Quantcast
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​ស្វាយរៀង​៥០​គ្រួសារ​ដែល​រងគ្រោះ​ដីធ្លី​ជាមួយ​អ្នក​មាន​ឥទ្ធិពល​ធ្លាក់​ខ្លួន​ដើរ​សុំទាន

Image may be NSFW.
Clik here to view.

អ្នកភូមិ ៥០​គ្រួសារ រស់​នៅ​ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខែត្រ​ស្វាយរៀង ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​អ្នក​មាន​អំណាច កំពុង​ប្រឈម​នឹង​ជីវភាព​គ្រួសារ ពលរដ្ឋ​ខ្លះ​ធ្វើ​សំណាក​ស្រុក និង​ខ្លះ​ទៀត​ដើរ​សំ​ទាន​គេ ចិញ្ចឹមជីវិត។ ពលរដ្ឋ​ចោទ​ថា អ្នក​មាន​អំណាច​ម្នាក់ អតីត​ជា​មន្ត្រី​កងរាជអាវុធហត្ថ ឈ្មោះ ឈឹម ឈាន បាន​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ជាមួយ​អាជ្ញាធរ​លួច​ធ្វើ​ប្លង់​រឹង រំលោភ​យក​ដី​ពួកគាត់ ៦៤​ហិកតារ តាំងពី​ឆ្នាំ​២០០៤ រហូត​មក​ទល់​ពេល​នេះ មិនទាន់​ដោះស្រាយ​ចប់​នៅឡើយ។ អ្នក​ភូមិ​ចាត់​ទុក​ថា ការ​រំលោភ​ដីធ្លី​ដោយ​អ្នក​មាន​អំណាច រួមផ្សំ​នឹង​តុលាការ​មិន​ផ្ដល់​យុត្តិធម៌​ជូន​ពួកគាត់​ផង​នោះ គឺជា​មូលហេតុ​នាំ​ឲ្យ​ពួកគាត់​ធ្លាក់ខ្លួន​ក្រីក្រ​តោកយ៉ាក។

ពលរដ្ឋ ៥០​គ្រួសារ ដែល​មាន​វិបត្តិ​ដីធ្លី​រ៉ាំរ៉ៃ ជាង ១០​ឆ្នាំ​មក​ហើយ ឲ្យ​ដឹង​នៅ​ថា អាជ្ញាធរ​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល ពី​ថ្នាក់​មូលដ្ឋាន រហូតដល់​ថ្នាក់​ជាតិ មិន​បាន​យកចិត្តទុកដាក់ ដោះស្រាយ​ក្ដី​កង្វល់​របស់​ពលរដ្ឋ​នោះ​ទេ ដែល​បង្ក​ប៉ះពាល់​មុខរបរ​ចិញ្ចឹមជីវិត និង​ជីវភាព​រយៈពេល​វែង ត្បិត​ដីស្រែ​ដែល​ពួកគាត់​ធ្លាប់​ធ្វើ​តាំងពី​ទសវត្ស ទី៨០ មក​ហើយ​នោះ ត្រូវ​បាន​គេ​ហាមឃាត់។

តំណាង​ពលរដ្ឋ​រស់នៅ​ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា លោក កើត ណូ រំឭក​ថា ពលរដ្ឋ ៥០​គ្រួសារ មាន​ដីស្រែ ៦៤ហិកតារ ដោយមាន​អាជ្ញាធរ​ភូមិ​/​ឃុំ​ទទួលស្គាល់ និង​បាន​អាស្រ័យ​ផល​លើ​ដី​នោះ តាំងពី​ទសវត្ស​ទី៨០ រហូត​ដល់​ឆ្នាំ ២០០០។ ហើយ​ក្នុង​ឆ្នាំ​នោះ មាន​ទឹកជំនន់​អ្នកភូមិ​ផ្អាក​ធ្វើ​កសិកម្ម ហើយ​រហូតដល់​ឆ្នាំ​២០០៤ ស្រាប់តែ​បុរស​ឈ្មោះ ឈឹម ឈាន កាលនោះ​ជា​មន្ត្រី​អាវុធហត្ថ បាន​បោះ​បង្គោល​រំលោភ​យក​ដី​ពួកគាត់ ដោយ​អះអាង​ថា ដី​នោះ​គាត់​មាន​ប្លង់​កម្មសិទ្ធិ។ ក្រោយ​មក​អ្នកភូមិ​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ សុំ​ឲ្យ​ពិនិត្យមើល​ប្រសិទ្ធភាព​ប្លង់​រឹង​នោះ និង​ស្នើ​ឲ្យ​ប្រគល់​ដី​ទាំងនោះ​ជូន​ពលរដ្ឋ​ធ្វើស្រែ​វិញ តែ​ពុំ​មាន​លទ្ធផល។ លោក​ថា នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ចន្ទ្រា បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី នៃ​ការ​លូច​ធ្វើ​ប្លង់​រឹង​ដែរ តែ​សាលាដំបូង ខែត្រ​ស្វាយរៀង បាន​កាត់​ក្តី​ឲ្យ​ពលរដ្ឋ​ចាញ់ ហើយ​អ្នកភូមិ​បាន​ប្ដឹង​សាទុក្ខ​ទៅ​សាលា​ឧទ្ធរណ៍។ លោក​កត់​សម្គាល់​ថា ជាង ១០​ឆ្នាំ​ហើយ អ្នកភូមិ​មិន​បាន​ធ្វើ​កសិកម្ម​លើ​ដី​មាន​វិវាទ​នេះ​ទេ ស្រាប់តែ​ភាគី​ម្ខាង​ទៀត​បាន​ជួល​ដី​នៅ​តំបន់​នោះ​ឲ្យ​ទៅ វៀតណាម​ជាង ៣​ឆ្នាំ​មក​ហើយ៖ «បើ​និយាយ​រួម​ទៅ គេ​ឃុបឃិត​គ្នា​តាំងពី​ថ្នាក់​ខែត្រ ស្រុក និង​ឃុំ​សុទ្ធតែ​ខ្សែ​គេ​ទាំងអស់ បើ​អ៊ីចឹង​ប្រជាពលរដ្ឋ​ពិបាក​ដែរ បើ​ថា​តែ​វៀតណាម​មិន​ខ្លាច​ទេ»

ពលរដ្ឋ​រស់នៅ​ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា លោកស្រី ស្វាយ សុខា វ័យ ៥៧​ឆ្នាំ ត្អូញ​ថា អ្នកភូមិ​រងគ្រោះ​ដោយ​ការរំលោភ​ដីធ្លី​នេះ ធ្លាក់ខ្លួន​ក្រីក្រ​ព្រោះ​គ្មាន​ដី​ធ្វើស្រែ​ចិញ្ចឹមជីវិត ពលរដ្ឋ​ខ្លះ​ធ្វើ​ចំណាកស្រុក និង ខ្លះ​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស រីឯ​ពលរដ្ឋ​មួយ​ចំនួន​តូច​បង្ខំចិត្ត​ដើរ​សុំទាន​គេ។ លោកស្រី​ថា អ្នកភូមិ​បាន​នាំគ្នា​សុំ​អន្តរាគមន៍​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ស្ថាប័ន​ពាន់​ព័ន្ធ​ច្រើន​សា​ហើយ តែ​ពុំ​មាន​លទ្ធផល។ លោកស្រី​បន្ថែម​ថា ដី​ដែល​កំពុង​មាន​វិវាទ អាជ្ញាធរ​បាន​អនុញ្ញាត​ឲ្យ​ភាគី​ម្ខាង​ធ្វើស្រែ ជួល​ដី​នោះ​ឲ្យ​វៀតណាម​អស់​រយៈពេល ៤​ឆ្នាំ​មក​ហើយ។ លើស​ពី​នេះ កាលពី​ឆ្នាំ​២០១៥ អ្នកភូមិ ៦​គ្រួសារ​បាន​នាំ​គ្នា​ធ្វើស្រែ​លើ​ដី​នោះ តែ​ត្រូវ​អាជ្ញាធរ យក​ត្រាក់ទ័រ​កិន​កម្ទេច​ស្រូវ​ពួកគាត់ ខូចខាត​ស្រូវ​អស់ ៦តោន។ ជាង​នេះ​ទៀត អ្នកភូមិ ៣​នាក់​ធ្លាប់​ត្រូវ​អាជ្ញាធរ​ចាប់​ដាក់គុក​ជិត ១​ខែ ព្រោះតែ​តវ៉ា​ទាមទារ​ដី​របស់​ខ្លួន​មកវិញ៖ «គ្មាន​ដី​អី​ធ្វើ​ទេ​មានតែ​ប៉ុណ្ណឹង ដី​រដ្ឋ​កម្ពុជា​ចែក​ឲ្យ​ហើយ រុករាន​ថែម តែ​គេ​មក​ចុះ​យក​ធ្វើ​ប្លង់​រឹង មកទល់​ឥឡូវ​មាន​បាន​ធ្វើ​អី ហើយ​មាន​ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​អី ឲ្យ​តែ​ពួក​ខាង​នោះ​ធ្វើ​រហូត និង​ជួល​ឲ្យ​យួន»

កាលពី​ឆ្នាំ​២០១៣ អាជ្ញាធរ​ខែត្រ​ស្វាយរៀង បាន​ចាប់ខ្លួន​ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​នេះ ៣​នាក់ និង​បញ្ជូន​ទៅ​តុលាការ ហើយ​តុលាការ​សម្រេច​ឃុំខ្លួន​ពួកគាត់​អស់ ២៨ថ្ងៃ។ អ្នកភូមិ​ចាត់​ទុក​ការ​ប្រើ​ប្រព័ន្ធ​តុលាការ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ គឺជា​ការ​គំរាមកំហែង​សិទ្ធិ​ពួកគាត់​ធ្ងន់ធ្ងរ ផ្ទុយ​ពី​ក្របខ័ណ្ឌ​ច្បាប់។

អាស៊ីសេរី​មិន​អាច​រក​ប្រភព​ទាក់ទង​អតីតមន្ត្រី​កងរាជអាវុធហត្ថ លោក ឈឹម ឈាន ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​បានទេ​នៅ​ថ្ងៃ​ទី៨ វិច្ឆិកា។

មេឃុំ​ចន្ទ្រា លោក សុក ផាង មាន​ប្រសាសន៍​ថា វិវាទ​ដីធ្លី​នេះ​គឺជា​កាតព្វកិច្ច​របស់​តុលាការ​ដោះស្រាយ ដោយសារតែ​ភាគី​ម្ខាង​មាន​ប្លង់​រឹង ឬ​ប្លង់​កម្មសិទ្ធិ។ លោក​បញ្ជាក់​ថា សំណុំ​រឿង​នេះ​ហួស​ពី​សមត្ថភាព​អាជ្ញាធរ​ឃុំ។ លោក​ថា អាជ្ញាធរ​ឃុំ​មិនទាន់​ទទួល​ព័ត៌មាន​ពាក់ព័ន្ធ​ការ​ជួល​ដី​នៅ​តំបន់​នោះ​ទៅ​វៀតណាម​នោះ​ទេ តែ​យ៉ា់ង​ណា​លោក​នឹង​បញ្ជូន​មន្ត្រី​ឃុំ​ចុះទៅ​ស៊ើបអង្កេត​រឿង​នេះ។ លោក​ទទួល​ស្គាល់​ថា ការ​ជួល​ដី​ឲ្យ​វៀតណាម គឺជា​ករណី​ផ្ទុយ​ពី​គោលការណ៍​ណែនាំ​របស់​ក្រសួងមហាផ្ទៃ៖ «ខ្ញុំ​មិន​ទាន់​ច្បាស់​ដែរ ព្រោះ​ម្សិញ​បើ​តាម​ជំទប់​គឺ អញ្ជើញ​ប្រជាពលរដ្ឋ​ទៅ​ចូលរួម ប៉ុន្តែ​ពលរដ្ឋ​អត់​ទៅ​ចូលរួម​ទេ»

កាលពី​ឆ្នាំ​២០១៦ ក្រសួងមហាផ្ទៃ​បាន​ចេញ​សេចក្ដី​ណែនាំ ហាម​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្បែរ​បន្ទាត់​ព្រំដែន ជួល​ដី​ឲ្យ​ពលរដ្ឋ​វៀតណាម។

មន្ត្រី​ជាន់ខ្ពស់​នៃ​សមាគម​អាដហុក (ADHOC) លោក សឹង សែនករុណា កត់​សម្គាល់​ថា ពលរដ្ឋ​ភាគច្រើន​បាន​កាន់កាប់​ដី មិន​សូវ​គិត​ធ្វើ​ឯកសារ​កម្មសិទ្ធិ​នោះ​ទេ ផ្ទុយ​ពី​ឈ្មួញ​ដី ឬ​អ្នកមាន​លុយ​មាន​ឥទ្ធិពល។ លោក​មើល​ឃើញ​ថា ការស្វែងរក​យុត្តិធម៌​របស់​តុលាការ សម្រាប់​ពលរដ្ឋ​ក្រីក្រ​ភាគច្រើន​តែង​មិន​បាន​ទទួល​យុត្តិធម៌ ផ្ទុយ​ពី​អ្នក​មាន​អំណាច​គឺ​តែងតែ​ឈ្នះ​ក្ដី។ លោក​ថា ការប្រើប្រាស់​ដី​អាស្រ័យ​លើ​ស្ថាប័ន​តុលាការ បើ​តុលាការ​ចេញ​ដីកា​រក្សា​ការពារ​ឲ្យ​បុគ្គល​ណាមួយ​ប្រើប្រាស់ ទើប​បុគ្គល​នោះ​មាន​សិទ្ធិ​ប្រើប្រាស់​ដី តែ​ប្រសិនបើ​តុលា​មិន​អនុញ្ញាត​ទេ ភាគី​ម្ខាង​គ្មាន​សិទ្ធិ​ជួល ឬ​លក់​ដី​នោះ​ដែរ៖ «ខ្ញុំ​គិត​ថា ធ្វើ​នេះ​គឺ​បំពាន​សេចក្ដី​ប្រកាស​របស់​រដ្ឋាភិបាល មិន​ឲ្យ​ពលរដ្ឋ​តាម​ព្រំដែន​ជួល​ដី ទៅ​ឲ្យ​ភាគី​ប្រទេសជិតខាង​ណាមួយ​ហើយ គឺ​ប្រព្រឹត្ត​នេះ​ផ្ទុយ​ពី​សេចក្ដី​ប្រកាស​របស់​រដ្ឋាភិបាល»

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុ​ជា (ANSA) លោក សន ជ័យ យល់​ឃើញ​ថា វិវាទ​ដីធ្លី​នេះ អាច​មាន​ការ​ឃុបឃិត និង​ប្រព្រឹត្ត​អំពើពុករលួយ​ណាមួយ ពាក់ព័ន្ធ​ការ​ធ្វើ​ប្លង់​កម្មសិទ្ធិ​នោះ ហេតុនេះ​លោក​ចង់​ឲ្យ​ក្រសួង​សាមី​ត្រូវ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ពិនិត្យ​ពី​ភាព​ស្របច្បាប់ នៃ​ការ​ចេញ​ប្លង់​នេះ​ឡើងវិញ​ឲ្យ​បាន​ត្រឹមត្រូវ។ លោក​មាន​ជំនឿ​ថា ប្រសិនបើ​ដី​នោះ ជា​ដី​របស់​ពលរដ្ឋ​ពិតប្រាកដ​ធ្លាប់​អាស្រ័យ​ផល ទោះបី​ភាគី​ម្ខាង​មាន​ប្លង់​កម្មសិទ្ធិ​ក្ដី ពលរដ្ឋ​នឹង​ទទួល​បាន​យុត្តិធម៌៖ «ករណី​នេះ​វា​អាច​មាន​ពាក់ព័ន្ធ​ការ​ឃុបឃិត​គ្នា អាច​មាន​ភាព​មិន​ប្រក្រតី​ប្លង់​រឹង យើង​ចង់​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ ដោយ​ក្រសួង​រៀបចំ​ដែនដី»

មន្ត្រី​សង្គម​ស៊ីវិល​រក​ឃើញ​ថា រឿង​អយុត្តិធម៌​សង្គម គឺជា​ដើម​ហេតុ​ដែល​ធ្វើ​អោយ​ពលរដ្ឋ​ក្រីក្រ​ធ្ងន់ធ្ងរ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​ប្រទេសជាតិ។ លើស​ពី​នេះ ការ​អូស​បន្លាយ​ពេល​មិន​ដោះស្រាយ​វិបត្តិ​ដីធ្លី​របស់​អាជ្ញាធរ និង​តុលាការ អាច​បណ្ដាល​មក​ពី​ឥទ្ធិពល​នៃ​អ្នក​មាន​អំណាច មក​លើ​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​ជា​មូលហេតុ​ប៉ះពាល់​ជីវភាព​រស់នៅ​ដល់​ពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles