Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សង្គម​ស៊ីវិល៖ មន្ត្រី​បក្ស​ប្រឆាំង​ទៅ​ចុះ​ចូល​ជាមួយ​បក្ស​កាន់​អំណាច​មិន​ប៉ះពាល់​ដំណើរ​ការងារ​បោះ​ឆ្នោត

$
0
0

សង្គម​ស៊ីវិល​ធ្វើ​ការងារ​ផ្នែក​បោះឆ្នោត​លើក​ឡើង​ថា ក្រុម​មន្ត្រី​គណបក្ស​ប្រឆាំង​ដែល​រត់​ទៅ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា តាម​ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដំណើរការ​ការងារ និង​រចនាសម្ព័ន្ធ​របស់​គណបក្ស​នៅ​តាម​ឃុំ-​សង្កាត់​ឡើយ។ ចំណែក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា គណបក្ស​របស់​លោក​កំពុង​រៀបចំ​បញ្ជី​ឈ្មោះ​បេក្ខជន​ដើម្បី​បញ្ជូន​ទៅ​ក្រសួង​មហាផ្ទៃ ឲ្យ​ទទួល​ស្គាល់​ជា​មុន​សិន​មុន​ពេល​បញ្ជូន​ទៅ គ.ជ.ប។

​មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស ប្រាប់​ថា នៅ​ពេល​ដែល​គណបក្ស​នយោបាយ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត គ.ជ.ប តម្រូវ​អោយ​គណបក្ស​ដែល​បាត់បង់​បេក្ខជន​ពេញ​សិទ្ធិ និង​បេក្ខជន​បម្រុង​ណា​មួយ​ត្រៀម​ដាក់​បេក្ខជន​បំពេញ​បន្ថែម។

ខណៈ​មាន​ការ​ចាកចេញ​របស់​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ស្រុក ខណ្ឌ ខេត្ត របស់​គណបក្ស​សង្គ្រោះ​ជាតិ ម្ដង​មួយៗ​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា លោក កន សាវាង្ស មើល​ឃើញ​ថា គណបក្ស​សង្គ្រោះ​ជាតិ មាន​លទ្ធភាព​យក​បេក្ខជន​ថ្មី​ទៅ​ជំនួស​អ្នក​ដែល​លា​ឈប់​ទាំង​នោះ​បាន៖ «បើ​សិន​ជា​បេក្ខជន​ណា​មួយ​បាត់ គេ​រុញ​ឡើង។ ឧទាហរណ៍​ថា បាត់​លេខ​រៀង​ទី​១ អ៊ីចឹង​គេ​រុញ​លេខ​រៀង​ទី​២​ឡើង។ បើកាលណា​អ្នក​ពេញ​សិទ្ធិ​អស់​ហើយ គេ​យក​បម្រុង​មក​បន្ថែម​ទៀត អា​ហ្នឹង​អត់​អី​ទេ»

លោក កន សាវាង្ស បន្ត​ទៀត​ថា បើ​ទោះបី​ជា​រូបភាព​នៃ​ការ​ចាកចេញ លើ​ទិដ្ឋភាព​នយោបាយ​ជា​ការ​បង្ហាញ​ថា គណបក្ស​នេះ​មាន​ការ​បែកបាក់​ក្តី ប៉ុន្តែ​មិន​ចោទ​ជា​បញ្ហា​ដល់​គណបក្ស​ប្រឆាំង​ឡើយ។

​ការ​លើក​ឡើង​របស់​លោក កន សាវាង្ស ធ្វើ​ឡើង​ខណៈ​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​នឹង​ត្រូវ​ចាប់​ផ្ដើម​នៅ​ដើម​ឆ្នាំ​២០១៨ ខាង​មុខ។

សមាជិកសភា​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទរ័ត្ន ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា នេះ​ថា គណបក្ស​របស់​លោក​កំពុង​ធ្វើ​ការ​តាម​នីតិវិធី ដោយ​លុប​ឈ្មោះ​អ្នក​ចាកចេញ​ពី​គណបក្ស​ជា​មុន​សិន បន្ទាប់​មក​ត្រូវ​បញ្ជូន​ឈ្មោះ​បេក្ខជន​ថ្មី​ទៅ​ក្រសួង​មហាផ្ទៃ។ លោក​បន្ត​ថា ក្រោយ​ពី​ក្រសួង​មហាផ្ទៃ ទទួល​ស្គាល់​រួច គណបក្ស​នឹង​បញ្ជូន​ឈ្មោះ​បេក្ខជន​ទាំង​នោះ​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់ គ.ជ.ប។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក អ៊ូ ច័ន្ទរ័ត្ន នៅ​មិន​ទាន់​ឲ្យ​ដឹង​ពី​ចំនួន​បេក្ខជន​ដែល​គណបក្ស​យក​ទៅ​ដាក់​ជំនួស​អ្នក​ដែល​រត់​ចោល​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឡើយ​ទេ៖ «មិន​មាន​បញ្ហា​អី​ក្នុង​គណបក្ស​ទេ។ លេខ​បម្រុង​យើង​មាន គ្រាន់​តែ​ការ​សម្រេច​របស់​ខេត្ត​នីមួយៗ​របស់​គណបក្ស​មិន​ទាន់​បាន​សម្រេច​ចិត្ត​ពី​ដំបូង​មក ប៉ុន្តែ​បន្ទាប់​ពី​ហ្នឹង​មក អ្នក​ដែល​លា​ចេញ​យើង​ចាប់​ផ្ដើម​ដាក់​ឈ្មោះ​ដាក់​អី​ទៅ​ក្រសួង​មហាផ្ទៃ ស្នើ​ដាក់​ជំនួស​ហើយ ហើយ​អ្នក​ថ្មីៗ​យើង​កំពុង​រៀបចំ​ធ្វើ​បណ្ដើរៗ»

នៅ​ពេល​សារព័ត៌មាន​ក្នុង​ស្រុក​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន ចុះ​ផ្សាយ​ថា មាន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ជាង ៦០​រូប​ហើយ​បាន​ទៅ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ​លោក អ៊ូ ច័ន្ទរ័ត្ន អះអាង​ថា របាយការណ៍​ដែល​លោក​ទទួល​បាន​គឺ​មាន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៤៩​នាក់​ប៉ុណ្ណោះ ដែល​បាន​ចាកចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ។

ទោះ​យ៉ាង​នេះ​ក្តី​លោក​ថា ចំនួន​នេះ​មិន​ដល់​មួយ​ភាគរយ​ផង បើ​ធៀប​ចំនួន​សមាជិក​ក្រុមប្រឹក្សា​សមាជិក​សភា និង​សមាជិក​ព្រឹទ្ធ​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​ជិត ៦​ពាន់​នាក់​នោះ។

ខណៈ​ចំនួន​ក្រុមប្រឹក្សា​របស់​គណបក្ស​ប្រឆាំង​រត់​មក​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តិច​តួច​នេះ លោក ហ៊ុន សែន បាន​អំពាវនាវ​តាម​ទូរទស្សន៍​ផង និង​តាម​ហ្វេសប៊ុក (Facebook) ផង ទទូច​ឲ្យ​ពួកគេ​ចាក​ចោល​ដំបូល​ព្រះអាទិត្យ​មក​រួមរស់​ក្រោម​ទង់​ទេវតា​វិញ​ម្តង។

​មេដឹកនាំ​គណបក្ស​កាន់​អំណាច​ដែល​លើក​បន្តុប​ដោយ​រដ្ឋាភិបាល​វៀតណាម និង​ជា​អតីត​ទាហាន​ខ្មែរ​ក្រហម​រូប​នេះ ក៏​បាន​ប្រកាស​ផ្ដល់​ជម្រើស​របស់​មន្ត្រី​គណបក្ស​ប្រឆាំង​មាន​តែ​ពីរ​គត់ គឺ​ទៅ​ធ្វើ​ស្រែចម្ការ ឬ​ចុះចូល​នឹង​បក្ស​កាន់អំណាច។

ចំណែក​មេ​ឃុំ​ស្រែគរ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង លោក សៀក មេគង្គ ប្ដេជ្ញា​ថា លោក​មិន​រត់​ចោល​គណបក្ស​សង្គ្រោះ​ជាតិ និង​រត់​ចោល​តំណែង​របស់​លោក​ដែល​ទទួល​បាន​ពី​គាំទ្រ​របស់​ពលរដ្ឋ​ប្រជាពលរដ្ឋ​នោះ​ឡើយ។  លោក​បន្ត​ថា តម្លៃ​របស់​លោក​គឺ​ការ​ស្មោះ​ត្រង់​នឹង​គណបក្ស​សង្គ្រោះ​ជាតិ និង​ពលរដ្ឋ ដូច្នេះ​លោក​មិន​ក្បត់​ឆន្ទៈ និង​ភាព​ស្មោះត្រង់​របស់​លោក​ទៅ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​រក្សា​តំណែង​ដដែល​តាម​ការ​អូស​ទាញ​របស់​លោក ហ៊ុន សែន នោះ​ឡើយ៖ «ខ្ញុំ​ស្មោះ​ត្រង់​ជាមួយ​បង​ប្អូន​ហើយ ខ្ញុំ​សុខ​ចិត្ត​អត់​តំណែង​ក៏​អត់​ចុះ ខ្ញុំ​សុខ​ចិត្ត​ធ្វើ​ស្រែ​ចម្ការ​សាមញ្ញ​ធម្មតា។ ជំហរ​របស់​ខ្ញុំ​នៅ​ដដែល ពីព្រោះ​យើង​មិន​បាន​ធ្វើ​អី​ខុស​ទេ ធ្វើ​ត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ្ញ តាម​តួនាទី»

ចំណែក​សមាជិក​ក្រុមប្រឹក្សា​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ដែល​បាន​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច​រអ៊ូរទាំ​ថា ពលរដ្ឋ​លែង​សូវ​រាប់​រក​ពួកគេ​ដូច​មុន​ទៀត​ហើយ។

នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ អះអាង​ថា បើ​ទោះបីជា​គណបក្ស​សង្គ្រោះ​ជាតិ​ កំពុង​រង​គ្រោះ ប៉ុន្តែ​លោក​ថា បញ្ហា​នេះ​ក៏​ជា​ឱកាស​ធ្វើ​ឲ្យ​គណបក្ស​នេះ​ដឹង​ថា មាន​នរណា​ខ្លះ​នៅ​ស្ម័គ្រស្មោះ ហើយ​នរណា​ខ្លះ​ទៀត​រត់​ចោល​បក្ស​នៅ​ពេល​បក្ស​ជួប​បញ្ហា។ ​លោក​បន្ត​ថា អ្នក​នយោបាយ​ដែល​ចេញ​ពី​គណបក្ស​មួយ​ទៅ​គណបក្ស​មួយ​ដើម្បី​រក្សា​អំណាច ឬ​តំណែង​របស់​ខ្លួន​គឺ​ជា​អ្នក​ធ្វើ​នយោបាយ​ដើម្បី​តែ​អំណាច​និង​បុណ្យស័ក្ដិ​តែប៉ុណ្ណោះ មិន​មែន​ដើម្បី​ប្រយោជន៍​ពលរដ្ឋ​ពិតប្រាកដ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles