Clik here to view.

រដ្ឋាភិបាលកម្ពុជាបានពង្រាយកម្លាំងប៉ូលិសទាហាន និងមន្ត្រីកងរាជអាវុធហត្ថជាច្រើនរាប់ពាន់នាក់ ព្រមទាំងអាវុធធុនធ្ងន់មួយចំនួនទៀត ដើម្បីទប់ស្កាត់រារាំង មិនឲ្យមានការធ្វើបាតុកម្មតវ៉ា ទាំងឡាយណារបស់ពលរដ្ឋ ខណៈតុលាការកំពូល ជម្រះក្ដីរឿងរំលាយគណបក្សសង្គ្រោះជាតិ ជាពិសេសនៅរាជធានីភ្នំពេញ នៅថ្ងៃទី១៦ វិច្ឆិកានេះ។ ទន្ទឹមគ្នានេះ ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តមួយចំនួនបានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការបញ្ចេញកម្លាំងការពារដ៏ច្រើននេះ។
ប្រជាពលរដ្ឋមួយចំនួននៅខេត្តត្បូងឃ្មុំ ខេត្តស្ទឹងត្រែង ខេត្តបន្ទាយមានជ័យ លើកឡើងថា ស្ថានការណ៍នយោបាយបច្ចុប្បន្ន បានឡើងកម្លាំងកាន់តែខ្លាំងហើយ ពីព្រោះអាជ្ញាធរបានដាក់ពង្រាយប៉ូលិសទាហានជាច្រើន ដែលជាការបំភិតបំភ័យដល់ប្រជាពលរដ្ឋ។ ពួកគាត់រិះគន់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា បញ្ចេញធ្មង់កំញើញប្រជាពលរដ្ឋដើម្បីរក្សាអំណាចរបស់បក្សពួកខ្លួន ដែលធ្វើឲ្យស្ថានការណ៍ស្រុកទេសប្រឈមនឹងការជ្រួលច្របល់។ «»
ចំណែកមន្ត្រីគណបក្សសង្គ្រោះជាតិ នៅខេត្តមួយចំនួនហាក់មិនទាន់មានសកម្មភាពអ្វី ដើម្បីឆ្លើយតបពីការព្រួយបារម្ភរបស់ប្រជាពលរដ្ឋនៅឡើយទេ។ ក៏ប៉ុន្តែពួកគាត់លើកឡើងថា ការដាក់កម្លាំងការពារដ៏ច្រើននេះ គឺជាការគំរាមកំហែងធ្ងន់ធ្ងរដល់សកម្មជនគណបក្សខ្លួន ធ្វើឲ្យភ័យខ្លាច ហើយមិនហ៊ានធ្វើសកម្មភាពដើម្បីជួយពលរដ្ឋជួបការលំបាកនោះទេ។ «»
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺលោក ស ខេង កាលពីថ្ងៃទី១៣ វិច្ឆិកា បានចេញលិខិតបញ្ជាទៅអភិបាលខេត្តរាជធានីទាំង២៥ ឲ្យរៀបចំក្រុមការងារប្រចាំបញ្ជាតាមដាន និងដោះស្រាយបញ្ហានានាពាក់ព័ន្ធនឹងឧបាយកលផ្ដួលរំលំរដ្ឋអំណាចនៅកម្ពុជា។ ក្នុងលិខិតដដែលនេះឲ្យដឹងទៀតថា ដើម្បីគ្រប់គ្រងតាមដានស្ថានការណ៍ និងដោះស្រាយទាំងអស់នេះបានឆាប់រហ័ស ត្រូវរៀបចំក្រុមការងារ សម្រាប់បញ្ជាតាមដានបញ្ហានេះ ចាប់ពីថ្ងៃទី១៥ វិច្ឆិកា តទៅ។ ក្រោយពីចេញបទបញ្ជានេះភ្លាម អាជ្ញាធរនៅតាមបណ្ដាខេត្ត ក៏បានបញ្ចេញកម្លាំងប៉ូលិសទាហានពង្រាយប្រចាំការនៅចំណុចសំខាន់ៗតាមខេត្តរៀងៗខ្លួន។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា តាមបណ្ដាខេត្តជាប់ផ្លូវជាតិលេខ៥ អាជ្ញាធរបានដាក់កម្លាំងត្រួតពិនិត្យ ឆែកឆេររថយន្ត របស់អ្នកធ្វើដំណើរជាច្រើនកន្លែង។ លោកសង្កត់ធ្ងន់ថា ការដាក់កម្លាំងការពាររបស់អាជ្ញាធរអំឡុងតុលាការជម្រះក្ដីរំលាយគណបក្សប្រឆាំងនេះ គឺជាការកំញើញសាច់ដុំឲ្យប្រជាពលរដ្ឋភ័យខ្លាច។ «»
ការដាក់កម្លាំងការពារបាតុកម្មនេះ នៅខេត្តខ្លះអាជ្ញាធរបានដាក់ប៉ូលិស ឃ្លាំមើលតាមផ្ទះរបស់សមាជិកសហគមន៍ដីធ្លី ដែលធ្លាប់ចេញមុខតវ៉ាញឹកញាប់ និងផ្ទះសកម្មជនគណបក្សសង្គ្រោះជាតិជាដើម។ កម្លាំងសមត្ថកិច្ចមានទាំងបំពាក់អាវុធ និងដំបងខែល ហើយមានទាំងកម្លាំងចល័ត និងប្រចាំការនៅចំណុចគោលដៅ ជាពិសេសនៅរាជធានីភ្នំពេញ និងនៅតាមព្រំដែននៅក្រុងប៉ោយប៉ែត និងច្រកព្រំខេត្តប៉ៃលិនជាដើម។ ក្រៅពីនេះ រថយន្តដឹកកាំភ្លើងធុនធ្ងន់របស់ក្រសួងការពារជាតិ ប្រចាំការ ២៤ម៉ោងទៀតផង៕