Clik here to view.

គណបក្សសង្គ្រោះជាតិ កំពុងរៀបចំបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាឡើងវិញ ឲ្យបានមុនកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី៨ ខែវិច្ឆិកា សប្ដាហ៍ក្រោយ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន មានប្រសាសន៍ប្រាប់អាស៊ីសេរី តាមទូរស័ព្ទថា ទោះក្នុងស្ថានការណ៍នយោបាយតឹងតែងបច្ចុប្បន្ន និងមានបញ្ហាផ្ទៃក្នុងបក្សបន្តិចបន្តួចក៏ដោយ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារត្រពាំងផ្លុង បានសម្រេចឲ្យសមាជិកគណៈអចិន្ត្រៃយ៍ រៀបចំបញ្ជីឈ្មោះបេក្ខជនជ្រើសតាំងសមាជិកព្រឹទ្ធសភាឡើងវិញ ដើម្បីចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅឆ្នាំ២០១៨ ខាងមុខ។
លោក អ៊ូ ច័ន្ទរ័ត្ន៖ «ដោយសារតែបញ្ជីនោះ យើងមានការមិនសូវស្រុះស្រួលគ្នាតិចតួចទេ អ៊ីចឹងទេយើងសុំដកចេញពី គ.ជ.ប មកកែសម្រួលឡើងវិញ ប៉ុន្តែគេអត់ឲ្យដកទេ គេទុកពេលឲ្យយើងទៅកែនៅហ្នឹង ដោយមានការអនុញ្ញាតពីលោកប្រធានគណបក្ស កឹម សុខា។ យើងកំពុងជជែកគ្នារឿងកែសម្រួល គឺជិតផុតថ្ងៃទៅហើយ ថ្ងៃទី៨ វិច្ឆិកា ដែលគេអនុញ្ញាតឲ្យកែបាន។ យើងដាក់បេក្ខជនគ្រប់ទាំងអស់ ទាំងបម្រុង និងពេញសិទ្ធិសរុបជាង ១០០នាក់»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្ដីប្រកាសនៅថ្ងៃនេះ ដោយស្នើគណបក្សនយោបាយឲ្យមកចុះបញ្ជីឈ្មោះគណបក្សខ្លួន និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ ក្នុងសេចក្ដីប្រកាសរបស់ គ.ជ.ប ឲ្យដឹងថា គណបក្សនយោបាយដែលបានដាក់ពាក្យសុំចុះបញ្ជីរួចហើយ និងត្រូវបានគ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការរួចហើយ គឺមានសុពលភាព និងមានគុណសម្បត្តិសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ ក៏ប៉ុន្តែបើសិនជាគណបក្សនយោបាយណាមួយស្នើសុំចុះបញ្ជីហើយ គ.ជ.ប នៅពុំទាន់សម្រេចទទួលស្គាល់ជាផ្លូវការ គ.ជ.ប នឹងបន្តនីតិវិធីស្របតាមបទបញ្ជាសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាដែល គ.ជ.ប បានធ្វើវិសោធនកម្ម។
ចំពោះគណបក្សនយោបាយដែលមានបំណងឈរឈ្មោះបោះឆ្នោត ត្រូវមកដាក់ពាក្យសុំនៅទីស្ដីការ គ.ជ.ប ហើយកាលបរិច្ឆេទនៃការចុះឈ្មោះគណបក្ស និងបេក្ខជនឈរឈ្មោះ គឺចាប់ផ្ដើមពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាគឺធ្វើឡើងរៀងរាល់ ៦ឆ្នាំម្ដង ដោយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នៅទូទាំងប្រទេស៕