Clik here to view.

អ្នកនិពន្ធសៀវភៅដែលឲ្យឈ្មោះថា សទ្ទានុក្រមស្ដីពីសន្តានពាក្យក្នុងភាសាខ្មែរ កំពុងអំពាវនាវសប្បុរសជនជួយគាំទ្រ និងឧបត្ថម្ភកជាថវិកា ក្នុងការបោះពុម្ពសៀវភៅមួយក្បាលនេះ ឲ្យបានចេញជារូបរាង។ សាស្ត្រាចារ្យ និងជាអ្នកជំនាញផ្នែកអក្សរសាស្ត្រផង យល់ឃើញថា សទ្ទានុក្រមនេះ ពិតជាមានប្រយោជន៍ច្រើនណាស់ សម្រាប់បម្រើឲ្យសេចក្ដីត្រូវការក្នុងការប្រើប្រាស់ សម្រាប់ភាសាខ្មែរ ក្នុងសម័យដ៏ទំនើបនេះ។
អ្នកជំនាញអក្សរខ្មែរ ឲ្យដឹងថា ការចងក្រង ឬការនិពន្ធដើម្បីឲ្យភាសាខ្មែរកាន់តែសម្បូរបែប ដើម្បី ចៀសវាងកម្ចីភាសាពីបរទេសប្រើផង វាមិនមែនជាការងាយប៉ុន្មាននោះឡើយ ក្នុងការតាក់តែង សម្រាប់សម័យដ៏ជឿនលឿននេះ ស្របពេលភាសា និងបច្ចេកស័ព្ទក៏កាន់តែទំនើបទៅៗ នៅជុំវិញភពលោក។
ជាស្ថាបនិកក្លឹបអភិរក្សអក្សរសាស្ត្រខ្មែរ និងជាអនុបណ្ឌិតផ្នែកអក្សរសាស្ត្រផងលោក ឈិន សីហា ឲ្យដឹងថា សទ្ទានុក្រមដែលលោកតាក់តែងឡើងនេះ គឺមានបណ្ដុំទៅដោយបច្ចេកស័ព្ទ និងភាសាដែលកាន់តែទំនើប អាចនិយាយបានថា មានវាក្យសព្ទខ្លះថ្មី និងសម្បូរបែបជាងមុន។ ប៉ុន្តែអ្វីដែលជាឧបសគ្គនៅពេលនេះ គឺការខ្វះខាតថវិកា ក្នុងការបោះពុម្ពឲ្យចេញទៅជាសៀវភៅ សម្រាប់បម្រើឲ្យសេចក្ដីត្រូវការរបស់សង្គម និងប្រយោជន៍សាធារណៈផង។ អ្នកជំនាញផ្នែកអក្សរសាស្ត្ររូបនេះ រំពឹងថា តាមរយៈការផ្សព្វផ្សាយនេះ ពលរដ្ឋ ឬអ្នកដែលមានទុនចង់ឲ្យសទ្ទានុក្រមនេះ លេចចេញជារូបរាងឡើង អាចចូលរួមតាមអ្វីដែលខ្លួនមាន។ លោកបន្តថា ការរួមចំណែករបស់ពលរដ្ឋទាំងអស់គ្នា គឺជាផ្នែកមួយធ្វើឲ្យភាសាជាតិ កាន់តែទំនើប និងខ្លាំងជាងមុន ជាពិសេសអាចចៀសវាងការកម្ចីភាសាបរទេសប្រើ។
អ្នកជំនាញផ្នែកអក្សរសាស្ត្រខ្មែរ ពន្យល់ថា ពាក្យជាគន្លឹះបីមាត់រួមមាន វចនានុក្រម សទ្ទានុក្រម និងបទានុក្រម គឺមានមុខងារខុសៗគ្នា ក្នុងការប្រើប្រាស់។ វចនានុក្រមមានន័យថា គឺជាបណ្ដុំនៃពាក្យទាំងអស់របស់ជាតិ ទាំងគ្រាមភាសា ទាំងភាសាតំបន់ និងភាសាផ្លូវការ មិនផ្លូវការ គឺត្រូវកត់ត្រាទុកក្នុងវចនានុក្រម។ ចំណែក បទានុក្រម គឺជាផ្នែកតូចមួយនៃពាក្យជាគន្លឹះ ក្នុងការពន្យល់នៅក្នុងអត្ថបទមួយ ឬសម្រាប់ពន្យល់ពាក្យពិបាកណាមួយ គេត្រូវចាត់ទុកថាជា បទានុក្រម។ ក្រៅពីនេះ ពាក្យថា សទ្ទានុក្រម វិញមានន័យថា ជាក្រុមពាក្យមួយ ឬជាបច្ចេកស័ព្ទ ដូចជាសទ្ទានុក្រមពេទ្យ ឬ សទ្ទានុក្រមអក្សរសិល្ប៍ជាដើម។
បើទោះជាបែបណា លោក ឈិន សីហា លើកឡើងថា សទ្ទានុក្រម សន្តានពាក្យក្នុងភាសាខ្មែរទំនើបនេះ លោកបានតាក់តែងឡើង ក្នុងអំឡុងដើមឆ្នាំ២០១៦ និងទើបបានបញ្ចប់នៅដើមឆ្នាំ២០១៧នេះប៉ុណ្ណោះ។ លោកបន្តថា ក្ដីសុបិនរបស់លោកគឺបានដក់ក្នុងចិត្ត តាំងពីស្ថិតនៅក្នុងអំឡុងពេលសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកអក្សរសាស្ត្រមកម៉េ្លះ។ ទើបតែនៅដើមឆ្នាំ ២០១៧ នេះសទ្ទានុក្រមនេះ បានបញ្ចប់ជាស្ថាពរ ទៅតាមការគ្រោងទុក។ ហេតុផលសំខាន់ដែលលោកអំពាវនាវសូមការចូលរួម ថវិកាក្នុងការបោះពុម្ពនេះ ព្រោះតែសទ្ទានុក្រមនេះ បានសរសេរលើសពីគម្រោងដែលគិតថាពីនឹងបោះពុម្ពត្រឹម ៥០០ទំព័រ រហូតដល់ជាង ១.០០០ទំព័រ។
សាស្ត្រាចារ្យផ្នែកសិល្បៈ និងវប្បធម៌នៃរាជបណ្ឌិតសភាកម្ពុជាលោកបណ្ឌិត ធុយ ចាន់ធួន យល់ឃើញថា នេះជាការរួមចំណែក ធ្វើឲ្យជាតិសាសន៍កាន់តែខ្លាំង។ លោកសាទរចំពោះកិច្ចខិតខំប្រឹងប្រែង របស់យុវជនដែលចេះជួយជ្រោមជ្រែងភាសាជាតិឲ្យកាន់តែសម្បូរបែប នៅក្នុងសម័យកាលដ៏ទំនើបនេះ។ លោករំពឹងថា ការព្យាយាមបង្កើតអ្វីដែលថ្មីនៅក្នុងភាសាជាតិនេះ នឹងអាចកាត់បន្ថយបាននូវកម្ចីភាសាបរទេសមកប្រើប្រាស់។ «សំឡេង»
អ្នកជំនាញផ្នែកអក្សរសាស្ត្រយល់ឃើញថា សព្វថ្ងៃនេះសម្បូរអ្នកតែងនិពន្ធជាលក្ខណៈឯកជនច្រើន។ ប៉ុន្តែ ការតែងនិពន្ធដែលមិនបានឆ្លងកាត់ការត្រួតពិនិត្យ ពីក្រុមជំនាញផ្នែកអក្សរសាស្ត្រជាតិ នឹងមិនអាចជួយអ្វីបានច្រើនឡើយ សម្រាប់អក្សរសាស្ត្រខ្មែរ និងពាក្យបច្ចេកស័ព្ទនៅក្នុងស្ថាប័នដទៃៗទៀត នៅក្នុងសម័យទំនើបនេះ។
អ្នកជំនាញផ្នែកអក្សរសាស្ត្រឲ្យដឹងថា បច្ចុប្បន្នប្រទេសកម្ពុជាមិនសូវជាសម្បូរពាក្យទំនើបប្រើនៅឡើយទេ ក្រៅពីកម្ចីពីបរទេសដូចជាភាសាកុំព្យូទ័រជាដើម។ ម្យ៉ាងវិញទៀតកម្ពុជាមានជំនួយតែម្យ៉ាងគត់ គឺមានតែវចនានុក្រមដែលបោះពុម្ពតាំងពីឆ្នាំ១៩៦៧ របស់សម្ដេចព្រះ សង្ឃរាជ ជួន ណាត មួយប៉ុណ្ណោះ ដែលដាក់ឲ្យប្រើជាផ្លូវការ ។
ក្នុងពេលគេត្រូវការវិវត្តន៍វចនានុក្រមនេះ ឲ្យបានកាន់តែប្រសើរ គឺគេចាំបាច់យកទៅបោះពុម្ពឡើងវិញប៉ុណ្ណោះ គ្មានជម្រើសណាផ្សេងពីនេះទៀតឡើយ។ លោក ជិន សីហា មានប្រសាសន៍ថា សទ្ទានុក្រមដែលលោកតាក់តែងឡើងនេះ ពុំមែនថាល្អឥតខ្ចោះលើសអ្វីដែលមាននៅក្នុងវចនានុក្រម របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត នោះទេ។ ប៉ុន្តែអ្វីដែលមាននៅក្នុងសទ្ទានុក្រម ពេលនេះគឺពាក្យបច្ចេកស័ព្ទថ្មីៗ ដែលបានកើតឡើង នៅក្នុងសម័យទំនើបនេះ ដែលអាចនិយាយបានថា ពីមុនពុំទាន់មានមួយចំនួន។ ម្យ៉ាងវិញទៀត ឈ្មោះថាសទ្ទានុក្រមនេះ គឺជាក្រុមពាក្យដែលមានសន្តានទាក់ទងគ្នា លើសពី ២ឡើងទៅ។ «សំឡេង»
យ៉ាងណាក៏ដោយ អនុបណ្ឌិតផ្នែកអក្សរសាស្រ្តលោក ជិន សីហា យល់ឃើញថា សន្ទានុក្រមដែលលោកសរសេរឡើងនេះ មិនមែនបម្រើសម្រាប់តែប្រយោជន៍បុគ្គលលោកម្នាក់នោះឡើយ ជាងនេះសន្ទានុក្រមនេះ នឹងបានជាប្រយោជន៍ទូទៅទាំងអ្នកសិក្សា អ្នកស្រាវជ្រាវ និងការប្រើប្រាស់ប្រចាំថ្ងៃសម្រាប់ជាតិទាំងមូលថែមទៀតផង។
ការប៉ាន់ស្មាន សទ្ទានុក្រម សន្តានពាក្យក្នុងភាសាខ្មែរទំនើបនេះ អាចនឹងត្រូវការថវិកាបោះពុម្ពចន្លោះពី ២ម៉ឺន ទៅ ៣ម៉ឺនដុល្លារ។ សព្វថ្ងៃនេះ លោក ជិន សីហា ឲ្យដឹងថា លោកមានលុយនៅក្នុងដៃប្រហែល ១ពាន់ដុល្លារប៉ុណ្ណោះ។ បើទោះជាត្រូវជួបឧបសគ្គរឿងថវិកាបោះពុម្ព អ្នកជំនាញផ្នែកអក្សរសាស្ត្ររូបនេះ នឹងមិនបោះបង់គម្រោងសំណេររបស់ខ្លួនឡើយ។ តទៅទៀតលោកអះអាងថា នឹងចាប់សរសេរពីសទ្ទានុក្រម បច្ចេកស័ព្ទនគរបាល និងសំណេរអំពីអក្សរសាស្ត្រខ្មែរ អក្សរសិល្ប៍ និងវប្បធម៌ទូទៅ ហើយមួយទៀត នឹងសិក្សាអំពីរាជធានី-ខេត្តទាំង ២៥ រាជធានី-ខេត្ត ដើម្បីចងក្រងជាឯកសារ៕