
កម្មករដែលធ្វើការនៅក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោមពីរ ប្រទះឃើញរថយន្ត យីឌុប ៥៧គ្រឿង រថយន្តប៉ាកុងដឹកឈើមូល ១៣គ្រឿង និងសាឡង់ ៣គ្រឿង បានចរាចរលើខ្នងទំនប់ និងតាមផ្លូវទឹកចូលផ្ទៃអាងវារីអគ្គិសនីសេសានក្រោមពីរ។
ពួកគេស្ដីបន្ទោសរដ្ឋាភិបាល និងក្រសួងបរិស្ថានថា មិនទទួលខុសត្រូវអំពីវិនាសកម្មព្រៃឈើទាំងនោះទេ បើទោះបីជាសហគមន៍ និងពលរដ្ឋរាយការណ៍បញ្ហានេះច្រើនសាមកហើយក្ដី។
កម្មករដែលធ្វើការនៅទំនប់វារីអគ្គិសនីសេសានក្រោមពីរឲ្យដឹងថា រោងចក្រអារឈើ ពីរទីតាំងដែលឋិតនៅតំបន់បាតអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ នៅតែបន្តអាជីវកម្មអារច្រៀកឈើមូលដដែល ដោយមានរថយន្តយីឌុបរាប់សិបគ្រឿង ត្រៀមដឹកជញ្ជូនឈើលើខ្នងទំនប់ចេញក្រៅ និងយកទៅប្រទេសវៀតណាម។
កម្មករថ្លែងសុំមិនបញ្ចេញឈ្មោះ ព្រោះបារម្ភពីសុវត្ថិភាព ឲ្យដឹងនៅថ្ងៃទី១២ វិច្ឆិកា ថា បទល្មើសព្រៃឈើកើតមានយ៉ាងគគ្រឹកគគ្រេង បើទោះបីជាទំនប់សាងសង់រូចរាល់ហើយក្ដី។ លោកថា ក្រុមហ៊ុន បិទទ្វារទឹកជាស្ថាពរបំពេញអាង ដើម្បីផលិតថាមពលអគ្គិសនី បង្កឲ្យលិចលង់ភូមិស្រែគរ និងភូមិក្បាលរមាសចាស់ជិត ១ខែមកហើយ ក៏ប៉ុន្តែអាជីវកម្មឈើទ្រង់ទ្រាយធំ ក្រោមលេសសំអាតបាតអាង នៅតែកើតមាន ពុំទាន់មានស្ថាប័នណាប្រកាន់ជំហរច្បាស់លាស់ទប់ស្កាត់នោះទេ។ «» បុរសដដែលបន្តថា រថយន្តយីឌុប ៥៧គ្រឿងនោះ បានដឹកឈើប្រភេទសុក្រំ ដែលគេយកពីតំបន់ព្រៃនៅស្រុកសៀមប៉ាង និងស្រុកសេសាន និងនៅតំបន់ភ្នំក្រឡាពស់ ក្រោយមានកម្មករច្រើនក្រុមចូលព្រៃអារច្រៀក និងដឹកជញ្ជូនតាមរថយន្តប៉ាកុងចូលរោងអារច្រៀកឈើ។ លោកថា ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាល គ្មានការទទួលខុសត្រូវចំពោះបទល្មើសឧក្រិដ្ឋកម្មព្រៃឈើទាំងនោះទេ បែរជាធ្វើមិនដឹងមិនឮ រីឯគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើរបស់រដ្ឋាភិបាល ក៏ពុំឃើញចុះទប់ស្កាត់ដែរ។
ផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ មានផ្ទៃដី ៣៦.០០០ហិកតារ ឋិតក្នុងស្រុកសេសាន ខែត្រស្ទឹងត្រែង ដែលមានក្រុមហ៊ុនឈ្មោះ អាំង អែន អាសូស៊ីអែត ឡយ័រ (Ang & Associates Lawyer Co., Ltd) របស់ឧកញ៉ា គិត ម៉េង ទទួលសិទ្ធិសម្អាតបាតអាងតាំងពីឆ្នាំ២០១២។ ក៏ប៉ុន្តែពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលរកឃើញថា ក្រុមហ៊ុនបានដឹកឈើពីខាងក្រៅចូលផ្ទៃអាង ជាលេសថា សំអាតបាតអាង និងដើម្បីប្រែក្លាយជាឈើស្របច្បាប់ ដោយមានការឃុបឃិតគ្នាជាប្រព័ន្ធជាមួយអាជ្ញាធរពាក់ព័ន្ធរបស់រដ្ឋាភិបាល។
មេឃុំស្រែគរ លោក សៀក មេគង្គ ទទួលស្គាល់ថា ភាពមិនប្រក្រតីនៃអាជីវកម្មឈើនៅតំបន់នោះបានកើតមានច្រើនឆ្នាំណាស់មកហើយ ក៏ប៉ុន្តែពុំមានស្ថាប័នចេញមុខត្រូតពិនិត្យ និងទប់ស្កាត់នោះទេ។ លោកថា អាជ្ញាធរពាក់ព័ន្ធមិនបានលើកទឹកចិត្តដល់កិច្ចគាំទ្រធនធានធម្មជាតិ របស់ពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានទេ ពោលបើអាជ្ញាធរឃុំរាយការណ៍បទល្មើសព្រៃឈើទៅថ្នាក់លើ ត្រូវគេចោទថា ជាក្រុមបក្សប្រឆាំងផ្កាប់មុខ។ «»
មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើនៃសមាគមអាដហុក ខែត្រស្ទឹងត្រែង លោក ហូ សំអុល ឲ្យដឹងថា វាពុំមែនជារឿងថ្មីឡើយ ចំពោះបទល្មើសព្រៃឈើនៅតំបន់នោះ ដែលឈ្មួញប្រើលេសថា ជាឈើស្របច្បាប់ ក៏ប៉ុន្តែ ធាតុពិតឈើទាំងនោះ គឺជាឈើខុសច្បាប់ដែលគេដឹកចេញពីតំបន់ផ្សេង។ លោកអំពាវនាវជាថ្មីទៀត ស្នើឲ្យក្រសួងបរិស្ថាន និងរដ្ឋាភិបាលត្រូវបញ្ឈប់អាជីវកម្មឈើខុសច្បាប់ទ្រង់ទ្រាយធំនៅតំបន់នោះ ដែលលោកចាត់ទុកថា បំផ្លាញធនធានធម្មជាតិនៅកម្ពុជាជាប្រព័ន្ធ។ «»
កាលពីចុងខែកញ្ញា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទៅសម្ពោធបិទទ្វារទឹកជាស្ថាពរ នៅទំនប់វារីអគ្គិសនីសេសានក្រោមពីររួចហើយ ដើម្បីផ្ទុកទឹកបំពេញតួប៊ីន រហូតលិចលង់ភូមិឋាន អ្នកភូមិអស់ច្រើនគ្រួសារទៀតផង។ កន្លងទៅ លោក ហ៊ុន សែន ធ្លាប់សន្យាថា សុខចិត្តសម្លាប់ខ្លួន បើលោកការពារព្រៃឈើមិនបាន៕