។
លិខិតអញ្ជើញចុះហត្ថលេខាដោយអភិបាលខេត្តបន្ទាយមានជ័យ លោក សួន បវរ ចុះថ្ងៃទី១៧ ខែវិច្ឆិកា អញ្ជើញសមាជិកក្រុមប្រឹក្សាឃុំសង្កាត់គណបក្សសង្គ្រោះជាតិខេត្តមួយនេះ ចូលរួមសំណេះសំណាលដើម្បីសម្ដែងមនោសញ្ចេតនាក្នុងនាមខ្មែរដូចគ្នា ដែលក្នុងបរិយាកាសរបត់នយោបាយថ្មី ចូលរួមនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា លើកឡើងថា សមាជិកក្រុមប្រឹក្សាគណបក្សប្រឆាំងមានសិទ្ធិសម្រេចទៅចូលរួម ឬមិនទៅចូលក៏បាន ដោយគ្មានទោសកំហុសនោះឡើយ៖ «ទាំងនេះប្រសើនបើចូលដើម្បីខ្មែរគួរតែអ្នកនយោបាយទាំងអស់នោះត្រូវធ្វើជាអ្នកនយោបាយចាស់ទុំ ដែលអ្នកទាំងអស់ធ្វើឡើងដើម្បីការអភិវឌ្ឍប្រទេសឲ្យរីកចម្រើន មិនមែនបង្កើតដើម្បីឲ្យខ្មែរគ្នាឯងឈ្លោះគ្នា លាបពណ៌គ្នាទៅវិញទៅមក មិនមែនជាដំណោះស្រាយដើម្បីបង្រួបបង្រួមជាតិ ដើម្បីឲ្យប្រទេសរីកចម្រើន»។
ទោះជាយ៉ាងណាលោក សោ ចាន់ដេត អះអាងថា ក្រុមប្រឹក្សាគណបក្សលោកខ្លះបានចុះហត្ថលេខាទទួលលិខិតពីអាជ្ញាធរគណបក្សកាន់អំណាចដែរ ក៏ប៉ុន្តែពួកគាត់មិនបានទៅចូលរួមសំណេះសំណាលតាមការអញ្ជើញនោះទេ។
សមាជិកក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ នៅខេត្តបន្ទាយមានជ័យ សរុបចំនួន ២១១នាក់ ហើយរហូតមកទល់ពេលនេះទើបតែមានសមាជិកក្រុមប្រឹក្សាឃុំម្នាក់បានទៅជ្រកក្រោមដំបូងទេវតា៕
សមាជិកក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៩ វិច្ឆិកា មិនបានទៅចូលរួមប្រជុំតាមការអញ្ជើញរបស់អាជ្ញាធរខេត្ត ដើម្បីទៅជួបសំណេះសំណាលនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តនោះទេ។ មន្ត្រីគណបក្សសង្គ្រោះជាតិ អះអាងថា មូលហេតុដែលមិនទៅចូលរួមដោយយល់ថា ពួកគាត់គ្មានតួនាទីក្នុងការងារ ដ្បិតគណបក្សត្រូវបានរំលាយអស់ហើយ។
មន្ត្រីគណបក្សសង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យ ដែលតុលាការទើបរំលាយថ្មីថ្មោងហៅការអញ្ជើញចូលរួមជួបសំណេះសំណាលដោយអាជ្ញាធរខេត្តនេះថា ជារឿងគ្មានប្រយោជន៍ចំពោះក្រុមប្រឹក្សាបក្សប្រឆាំងទេ។ ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យ លោក សោ ចាន់ដេត ឲ្យដឹងនៅថ្ងៃទី១៩ ខែវិច្ឆិកា ថា សមាជិកក្រុមប្រឹក្សាឃុំសង្កាត់គណបក្សលោកសម្ដែងការធុញទ្រាន់យ៉ាងខ្លាំងចំពោះអាជ្ញាធរស្រុកគណបក្សកាន់អំណាចដែលព្យាយាមដើរគោះទ្វារផ្ទះ ដើម្បីយកលិខិតហៅពួកគាត់ឲ្យទៅជួបសំណេះសំណាលជាមួយអាជ្ញាធរខេត្តមួយនេះ។ ប៉ុន្តែលោកអះអាងថា គ្មានសមាជិកគណបក្សរបស់លោកណាម្នាក់ផ្ដល់កិត្តិយសខេត្តនោះទេ៖ «ករណីនេះមានមូលហេតុ២ ដែលមិនចូលរួម គឺទីមួយដោយសារគ្មានការងារដែលត្រូវទៅ ដោយសារគាត់អស់តួនាទី អស់តំណែងហើយ ហើយទី២ ដោយសារពួកគាត់ដឹងពីគោលបំណងដែលគេហៅគាត់ទៅជួបគឺឲ្យគាត់ទៅចុះចូលជាមួយគណបក្សប្រជាជន ដូច្នេះពួកគាត់មិនមានបំណងទៅចូលរួមជាមួយគណបក្សប្រជាជន គាត់ថា មិនទៅទេ ព្រោះទៅមិនដឹងមានប្រយោជន៍អីផង»។