Clik here to view.

អតីតប្រធានគណបក្សប្រឆាំង ប្រកាសជាថ្មីទៀតថា លោកនឹងវិលចូលឆាកនយោបាយឡើងវិញ បើទោះជាការវិលចូលនេះ គណបក្សប្រឆាំងត្រូវគេរំលាយ ឬមិនរំលាយក៏ដោយ។ ច្បាប់ស្ដីពីវិសោធនកម្មគណបក្សនយោបាយ ដែលរងការរិះគន់ថា ធ្វើទៅតាមការចង់បានរបស់លោក ហ៊ុន សែន នោះបានបិទផ្លូវមិនឲ្យមេបក្សដែលមានទោសធ្វើនយោបាយ ហើយបើធ្ងន់ធ្ងរត្រូវរំលាយបក្សចោល។
ការប្រកាសជំហរជាថ្មីទៀតរបស់លោក សម រង្ស៊ី នៅពេលនេះ ធ្វើឡើងមុនមួយថ្ងៃប៉ុណ្ណោះ ស្របពេលតុលាការកំពូលនឹងលើកយកសំណុំរឿងស្នើសុំឲ្យរំលាយបក្សប្រឆាំងចេញពីឆាកនយោបាយនេះ ទៅជំនុំជម្រះដែលជាការឆ្លើយតបទៅនឹងបណ្ដឹងរបស់មេធាវីតំណាងដោយអាណត្តិរបស់ក្រសួងមហាផ្ទៃ។
លោក សម រង្ស៊ី បានប្រកាសដាច់ណាត់ថា ចាប់ពីពេលនេះតទៅ លោកនឹងវិលចូលនយោបាយឡើងវិញ ហើយក៏លែងខ្វល់ពីការរំលាយ ឬមិនរំលាយបក្សប្រឆាំងនេះតទៅទៀតហើយ។ អតីតមេបក្សប្រឆាំង ដែលធ្លាប់បោះបង់តួនាទីជាប្រធានបក្ស ដើម្បីជួយសង្គ្រោះជីវិតនយោបាយបក្សនេះ កាលពីខែ កុម្ភៈ ដើម្បីបញ្ចៀសពីគ្រោះអាក្រក់កើតឡើង អះអាងថា ពីពេលនេះទៅលោកលែងខ្វល់នឹងការរំលាយបក្សសង្គ្រោះជាតិទៀតហើយ។
លោក សម រង្ស៊ី ដែលបានសរសេរយ៉ាងពិស្ដារ នៅលើបណ្ដាញសង្គមរបស់លោក នៅថ្ងៃទី១៥ វិច្ឆិកា ដែលមុនមួយថ្ងៃនៃរឿងក្ដី របស់បក្សប្រឆាំង ត្រូវឡើងតុលាការនោះ បញ្ជាក់ថា ការដែលរូបលោក ដើរចេញពីឆាកនយោបាយទាំងបង្ខំនោះ ព្រោះតែចង់រក្សាអាយុជីវិត បក្សប្រឆាំងដើរឲ្យដល់គោលដៅ។ ប៉ុន្តែ អតីតមេបក្សប្រឆាំង ដែលមានពិសោធន៍លើសលប់ ក្នុងចលនាបាតុកម្ម ដោយសន្តិវិធីជាច្រើនអាណត្តិណាស់មកហើយ បានហៅច្បាប់ដែលអនុម័តដោយ បក្សកាន់អំណាចនេះថា ជាច្បាប់តិរច្ឆាន។
បើទោះជាបែបណា ច្បាប់ស្ដីពីវិសោធនកម្មច្បាប់គណបក្សនយោបាយ ដែលអនុម័តចំនួន ៣ដងរួចមកហើយ ក្នុងរយៈពេលដ៏តក់ក្រហល់នេះ ត្រូវរងការរិះគន់ថា ជាការតាក់តែងឡើង ទៅតាមការចង់បានរបស់លោក ហ៊ុន សែន។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានហៅលោក សម រង្ស៊ី ថាជាអ្នកនយោបាយដែលរកជឿទុកចិត្តមិនបាន ព្រោះជាអ្នកនយោបាយដែលក្រឡេចក្រឡុច។ លោកបន្តថា រឿងអតីតមេបក្សនេះ ប្រកាសចូលបក្សនយោបាយឡើងវិញ វារឹតតែស្មុគស្មាញថែមទៀត ដោយសារអ្នកនាំពាក្យរូបនេះជឿថា ក្រោយបក្សប្រឆាំងត្រូវរលាយហើយនោះ មិនដឹងអ្នកណាទទួលស្គាល់លោក សម រង្ស៊ី ឲ្យចូលបក្សទៀត។ «»
កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ លោក សម រង្ស៊ី បានលាឈប់ពីប្រធានគណបក្ស។ អតីតមេបក្សប្រឆាំងរូបនេះ អះអាងថា មូលហេតុនៃការបោះបង់តួនាទីជាប្រធានគណបក្ស ដោយបង្ខំនេះ ព្រោះតែច្បាប់ស្ដីពីវិសោធនកម្មច្បាប់គណបក្សនយោបាយ មានចេតនាតាក់តែងឡើង ចង់កម្ចាត់រូបលោកចេញពីឆាកនយោបាយ ទៅតាមបំណងរបស់លោក ហ៊ុន សែន។
លោកបណ្ឌិត ឡៅ ម៉ុង ហៃ អ្នកវិភាគសង្គម និងនយោបាយ យល់ឃើញថា ការហក់ចូលឆាកនយោបាយរបស់លោក សម រង្ស៊ី នៅពេលនេះពិតជា ចំកាលៈទេសៈដែលចាំបាច់បំផុត ក្នុងការរុញចលនាបក្សឲ្យដើរទៅមុខ។ លោកបន្តថា វត្តមានលោក សម រង្ស៊ី ក្នុងគ្រោះអាសន្ននេះ ថ្វីបើមិនអាចទប់នឹងការរំលាយបានមែន ក៏ឥទ្ធិពលរបស់លោក សម រង្ស៊ី រឹតតែធ្វើឲ្យចលនាគាំទ្រខ្លាំងជាងមុន នៅថ្នាក់ក្រោមជាតិ។ «»
ការវិលចូលទ្រនំនយោបាយជាថ្មីឡើងវិញ របស់លោក សម រង្ស៊ី និងជាគូប្រឆាំងដ៏ស្វិតស្វាញជាមួយលោក ហ៊ុន សែន អស់ពេលជាច្រើនអាណត្តិមកហើយនេះ ធ្វើឡើងមុនមួយថ្ងៃប៉ុណ្ណោះ ដែលតុលាការកំពូលនឹងបើកសវនាការពេលព្រឹក លើបណ្ដឹងសុំរំលាយបក្សសង្គ្រោះជាតិ។
មេធាវីតំណាងដោយអាណត្តិរបស់ក្រសួងមហាផ្ទៃ ដែលមានលោក គី តិច ជាប្រធានក្រុមដឹកនាំ បានយកភស្តុតាងជាច្រើនករណី ផ្ដល់ជូនទៅតុលាការ មុនថ្ងៃសវនាការចាប់ផ្ដើម នៅថ្ងៃទី១៦ វិច្ឆិកា។ ហើយភស្តុតាងចុងក្រោយ គឺស្នើឲ្យតុលាការបិទសិទ្ធិនយោបាយរយៈពេល ៥ឆ្នាំ ដោយគិតចាប់ពីថ្នាក់គណៈកម្មការនាយក រហូតដល់ប្រធានគណបក្សប្រមាណជាជាង ១០០នាក់។
យ៉ាងនេះក្ដីអ្នកវិភាគនយោបាយ យល់ឃើញថា ការប្រើប្រាស់ស្ទើរគ្រប់មធ្យោបាយ រួមទាំងបង្កើតសេណារីយោ បដិវត្តពណ៌ ការសម្លុតគំរាមកំហែង ទៅដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់បក្សប្រឆាំង និងការទិញទឹកចិត្តជាដើម របស់លោក ហ៊ុន សែន ដើម្បីកម្ទេចសំឡេងប្រឆាំងនេះ គឺពុំមានហេតុផលអ្វីផ្សេង ក្រៅពីដើម្បីរក្សាអំណាចរបស់បន្តទៀតប៉ុណ្ណោះ៕