Clik here to view.

លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំង នៅតែអះអាងឆ្លើយតបនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញថា គម្រោងផែនការរំលាយគណបក្សសង្គ្រោះជាតិរបស់លោក ហ៊ុន សែន មិនអាចទៅរួចឡើយ។
ការប្រកាសឆ្លើយតបជាថ្មីនេះ នៅក្រោយពេលលោក ហ៊ុន សែន អំពាវនាវទៀតថា គណបក្សសង្គ្រោះជាតិនឹងត្រូវតុលាការរំលាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ខាងមុខ ហើយលោកថែមបញ្ជាក់ថា សមាជិកគណបក្សប្រឆាំង ពីថ្នាក់ក្រោមដល់តំណាងរាស្ត្រ ឱ្យចុះចូលបម្រើគណបក្សកាន់អំណាចរបស់លោក ដើម្បីរក្សាតួនាទីដែលខ្លួនកំពុងមាន។
សារឌឺដងឡងសម្ដីដាក់គ្នារវាងលោក ហ៊ុន សែន និងអតីតគូរបដិបក្ខរបស់លោក គឺលោក សម រង្ស៊ី បានឆ្លងឆ្លើយគ្នាលើកចុងក្រោយ នៅក្នុងឱកាសពិធីបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែដែលមិនទាន់នឹងបានបញ្ចប់ស្រួលបួលផង កាលពីថ្ងៃទី៤ ខែវិច្ឆិកា។ សម្ដីឌឺដងដាក់គ្នានៅទាក់ទងនឹងការរំលាយគណបក្សសង្គ្រោះជាតិបានបន្តជាថ្មីទៀត។
លោក សម រង្ស៉ី បានបង្ហោះឃ្លីបវីដេអូមួយ តាមទំព័រហ្វេសប៊ុក (Facebook) របស់លោកជាង ២នាទី ក្នុងពិធីជួបជុំសមាជិកតំណាងរាស្ត្រនៅប្រទេសបារាំង កាលពីថ្ងៃទី៤ ខែវិច្ឆិកា អះអាងថា លោក ហ៊ុន សែន មិនអាចរំលាយគណបក្សសង្គ្រោះជាតិបានឡើយ។ ទន្ទឹមនឹងនោះដែរ លោកក៏អំពាវនាវទៅដល់សមាជិក សមាជិកា មន្ត្រីថ្នាក់មូលដ្ឋាន និងតំណាងរាស្ត្រ នៃគណបក្សសង្គ្រោះជាតិទាំងអស់ ព្រមទាំងប្រជារាស្ត្រខ្មែរទូទាំងប្រទេស កុំឱ្យចាញ់បោកការអូសទាញរបស់លោក ហ៊ុន សែន ឱ្យសោះចំពោះការលើកឡើងថា តុលាការកំពូលនឹងរំលាយគណបក្សសង្គ្រោះជាតិនៅជាង១០ថ្ងៃខាងមុខនេះ។ «សំឡេង»
ជាមួយគ្នានោះដែរលោក សម រង្ស៉ី ក៏បានអះអាងថា អ្នកណាដែលបានទៅចុះចូលបម្រើលោក ហ៊ុន សែន ដើម្បីផលប្រយោជន៍ និងលាភសក្ការៈ គឺខកខ្លួនខកប្រាណហើយ ដោយហេតុថា បន្តិចទៀតនឹងឃើញច្បាស់ហើយថា មិនមានការរំលាយគណបក្សសង្គ្រោះជាតិ និយាយឱ្យខ្លី គឺមិនអាចរំលាយគណបក្សសង្គ្រោះជាតិបានតែម្ដង។ «សំឡេង»
លោក ហ៊ុន សែន កាលពីថ្ងៃទី៤ ខែវិច្ឆិកា បានបង្ហោះឃ្លីបវីដេអូមួយ តាមទំព័រហ្វេសប៊ុករបស់លោកជាង២០នាទី បានអំពាវនាវម្ដងហើយម្ដងទៀត ដោយទទូចឱ្យសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ស្រុកខណ្ឌ ក្រុមប្រឹក្សាខេត្តរាជធានី ព្រមទាំងសមាជិកសភាតំណាងរាស្ត្រ និងបេក្ខជនឈរឈ្មោះព្រឹទ្ធសភារបស់គណបក្សប្រឆាំងទាំងអស់ ចាកចេញពីបក្សរបស់ខ្លួន មកបម្រើគណបក្សប្រជាជនកម្ពុជាឱ្យបានឆាប់ ដើម្បីអាចរក្សាដំណែងតទៅមុខទៀត។ លោក ហ៊ុន សែន អះអាងថា បើមន្ត្រីបក្សប្រឆាំងមិនព្រម មកចូលចុះចូលបក្សលោកទេ វាសនាពួកគេមានតែទៅធ្វើស្រែចម្ការ។
ទន្ទឹងនឹងនេះដែរ លោក ហ៊ុន សែន ហាក់បីដូចជាប្រាកដក្នុងចិត្ត ១០០ភាគរយថា តុលាការកំពូលនឹងសម្រេចរំលាយបក្សប្រឆាំងនៅថ្ងៃទី១៦ ខែវិច្ឆិកា បើទោះបីជា លោកប្រកាសថា លោកនឹងមិនលូកដៃចូលក្នុងតុលាការក៏ដោយ។ លោកបន្ថែមថា មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិប្រមាណ១០០នាក់ នឹងត្រូវហាមឃាត់មិនឲ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំបន្ថែមទៀត។ «សំឡេង»
ទោះបីជាបែបនេះក្ដី ចៅសង្កាត់ស្លក្រាមនៅខែត្រសៀមរាបលោក ឈន គឹមឃន កាលពីថ្ងៃទី៥ ខែវិច្ឆិកា ម្សិលមិញអះអាងថា លោកមិនលក់ឧត្ដមគតិទៅបម្រើការងារឱ្យបក្សប្រជាជនកម្ពុជាដាច់ខាត។ លោកបញ្ជាក់ថា អាជ្ញាធរខែត្រសៀមរាបបានដាក់លិខិតអញ្ជើញពួកគាត់ទៅប្រជុំ និងស្ដាប់សំឡេងលោក ហ៊ុន សែន ទាក់ទងនឹងការអំពាវនាវឱ្យសមាជិកបក្សប្រឆាំងចុះចូលជាមួយបក្សកាន់អំណាចនេះ។ «សំឡេង»
អ្នកវិភាគនយោបាយជើងចាស់ បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងថា សារនយោបាយចុងក្រោយរបស់លោក ហ៊ុន សែន នៅពេលនេះ ដោយសារលោក ហ៊ុន សែន ចង់ធ្វើឲ្យគណបក្សប្រឆាំងបែកបាក់ដោយខ្លួនឯង ជាជាងការរំលាយដោយអំណាចតុលាការ។ ម្យ៉ាងទៀតប្រហែលជាលោក ហ៊ុន សែន មើលឃើញសកម្មជនគណបក្សសង្គ្រោះជាតិ ចុះចូលគណបក្សកាន់អំណាចតិចតួចពេក។ «សំឡេង»
Image may be NSFW.
Clik here to view.
ជុំវិញការរំលាយគណបក្សសង្គ្រោះជាតិនេះដែរ លោក ប្រ៊េដ អាដាម (Brad Adams) នាយកប្រតិបត្តិទទួលបន្ទុកផ្នែកអាស៊ីនៃអង្គការសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លើកឡើងថា តុលាការមិនអាចរំលាយគណបក្សសង្គ្រោះជាតិ បានឡើយ ដោយហេតុថា សារដែលលោក កឹម សុខា និយាយកាលពីឆ្នាំ២០១៣ កន្លងទៅនេះ គឺគ្រាន់តែជាការបញ្ចេញមតិដោយសន្តិវិធី មិនមែនជាបទឧក្រិដ្ឋអ្វីឡើយ។ លោក ប្រ៊េដ អាដាម ក៏បញ្ជាក់ថា យោងតាមគោលការណ៍ច្បាប់អន្តរជាតិ គេមិនអាចយកច្បាប់មួយ ដែលទើបបង្កើតនៅថ្ងៃនេះទៅអនុវត្ត ដាក់ទោសលើជនណាម្នាក់ ដែលបានប្រព្រឹត្តអំពើមួយមុនពេលច្បាប់នោះកើតមានឡើយ៖ «បើមិនមានគោលការណ៍អញ្ចឹងទេ អ្នកធ្វើច្បាប់អាចបង្កើតច្បាប់ ដើម្បីធ្វើបាបមនុស្សម្នាក់ ឬមួយក្រុម ដូចជាចាប់ដាក់គុកតាមអំពើចិត្តបណ្ដាលអោយ មានអំពើអយុត្តិធម៌។ អំពើ ឬអង្គហេតុដែលកើតឡើងមុនមានច្បាប់ គឺវាមិនមានច្បាប់អោយរំលោភនោះទេ។ ឥឡូវនេះយើងឃើញនៅកម្ពុជា គេបានកែប្រែច្បាប់ ដើម្បីបណ្ដេញតំណាងរាស្ត្របក្សប្រឆាំងចេញពីរដ្ឋសភា ដែលបញ្ញត្តិបែបនេះមិនមានចែងក្នុងច្បាប់ទាល់តែសោះពីមុនមក។ គោលការណ៍ច្បាប់កំណត់ថា អ្នកឯងមិនអាចកែប្រែច្បាប់សំដៅ អនុវត្តទៅលើអង្គហេតុដែលបានកើតឡើងរួចហើយនោះទេ»។
ក្រមព្រហ្មទណ្ឌកម្ពុជាឆ្នាំ២០០៩ មាត្រា៣ ចែងអំពីគោលការណ៍នីត្យានុកូលភាព ឬគោលគោលការណ៍អនុវត្តច្បាប់ ចែងថា៖ «មានតែអំពើដែលបង្កើតជាបទល្មើស នៅពេលដែលអំពើនោះមានចែងក្នុងបទបញ្ញត្តិព្រហ្មទណ្ឌជាធរមានប៉ុណ្ណោះ ទើបត្រូវផ្ដន្ទាទោសព្រហ្មទណ្ឌបាន។ មានតែទោសដែលមានចែងក្នុងបទបញ្ញត្តិព្រហ្មទណ្ឌ ជាធរមាននៅពេលដែលបទល្មើសត្រូវបានប្រព្រឹត្តប៉ុណ្ណោះ ទើបអាចត្រូវប្រកាសបាន»។ និយាយដោយខ្លី គោលការណ៍ច្បាប់កំណត់ថា «គ្មានច្បាប់ គឺគ្មានបទល្មើស»។
គណបក្សសង្គ្រោះជាតិ ត្រូវបានមេធាវីតំណាងឱ្យក្រសួងមហាផ្ទៃចំនួន ៥នាក់ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ កន្លងទៅនេះ បានដាក់ពាក្យប្ដឹងទៅតុលាការកំពូល ដើម្បីស្នើសុំឲ្យតុលាការជាន់ខ្ពស់នេះ រំលាយគណបក្សសង្គ្រោះជាតិ។ ការដាក់បណ្ដឹងនេះ នៅក្រោយពេលគណបក្សនយោបាយចំនួន២ បានស្នើឲ្យក្រសួងមហាផ្ទៃ កម្ចាត់បក្សប្រឆាំងចេញពីឆាកនយោបាយ។
តុលាការកំពូលនឹងលើកយករឿងក្ដីរំលាយគណបក្សសង្គ្រោះជាតិមកជំនុំជម្រះ នៅថ្ងៃទី១៦ វិច្ឆិកា ខាងមុខនេះ ខណៈដែលលោក កឹម សុខា កំពុងត្រូវឃុំខ្លួននៅក្នុងពន្ធនាគារត្រពាំងផ្លុង នៅឡើយ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ ថា កម្ពុជានឹងអាចជួបបញ្ហាធ្ងន់ធ្ងរ ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ រួមមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ពីសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ដែលជាទីផ្សារដ៏ធំ ក្នុងការនាំចូលផលិតផលសំលៀកបំពាក់ និងស្បែកជើងពីកម្ពុជា មានតម្លៃរាប់ពាន់លានដុល្លារ។ ក្រៅពីនេះទៀត មន្ត្រីរដ្ឋាភិបាលប្រមាណ ៣០០នាក់ ដែលមានទ្រព្យសម្បត្តិលុយកាក់រាប់រយលានដុល្លារតម្កល់នៅធនាគារអន្តរជាតិ គេក៏នឹងអាចបង្កកដែរ៕