Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ខ្មែរ​នៅ​កាណាដា​ជំរុញ​អោយ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​រក​កិច្ច​អន្តរាគមន៍​ពី​អគ្គលេខាធិការ​អ.ស.ប

$
0
0

សហគមន៍​ខ្មែរ​ក្នុង​ប្រទេស​កាណាដា អំពាវនាវ​ឲ្យ​ក្រុម​តំណាងរាស្ត្រ​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ នាំ​គ្នា​ទាមទារ​ឲ្យ​អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ (អ.ស.ប) ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា។ មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ សាទរ​ចំពោះ​ការ​អំពាវនាវ​នេះ។

​ក្រុម​សម្ព័ន្ធ​ខ្មែរ-​កាណាដា ស្នើ​ដល់​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​ឡាយ​ដែល​កំពុង​រង​ការ​យាយី និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​ពី​សំណាក់​រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវ​រួសរាន់​បង្ហាញ​វត្តមាន និង​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទីស្នាក់ការ​របស់​អង្គការ​សហប្រជាជាតិ ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ឲ្យ​បាន​មុន​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ដែល​តុលាការ​កំពូល​គ្រោង​បើក​សវនាការ​ករណី​បណ្ដឹង​រម្លាយ​បក្ស​ប្រឆាំង។

​ការ​ប្រមូលផ្ដុំ​នេះ ដើម្បី​ប្ដឹង​ដល់​អគ្គលេខាធិការ​នៃ​អង្គការ​អន្តរជាតិ​ដ៏​កំពូល​មួយ​នេះ អំពី​ស្ថានការណ៍​នយោបាយ​ប្រកាស​អាសន្ន​នៅ​កម្ពុជា និង​ការ​ស្វែង​រក​ដំណោះ​សមរម្យ​ដល់​ក្រុម​បក្ស​ប្រឆាំង។

​ប្រធាន​គណៈកម្មការ​ក្រុមប្រឹក្សាភិបាល​នៃ​អង្គការ​សម្ព័ន្ធ​ខ្មែរ-​កាណាដា ក្នុង​ទីក្រុង​ម៉ុងត្រេអាល់ (Montreal) លោក អ៊ូ សុន បាន​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា ស្រប​ពេល​ដែល​សហគមន៍​អន្តរជាតិ រួម​មាន​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប បាន​គំរាម​ដាក់​ទណ្ឌកម្ម​ធ្ងន់ៗ​ដល់​រដ្ឋាភិបាល លោក ហ៊ុន សែន ដែល​កំពុង​សម្លាប់​នយោបាយ​របស់​ក្រុម​បក្ស​ប្រឆាំង​នោះ ដូច្នេះ​ក្រុម​តំណាងរាស្ត្រ​របស់​បក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​មាន​វត្តមាន​នៅ​ក្រៅ​ប្រទេស​ទាំង​អស់​គួរ​ឆ្លៀត​ឱកាស​នាំគ្នា​ប្ដឹង​ចំពោះ​មុខ​អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​របស់​ពួកគេ​ដែល​កំពុង​ប្រឈម​នឹង​ហានិភ័យ​នេះ។

លោក អ៊ូ សុន៖ «ខ្មែរ​យើង​មាន​ការ​បែកបាក់​គ្នា អ៊ីចឹង​ហើយ​មនោគមវិជ្ជា​ផ្សេង​គ្នា ដូច្នេះ​ទាល់​មាន​តែ​អន្តរជាតិ និង​បណ្ដា​ប្រទេស​ដែល​ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​អង្គការ​សហប្រជាជាតិ​ហ្នឹង​ឯង​ទើប​អាច​មាន​លទ្ធភាព​ដោះស្រាយ​បញ្ហា​នៅ​កម្ពុជា បាន​នេះ​បាន»

ការ​អំពាវនាវ​របស់​មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​សម្ព័ន្ធ​ខ្មែរ-​កាណាដា​ រូប​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៤៣​រូប ចេញ​សេចក្ដី​ថ្លែងការណ៍​រួម អំពាវនាវ​ឲ្យ​មន្ត្រី និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ កុំ​ក្បត់​ឧត្ដមគតិ និង​កុំ​ជឿ​តាម​ការ​ឃោសនា​អកុសល​របស់​លោក ហ៊ុន សែន កំពុង​អូសទាញ​ពួកគេ​ឲ្យ​ចុះ​ចូល​ជាមួយ​បក្ស​កាន់​អំណាច និង​កុំ​មិន​ក្បត់​ឆន្ទៈ​រាស្ត្រ​ដែល​ខំ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រឆាំង​នោះ។

​តំណាងរាស្ត្រ​ម្នាក់​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​មាន​វត្តមាន​ក្នុង​ប្រទេស​កាណាដា លោក ទួន យូដា បាន​យល់​ស្រប​ជាមួយ​នឹង​អង្គការ​សម្ព័ន្ធ​ខ្មែរ-​កាណាដា ដែល​ចង់​ឲ្យ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ នាំ​គ្នា​ជួប​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​សហប្រជាជាតិ​អំពី​ករណី​កម្ពុជា បច្ចុប្បន្ន៖ «ក្នុង​នាម​យើង​ជា​តំណាងរាស្ត្រ​ទាំង ៥៥​រូប តំណាង​ឲ្យ​ពលរដ្ឋ​ជិត​កន្លះ​នគរ ដូច្នេះ​យើង​ត្រូវ​ពឹង​ពាក់​ទៅ​អង្គការ​សហប្រជាជាតិ អោយ​អង្គការ​នេះ​ជួយ​រក​ដំណោះស្រាយ ឥឡូវ​យើង​សល់​ច្រក​តែមួយ​ហ្នឹង​ទេ»

​អង្គការ​សម្ព័ន្ធ​ខ្មែរ​-​កាណាដា ក៏​បាន​ស្នើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ អនុវត្ត​គោលការណ៍​ចំនួន ៥​ចំណុច​រួម​មាន៖

ទី​១ កុំ​ទទួល​យក​ដាច់​ខាត​ចំពោះ​ការ​ដាក់​សម្ពាធ​ណា​មួយ​ដែល​ជា​លេស​ឆ្ពោះ​ទៅ​រក​ការ​ចរចា​ផ្នែក​នយោបាយ​ទ្វេភាគី។ ទី​២ ផ្អាក​ការចរចា​នយោបាយ​ទ្វេ​ភាគី​គ្រប់​ទម្រង់​ទាំង​អស់​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា មុខ​ពេល​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​ទោស​មនសិការ​ទាំង​អស់​ត្រូវ​បាន​ដោះលែង។ ​ទី​៣ គាំទ្រ​សេចក្ដី​សម្រេច​ក្នុង​ការ​ថ្កោលទោស និង​ការ​ដាក់​សម្ពាធ​លើ​របប​ផ្ដាច់ការ​នៅ​កម្ពុជា បច្ចុប្បន្ន។ ទី​៤ គាំទ្រ​និង​អនុវត្តន៍​តាម​លិខិត​ចំហ​របស់​អង្គការ​អន្តរជាតិ​ចំនួន ៥៥ ចុះ​ថ្ងៃ​ទី​២៣ ខែ​តុលា ស្នើ​ទៅ​កាន់​អង្គការ​សហប្រជាជាតិ​ឲ្យ​កោះ​ប្រជុំ​ជា​បន្ទាន់​ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា។ ​ទី​៥ ស្នើ​ដល់​អង្គការ​សហប្រជាជាតិ និង​បណ្ដា​ប្រទេស​ជា​ម្ចាស់​សហ​ហត្ថលេខី ដែល​មាន​កាតព្វកិច្ច​ជួយ​ដល់​កម្ពុជា ចូល​រួម​ទាំង​ស្រុង​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នៅ​ឆ្នាំ​២០១៨ ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles