Clik here to view.

ម្ដាយរបស់យុវជនដែលស្លាប់ដោយសារគ្រាប់កាំភ្លើងសមត្ថកិច្ចបាញ់បែកលលាដ៍ក្បាល ទទូចឲ្យសាលាដំបូងខែត្រតាកែវ បើកសវនាការឲ្យបានលឿនបំផុត ខណៈដែលគ្រួសាររង់ចាំយុត្តិធម៌ ជាងកន្លះឆ្នាំហើយ។
ម្ដាយយុវជន ហឿន ស៊ុយទ្រី គឺអ្នកស្រី ទន់ វួចហៀង ហាក់អស់សង្ឃឹមលើអយ្យការ និង សាលាដំបូងខែត្រតាកែវ ដែលរយៈពេលជាងកន្លះឆ្នាំមកហើយ នៅមិនទាន់បើកសវនាការលើបណ្ដឹងរបស់គ្រួសារអ្នកស្រី ករណីសមត្ថកិច្ចខែត្រតាកែវ បាញ់កូនអ្នកស្រីបែកលលាដ៍ក្បាលស្លាប់ នៅក្នុងផ្ទះជនរងគ្រោះ។
កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ នៅក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ នៅវេលាម៉ោងប្រហែល៦ល្ងាច បណ្ដាលឲ្យយុវជនម្នាក់ឈ្មោះ ហឿន ស៊ុយទ្រី បានស្លាប់ដោយការបាញ់ប្រហារ ១គ្រាប់កាំភ្លើងធ្លុះលលាដ៍ក្បាល។ ការស្លាប់នោះ ត្រូវបានឪពុកម្ដាយរបស់ជនរងគ្រោះអះអាងថា ក្រោយពេលដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ និងដឹកទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ទាំងកណ្ដាលយប់។
ម្ដាយជនរងគ្រោះ អ្នកស្រី ទន់ វួចហៀង អះអាងថា ក្រោយការបាញ់សម្លាប់កូនអ្នកស្រីភ្លាម សមត្ថកិច្ចស្រុកសំរោង ខែត្រតាកែវ បានហៅគ្រួសារទៅសម្របសម្រួលដើម្បីយកលុយ ៤ ០០០ដុល្លារ ដើម្បីជាថ្នូរឈប់ឲ្យក្រុមគ្រួសារប្ដឹងទៅតុលាការ។ គ្រួសារជនរងគ្រោះ មិនព្រមទទួលយក និងទាមទារឲ្យអ្នកដឹកនាំប្រតិបត្តិការបង្ក្រាបគ្រឿងញៀន គឺព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្តតាកែវ ឈ្មោះ ជ័យ រិទ្ធី និងជនដៃដល់ដែលបានបាញ់កូនអ្នកស្រី ឲ្យទទួលទោសតាមច្បាប់។ ចាប់តាំងពីថ្ងៃដែលគ្រួសារដាក់ពាក្យបណ្ដឹង រហូតមកដល់ថ្ងៃទី៨ ខែវិច្ឆិកាគ្រួសារជនរងគ្រោះអះអាងថា សាលាដំបូងខេត្តតាកែវ មិនទាន់បើកសវនាការលើសំណុំរឿងនេះ នៅឡើយទេ ដោយគ្រាន់តែកោះហៅសាក្សី និងដើមបណ្ដឹងទៅសួរនាំជាច្រើនដងតែប៉ុណ្ណោះ៖ «លឺពូក្មួយឯងថា អុំទូកហើយ គេហៅដោះស្រាយ គេក៏មានមេធាវីគេដែរ មានមេធាវីដូចគ្នា យើងក៏មានមេធាវីសងខាងដូចគ្នា។ យើងអ្នកជនរងគ្រោះ គេហៅទៅ ក៏យើងមិនដែលបានជួប អាជនដៃដល់ក៏យើងមិនដែលបានជួប អត់ដែលទល់មុខគ្នា។ គេចរចា គេតេ(ទូរស័ព្ទ)មក ពួកថ្នាក់ស្រុក គេឲ្យពូ ៤០០០ដុល្លារ ពូហែងថា អត់ទេ ឲ្យមីង៨ ០០០ដុល្លារ ក៏មីងមិនយកដែរ។ កូនមីងមួយ មីងឲ្យចិញ្ចឹមអស់ច្រើនណាស់ មកធ្វើឃាតបាញ់កូនមីង អត់មានភស្តុតាង អត់មានអីក្នុងខ្លួន ទម្រាំគេជួញទាំងថង់ គេមិនបាញ់ចោល មកបាញ់កូនមីងដាក់ខ្នោះ ហើយបាញ់ពីក្រោយទៀត»។
ឪពុកម្ដាយរបស់យុវជនស្លាប់ក្នុងហេតុការណ៍បង្ក្រាបគ្រឿងញៀន នៅស្រុកសំរោង ខែត្រតាកែវ បានរៀបរាប់ហេតុការណ៍ថា កាលពីថ្ងៃទី៨ ខែមីនា ម៉ោងប្រហែល ៦ល្ងាច ក្រុមសមត្ថកិច្ចចម្រុះជាច្រើននាក់ដែលអះអាងថា ពួកគេ គឺជាមន្ត្រីព្រះរាជអាជ្ញា និងមន្ត្រីប៉ូលិសព្រហ្មទណ្ឌខេត្តតាកែវ ទទួលបន្ទុកចុះបង្ក្រាបគ្រឿងញៀន បានចូលទៅចាប់យុវជន ហឿន ស៊ុយទ្រី វាយខ្នោះបាញ់មួយគ្រាប់ធ្លុះលលាដ៍ក្បាល ហើយក្រោយបាញ់ធ្លុះលលាដ៍ក្បាលសមត្ថកិច្ចបានដោះអាវជនរងគ្រោះគ្របលើក្បាល និងវាយដំបន្ថែមទៀត ទាំងនៅនឹងមុខរបស់ម្ដាយជនរងគ្រោះ។ ម្ដាយជនរងគ្រោះ ហៅទង្វើបាញ់សម្លាប់ និងវាយកូនប្រុស នៅចំពោះមុខគាត់ និងការស្រែកដង្ហោយសុំអង្វរឲ្យលែងកូន គឺជារូបភាពដ៏ខ្លោចផ្សា ដែលដក់ក្នុងចិត្តអ្នកស្រី ក្នុងនាមជាម្ដាយ។
គ្រួសារជនរងគ្រោះបន្តអះអាងថា ដំបូងសមត្ថកិច្ច និងព្រះរាជអាជ្ញា បានឆែកឆេរផ្ទះអ្នកស្រីទាំងមូលហើយ បើទោះជារកមិនឃើញថ្នាំញៀនដូចការសង្ស័យក៏ដោយ ក៏ពួកគេមិនបានលើកលែងឲ្យគ្រួសារអ្នកស្រីដែរ។ ម្ដាយជនរងគ្រោះអះអាងបន្តថា ក្រុមសមត្ថកិច្ចបានចាប់ជនរងគ្រោះដែលជាកូនអ្នកស្រី វាយបង្ខំឲ្យប្រាប់ពីកន្លែងលាក់ថ្នាំញៀននៅក្នុងផ្ទះ ហើយកូនអ្នកស្រីបានប្រាប់ទៅវិញថា គ្មានថ្នាំញៀននោះទេ។
ទោះជាកូនប្រុសមានប្រវត្តិធ្លាប់ប្រើប្រាស់គ្រឿងញៀន ប៉ុន្តែលោក ហម សារី ជាឪពុកអះអាងថា កូនប្រុសរបស់លោកមានចរិតស្រី និងមិនធ្លាប់មានគំនុំជាមួយអ្នកណាឡើយ ហើយឈប់ប្រើប្រាស់ថ្នាំញៀនជាយូរឆ្នាំមកហើយ។ លោកមិនហ៊ានចោទថា សមត្ថកិច្ចជាអ្នកបាញ់កូនប្រុសលោកទេ ព្រោះលោកមិនបានឃើញហេតុការណ៍បាញ់នោះផ្ទាល់ភ្នែក តែលោកយល់ថាប្រតិបត្តិការនោះមានតែក្រុមសមត្ថកិច្ចចម្រុះទេ ដែលមានកាំភ្លើង។
ឪពុកជនរងគ្រោះបន្ដថា នៅក្នុង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ និងតំបន់ស្ទើរទាំងអស់នៅតាមផ្លូវជាតិលេខ៣ ម្ដុំផ្ទះលោក សម្បូរទៅដោយយុវជន និងមនុស្សប្រើប្រាស់ គ្រឿងញៀន។ លោកសង្ស័យថា ការបង្ក្រាបគ្រឿងញៀនតែនៅក្នុងផ្ទះរបស់លោក កាលណោះ អាចជាចេតនាឆ្លៀតឱកាសរបស់ក្រុមសមត្ថកិច្ច ដើម្បីបង្ខំឲ្យគ្រួសារ ឲ្យលុយទៅសមត្ថកិច្ច ជាថ្នូរបញ្ចប់ការធ្វើទុក្ខបុកម្នេញ ករណីគ្រឿងញៀន។
សាច់ញាតិចាត់ទុកករណីក្រុមសមត្ថកិច្ចឆែកឆេរផ្ទះ និងបាញ់សម្លាប់កូនប្រុស គឺជារឿងអយុត្តិធម៌ ដែលមកដល់ពេលនេះហើយ អាជ្ញាធរនៅមិនទាន់រកមុខឃាតកមកទទួលខុសត្រូវតាមផ្លូវច្បាប់នៅឡើយទេ។
អាស៊ីសេរីមិនអាចស្នើសុំការបំភ្លឺករណីនេះ ពីព្រះរាជអាជ្ញារងខែត្រតាកែវ លោក ជ័យ រិទ្ធី និងអតីតស្នងការខែត្រតាកែវ ដែលដឹកនាំកម្លាំងចុះបង្ក្រាបគ្រឿងញៀននៅពេលនោះ ឈ្មោះ អ៊ុក សំណាង បានទេ។
បើទោះជាយ៉ាងនេះក្ដី អ្នកនាំពាក្យសាលាដំបូងខេត្តតាកែវ លោក លឹម សុខន ធ្លាប់ឲ្យអាស៊ីសេរីដឹងកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ថា សំណុំរឿងយុវជនដែលស្លាប់កាលពីថ្ងៃទី៨ ខែមីនា ដោយការបាញ់បង្ក្រាបគ្រឿងញៀននៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង កំពុងស្ថិតក្នុងដៃអនុប្រធានសាលាដំបូងខេត្តតាកែវ អ្នកស្រីចៅក្រម ជ័យ មាលា ហើយសំណុំរឿងនេះ នឹងគ្រោងបញ្ចប់ការស៊ើបអង្កេតនៅរយៈពេល ២ខែក្រោយ ពោលគឺនៅកំឡុងខែតុលា។ ប៉ុន្តែមកដល់ជិតពាក់កណ្ដាលខែវិច្ឆិកានេះហើយ ក្រុមគ្រួសារអះអាងថា គ្រួសារនៅមិនទាន់ឡើងសវនាការដើម្បីតទល់ក្ដីជាមួយជនសង្ស័យនៅឡើយ។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ សង្ស័យថា ប៉ូលិស និងមន្ត្រីតុលាការខែត្រតាកែវ អាចទទួលបានផលប្រយោជន៍ពីគ្នា ឬទំនាស់ផលប្រយោជន៍ នឹងគ្នា ទើបដំណើរការរឿងក្ដីនេះ អូសបន្លាយយឺតយូរ និងត្រូវលើកពេលម្ដងជាពីរដង។ លោក សន ជ័យ មើលឃើញថា ប្រសិនបើមន្ត្រីយុត្តិធម៌ពិតជាចង់រកយុត្តិធម៌ជូនពលរដ្ឋ រឿងក្ដីនេះងាយស្រួលរកជនល្មើសយ៉ាងស្រួល ហើយប្រសិនបើនៅតែមិនព្រមមានចំណាត់ការនោះទេ ស្ថាប័នតុលាការនៅខែត្រតាកែវ នឹងរងការរិះគន់ និងម៉ាកងាយពីពលរដ្ឋខែត្រតាកែវ ថា មិនឯករាជ្យ ឬខ្លាចអំណាចអ្នកធំ៖ «ពន្យារពេលម្ដងហើយ ម្ដងទៀត ជាមួយនឹងសំណុំរឿងស្លាប់របស់ប្រជាពលរដ្ឋ នៅក្នុងការបង្ក្រាបគ្រឿងញៀននេះ ខ្ញុំថា អំណាចតុលាការនៅខែត្រតាកែវហ្នឹងគេហៅថា នៅមានភាពស្ទាក់ស្ទើរ ឬមួយក៏មិនឯករាជ្យ នៅក្នុងការចាត់វិធានការហ្នឹងហើយ។ ពួកគេទំនងជាមានទំនាស់ផលប្រយោជន៍ រវាងគេហៅថា សមត្ថកិច្ចរបស់តុលាការ ហើយនឹងអាជ្ញាធរ ដែលជាប៉ូលិសបង្ក្រាបគ្រឿងញៀនហ្នឹងដែរ។ បើសិនជាមិនមានហេតុផលយោគយល់ ឬក៏ហេតុផលទំនាក់ទំនងណាមួយ នៅក្នុងការងារទេ ខ្ញុំគិតថា តុលាការចាត់វិធានការលឿនជាងអ្វីដែលយើងបានដឹង»។
ក្រុមគ្រួសារជនរងគ្រោះ ព្រមានទៅតវ៉ានៅក្រសួងយុត្តិធម៌ជាលើកទី២ នៅសប្ដាហ៍ក្រោយ បើតុលាការខែត្រតាកែវនៅតែមិនព្រមបើកសវនាការតាមការសន្យា ដែលធ្លាប់អះអាងប្រាប់ក្រុមគ្រួសារជនរងគ្រោះ ដែលបានសន្យាជាមួយក្រុមគ្រួសារកាលពីខែតុលា ថា នឹងបើកសវនាការ នៅក្រោយពិធីបុណ្យអុំទូក។ បើទោះជាក្រុមគ្រួសារ មិនជឿថា តុលាការខែត្រតាកែវនឹងរកយុត្តិធម៌ជូនពួកគាត់ ក៏ក្រុមគ្រួសារប្រាប់ថា មិនមានជម្រើសអ្វីក្រៅពីនេះនោះទេ។ ក៏ប៉ុន្តែ ឪពុកម្ដាយជនរងគ្រោះ នៅតែរក្សាជំហរមិនព្រមទទួលយកលុយ៤ ០០០ដុល្លារ ដើម្បីជាថ្នូរបញ្ចប់រឿងក្ដី ហើយពួកគាត់អះអាងថា នៅតែបន្តស្រែករកយុត្តិធម៌ឲ្យកូនប្រុស តាមរយៈយុត្តិធម៌ពីពលរដ្ឋ។ ពួកគាត់ប្ដេជ្ញាថា បើសង្គមបច្ចុប្បន្នមិនផ្ដល់យុត្តិធម៌ឲ្យក្រុមគ្រួសារគាត់ទេ ពួកគាត់នឹងបន្តប្ដឹងទៅអ្នកគ្រប់គ្រងប្រទេសរាល់ៗសម័យកាល៕