Clik here to view.

សមត្ថកិច្ចខេត្តកំពង់ចាម ឃាត់ខ្លួនអ្នកបើកបររថយន្តដឹកកម្មកររោងចក្រ ជូហួយ ហ៊្វូតវែរ (Zhou Hui Footwear) ដែលបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យកម្មករជិត ៧០នាក់រងរបួស។
កាសែតក្នុងស្រុកដកស្រង់សម្ដីប៉ូលិសខេត្តកំពង់ចាម ម្នាក់ថា អ្នកបើកបររថយន្តឈ្មោះ ឆៃ គីមហេង ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១១ ខែវិច្ឆិកា ក្រោយតុលាការចេញដីកាឲ្យចាប់ខ្លួន។
កាលពីថ្ងៃទី១០ ខែវិច្ឆិកា កម្មករ ៦៨នាក់ រងរបួសធ្ងន់ និងស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដឹកកម្មករនៅភូមិរវៀង ស្រុកជើងព្រៃ។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រកាសថា ក្រសួងនឹងជួយដោះស្រាយកម្មករ និងក្រុមគ្រួសាររងគ្រោះទៅតាមគោលនយោបាយរបបសន្តិសុខរបស់បេឡាជាតិ របបសន្តិសុខសង្គម។
សមត្ថកិច្ចឲ្យដឹងថា កម្មកររបួសទាំង ៦៨នាក់ មាន ៥នាក់រងរបួសធ្ងន់ក៏បានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។
អតីតប្រធានសហជីពសេរីកម្មករកម្ពុជា និងបច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលពហុវិស័យនៅកម្ពុជា លោក ជា មុនី បានប្រាប់អាស៊ីសេរី ថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ចំពោះការដឹកកម្មករនេះ គឺមានកើតឡើងស្ទើរតែរៀងរាល់ខែ គ្រាន់តែតិច ឬច្រើន។ លោកសំណូមពរឲ្យសមត្ថកិច្ចចរាចរណ៍ចាត់វិធានការត្រួតពិនិត្យរថយន្តដឹកកម្មករហួសចំណុះ និងអ្នកបើកបរឲ្យបានម៉ឺងម៉ាត់។
របាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ក្នុងត្រីមាសទី៣ ឆ្នាំ២០១៧ មានចំនួន ៨២៤ករណី សម្លាប់មនុស្សចំនួន ៤២៦នាក់ និងរបួសធ្ងន់ស្រាលចំនួនជាង ១.២០០នាក់។ គ្រោះថ្នាក់ចរាចរណ៍ភាគច្រើនបណ្ដាលមកពីការបើកបរហួសល្បឿនកំណត់ មិនគោរពសិទ្ធអាទិភាព និងបើកបរពេលស្រវឹងជាដើម៕