
មន្ត្រីគណបក្សសង្គ្រោះជាតិ នៅខេត្តព្រៃវែង អះអាងថា គ្មានសកម្មជនជាង ៤០០នាក់ ចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ឡើយ។ ការអះអាងដូច្នេះ បន្ទាប់ពីសារព័ត៌មានដែលស្និទ្ធនឹងបក្សកាន់អំណាចបានផ្សព្វផ្សាយថា មានសកម្មជនជាង ៤០០នាក់ នៅស្រុកស្វាយអន្ទរ បានចុះចូលជាមួយបក្សកាន់អំណាច កាលពីថ្ងៃទី១៣ ខែវិច្ឆិកា។
មន្ត្រីគណបក្សសង្គ្រោះជាតិ ខេត្តព្រៃវែង ចាត់ទុកការចុះផ្សាយរបស់សារព័ត៌មានហ្វ្រេសញ៉ូវ (Fresh News) ដែលចោទថា សមាជិកបក្សប្រឆាំងចំនួន ៤១៧នាក់ នៅស្រុកស្វាយអន្ទរ ចុះចូលជាមួយបក្សកាន់អំណាចនោះ គឺជាការបំផ្លើសការពិត និងមានចេតនាបំបែកបំបាក់សាមគ្គីភាពរបស់បក្សប្រឆាំង។
សមាជិកក្រុមប្រឹក្សាខេត្ត និងជាលេខាគណបក្សសង្គ្រោះជាតិ ខេត្តព្រៃវែង លោក ជុំ ចាន់ បញ្ជាក់ថា នៅស្រុកស្វាយអន្ទរ មានតែក្រុមប្រឹក្សាឃុំតែ ២នាក់ប៉ុណ្ណោះ បានចុះចូលជាមួយបក្សកាន់អំណាច។ ចំណែកការចុះផ្សាយថា មានសមាជិកជាង ៤០០នាក់ នឹងធ្វើវេទិកាជាដើមនោះ គឺជារឿងមិនពិត៖ «»។
កាលពីថ្ងៃទី១៣ ខែវិច្ឆិកា បណ្ដាញសារព័ត៌មាន Fresh News ចុះផ្សាយថា បានទទួលលិខិតពីគណៈកម្មាធិការប្រតិបត្តិគណបក្សស្រុក, សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់, ជំទប់ និងសកម្មជននៅស្រុកស្វាយអន្ទរ ជាង ៤០០នាក់ថ្មីទៀត ដែលបានសម្រេចចិត្តដើរចេញពីគណបក្សសង្គ្រោះជាតិ មកសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
លោក ជុំ ចាន់ មានប្រសាសន៍ថា រហូតមកដល់ពេលនេះ សកម្មជន និងមន្ត្រីគណបក្សសង្គ្រោះជាតិ នៅតែរឹងមាំដដែល ទោះបីជាមានការផ្សាយព័ត៌មានមិនពិតក្តី និងមានយុទ្ធនាការដើរអូសទាញឲ្យចុះចូលជាមួយបក្សកាន់អំណាចក៏ដោយ៖ «»។
រហូតមកដល់ពេលនេះ នៅសល់តែ ៣ថ្ងៃទៀតប៉ុណ្ណោះ គម្រោងរំលាយគណបក្សសង្គ្រោះជាតិ ពីសំណាក់រដ្ឋាភិបាល លោក ហ៊ុន សែន នឹងចូលមកដល់ ពោលគឺនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ០១៧។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា ព័ត៌មាននៃការរត់ចុះចូលជាមួយបក្សកាន់អំណាច និងការធ្វើពិធីទទួលសមាជិកថ្មី ព្រមទាំងរូបភាពនៃការដុតអាវ និងមួក គឺមិនមែនទើបតែកើតឡើង ខណៈដែលបក្សប្រឆាំងប្រឈមនឹងការរំលាយចោលនោះទេ ពោលគឺកើតឡើងតាំងពីយូរណាស់មកហើយ ប៉ុន្តែទីផុតបក្សប្រឆាំងនៅតែទទួលបានការគាំទ្រច្រើនដដែលទៅវិញ។ លោកបន្ថែមថា ការអូសទាញរបស់បក្សកាន់អំណាចរបៀបនេះ គឺមិនសូវបានផលឡើយ៖ «»។
លោក ជុំ ចាន់ អះអាងថា រហូតមកដល់ពេលនេះ ទើបតែមានក្រុមប្រឹក្សាឃុំ-សង្កាត់ និងមន្ត្រីគណបក្សសង្គ្រោះជាតិ ចំនួន ១៨នាក់ បានចុះចូលជាមួយបក្សកាន់អំណាច ក្នុងនោះមានតំណាងរាស្ត្រម្នាក់គឺលោក ឡុង ប៊ុន្នី។ លោក ជុំ ចាន់ ថា ការចុះចូលនេះ គឺមិនមែនជាទឹកចិត្តរបស់ពួកគេនោះទេ៕