Clik here to view.

ប្រតិបត្តិករទេសចរណ៍ និងប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ បានរិះគន់ចំពោះការកំណត់តម្លៃសេវាប្រមូលសំរាមប្រចាំខែរបស់ក្រុមហ៊ុន ខេ.អេស.ដាប់ប៊ែលយូ.អឹម (K.S.W.M.) ដែលរដ្ឋបាលក្រុងព្រះសីហនុ បានផ្ដល់សិទ្ធិវិនិយោគកាលពីពេលថ្មីៗ ថាមានតម្លៃកើនខ្ពស់បើប្រៀបធៀបក្រុមហ៊ុនស៊ីនទ្រី (CINTRI)។
អភិបាលក្រុងព្រះសីហនុ អះអាងថា ការកំណត់តម្លៃសំរាមនេះ មានការឯកភាពពីមន្ត្រីស្ថាប័នពាក់ព័ន្ធ ពិសេសប្រជាពលរដ្ឋ និងអាជីវករ។
ប្រជាពលរដ្ឋរស់នៅទីប្រជុំជនក្រុងព្រះសីហនុ បានស្នើដល់រដ្ឋបាលក្រុង-ខេត្តព្រះសីហនុ ឲ្យពិចារណាទៅលើការកំណត់តម្លៃសេវាប្រមូលសំរាមប្រចាំខែជាថ្មី ព្រោះសេវាតម្លៃប្រមូលសំរាមដែលរដ្ឋបាលក្រុងផ្ដល់សិទ្ធិវិនិយោគឲ្យក្រុមហ៊ុន អេស.ដាប់ប៊ែលយូ.អឹម មានតម្លៃខ្ពស់ លើសក្រុមហ៊ុនចាស់ស៊ីនទ្រី ១ទ្វេជា ៣ ឬច្រើនជាងនេះ។ ក្រុមអាជីវករ និងពលរដ្ឋបានរិះគន់ក្រុមហ៊ុន អេស.ដាប់ប៊ែលយូ.អឹម ដែលបានដើរប្រមូលលុយប៉ុន្មានខែចុងក្រោយនេះ ថាបានកំណត់តម្លៃប្រមូលសំរាមខ្ពស់ដែលក្រុមហ៊ុនចាស់ ១ខែ បានកំណត់ឲ្យបង់ត្រឹម ១ម៉ឺនរៀលក្នុងផ្ទះ ១ខ្នង ឬមួយល្វែង តែពេលនេះកើនទ្វេ និងមានទីតាំងខ្លះទៀតពីមុនបង់ ៣០ដុល្លារអាមេរិក ប៉ុន្តែពេលនេះត្រូវបង់រហូតដល់ ១០០ដុល្លារជាដើម ហើយក្រុមហ៊ុនប្រមូលសំរាមមិនបានទៀងទាត់ទេ។
ប្រជាពលរដ្ឋភាគច្រើនបានស្នើដល់អភិបាលក្រុង និងអភិបាលខេត្តព្រះសីហនុ ឲ្យពិចារណាកំណត់តម្លៃសេវាប្រមូលសំរាមប្រចាំខែជាថ្មីឡើងវិញ ដើម្បីជៀសវាងកើតមានប្រតិកម្មតវ៉ាពីប្រជាពលរដ្ឋនៅថ្ងៃខាងមុខទៀត។
ឆ្លើយតបបញ្ហានេះ អភិបាលខេត្តព្រះសីហនុ លោក អ៊ី សុខឡេង មានប្រសាសន៍ថា ការកំណត់តម្លៃសំរាមប្រចាំខែជាថ្មីនេះ គឺមានការចូលរួម និងឯកភាពពីគ្រប់ភាគីពាក់ព័ន្ធ រួមមាន តំណាងរដ្ឋបាលក្រុង រដ្ឋបាលខេត្ត ប្រជាពលរដ្ឋ ឬអាជីវករ រួមជាមួយមន្ត្រីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ទីរបរិស្ថានខេត្តជាដើម បានអនុម័តលើកដៃយល់ព្រម។
លោកស្នើដល់ពលរដ្ឋកុំចោទក្រុមហ៊ុន អេស.ដាប់ប៊ែលយូ.អឹម ថាជាអ្នកកំណត់តម្លៃសេវាប្រមូលសំរាម ព្រោះក្រុមហ៊ុននេះមិនបានចូលរួមក្នុងការកំណត់តម្លៃសំរាមប្រចាំខែនេះទេ ដោយសារទើបទទួលបានសិទ្ធិវិនិយោគលើការងារប្រមូលសំរាមនាទីប្រជុំជនមួយនេះ នៅក្រោយការកំណត់តម្លៃសំរាមនេះ។
ករណីនេះ លោក អ៊ី សុខឡេង បានបំភ្លឺជូនប្រជាពលរដ្ឋ និងសាធារណជនថា ការកំណត់តម្លៃសំរាមថ្មី រដ្ឋបាលក្រុងបានអនុវត្តតាមសេចក្ដីណែនាំរបស់អន្តរក្រសួង រួមមាន ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងក្រសួងបរិស្ថាន។
អ្នកឃ្លាំមើលសិទ្ធិមនុស្សអង្កការលីកាដូ (Licadho) ខេត្តព្រះសីហនុ លោក ស្រេង វ៉ាន់លី ស្នើដល់រដ្ឋបាលក្រុងព្រះសីហនុ និងស្ថាប័នពាក់ព័ន្ធ រួមជាមួយក្រុមហ៊ុន អេស.ដាប់ប៊ែលយូ.អឹម ផង ត្រូវជួបជុំគ្នាពិភាក្សាទៅលើការកំណត់តម្លៃសំរាមជាថ្មីដើម្បីឲ្យពលរដ្ឋអាចទទួលយកបាន និងជៀសវាងមានប្រតិកម្មតវ៉ានៅថ្ងៃខាងមុខ។
លោក ស្រេង វ៉ាន់លី៖ «សូមឲ្យក្រុមហ៊ុនសិក្សាអំពីតំបន់ណាខ្លះដែលត្រូវឲ្យរថយន្តមកប្រមូលសំរាម ឲ្យបានជាប្រចាំថ្ងៃ និងតំបន់ណាខ្លះ ដែលត្រូវប្រមូល ២ ឬ ៣ថ្ងៃមកប្រមូលម្ដង ដោយមិនត្រូវទុកឲ្យសំរាមគរទុកចោលរហូតដល់ ១សប្ដាហ៍ ឬដប់ថ្ងៃនោះទេ ព្រោះនាំឲ្យជះក្លិនស្អុយ ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងប៉ះពាល់ដល់អារម្មណ៍របស់ទេសចរជាតិ អន្តរជាតិ ដែលគាត់បានមកទស្សនាខេត្តព្រះសីហនុ ដោយឃើញសំរាមនៅតាមដងផ្លូវច្រើន»។
ទោះយ៉ាងណា រាល់ថ្ងៃនេះគេសង្កេតឃើញថា កាកសំណល់ ឬសំរាមត្រូវបានគេយកទៅគរទុកចោលនៅតាមចិញ្ចើមផ្លូវសាធារណៈរយៈពេលយូរថ្ងៃ និងជះក្លិនស្អុយ ប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរជាតិ អន្តរជាតិ ដោយអាជ្ញាធររដ្ឋបាលក្រុងព្រះសីហនុ ពិសេសក្រុមហ៊ុន អេស.ដាប់ប៊ែលយូ.អឹម ដែលទើបទទួលបានសិទ្ធិវិនិយោគប្រមូលសំរាមថ្មី បន្ទាប់ពីក្រុមហ៊ុនស៊ីនទ្រី បានចប់ក្រុងត្រា ហើយមិនត្រូវបានរដ្ឋបាលក្រុងនេះផ្តល់សិទ្ធិវិនិយោគបន្ត មិនទាន់អាចគ្រប់គ្រងកាកសំណល់ទាំងនេះបានល្អទេ៕