
សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នៅថ្នាក់ក្រោមជាតិចំនួន ៣នាក់របស់គណបក្សប្រឆាំង បានបន្តចាកចេញពីគណបក្សនេះទៀតហើយ ទៅចូលរួមជីវិតនយោបាយជាមួយគណបក្សកាន់អំណាច។
សមាជិកក្រុមប្រឹក្សាខេត្តកំពត មកពីខាងគណបក្សប្រឆាំង អះអាងថា ការបន្តចាកចេញនេះ ព្រោះតែគណបក្សប្រជាជនកម្ពុជា ទៅគំរាមកំហែង និងបំភិតបំភ័យជាដើម ជាថ្នូរនឹងការចាកចេញពីបក្សប្រឆាំង។
ទោះជាមានការចាកចេញចោលបក្សយ៉ាងនេះក៏ដោយចុះ អ្នកស្រី សំ ចរិយា អះអាងថា សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលបោះបង់អាសនៈពីគណបក្សសង្គ្រោះជាតិ នៅពេលនេះ គឺជាសមាជិកដែលធ្លាប់បានផ្លាស់ប្ដូរទ្រនំពីគណបក្សប្រជាជនកម្ពុជា និងគណបក្សហ្វ៊ុនស៊ិនប៉ិច ពីមុនមកដែរ។
ការថ្លែងដូចនេះរបស់សមាជិកក្រុមប្រឹក្សាខេត្តរបស់គណបក្សសង្គ្រោះជាតិ ប្រចាំខេត្តកំពត ស្របពេលព័ត៌មានស្ដីពីការដើរចេញរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ដូចគ្នានេះដែរ បានកើតឡើងជាច្រើនកន្លែងផ្សេងទៀត។
ថ្លែងប្រាប់អាស៊ីសេរី នៅថ្ងៃទី២ ខែវិច្ឆិកា នេះ អ្នកស្រី សំ ចរិយា ដែលជាសមាជិកក្រុមប្រឹក្សាខេត្តរបស់គណបក្សប្រឆាំងថា ថ្វីបើពួកគាត់ដែលបានផ្លាស់ទៅរកទ្រនំថ្មីនេះ មានអតីតភាពការងារមកពីបក្សប្រជាជនកម្ពុជា និងគណបក្សហ្វ៊ុនស៊ិនប៉ិច ក្ដី ដោយសារមកពីកត្តាជីវភាព និងការគំរាមកំហែងផង ទើបជំរុញឲ្យពួកគាត់សម្រេចចាកចេញ។ អ្នកស្រីបន្តថា ក្នុងពេលសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំងបីនាក់នេះ បានចាកចេញទៅហើយ ប៉ុន្តែគណបក្សប្រជាជនកម្ពុជា នៅបន្តដើរអូសទាញសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដទៃទៀតរបស់បក្សប្រឆាំងនៅឡើយ៖ «»។
សំឡេងបោះឆ្នោតនៅព្រឹទ្ធសភា គឺជាសំឡេងដែលបានមកពីសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ បូកនឹងសមាជិករដ្ឋសភាទាំង ១២៣រូប។ អ្នកវិភាគនយោបាយយល់ឃើញថា មូលហេតុនៃការលើកពេលបោះឆ្នោតព្រឹទ្ធសភា ទៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ វិញ ដោយពុំបានបញ្ជាក់អំពីមូលហេតុឲ្យបានពិតប្រាកដនេះ គឺអាចមកពីគណបក្សកាន់អំណាចចង់ទុកពេលសម្រាប់អូសទាញសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងតំណាងរាស្ត្ររបស់បក្សប្រឆាំងនេះឯង។
ដំបូងឡើយ លោក ហ៊ុន សែន បានកំណត់ពេលបោះឆ្នោតព្រឹទ្ធសភានេះរួចហើយ គឺនឹងត្រូវដំណើរការនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨។ ប៉ុន្តែនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៨ ខែតុលា លោក ហ៊ុន សែន បាននិរាករណ៍ការសម្រេចបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៤ ដែលបានអនុម័តរួចហើយ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ហើយដែលគ្រោងនឹងដំណើរការនៅដើមខែមករា នេះចោល។ ឥឡូវ ការបោះឆ្នោតព្រឹទ្ធសភា ត្រូវលើកពេលទៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ វិញ។
ទាក់ទងការចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា បានអូសទាញសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ពីខាងគណបក្សប្រឆាំងនេះ អភិបាលខេត្តកំពត និងជាប្រធានគណបក្សប្រជាជនកម្ពុជា ប្រចាំខេត្តផង បដិសេធបកស្រាយរឿងនេះ។ នៅពេលសួរថា តើពិតជាមានការអូសទាញ និងគំរាមកំហែងបែបនេះមែន ឬយ៉ាងណា?
លោក ចាន់ ចេស្តា ដែលជាអភិបាលខេត្តកំពត បានផ្ដាច់ទូរស័ព្ទទៅវិញភ្លាមដែរ។ បើទោះជាបែបណា លោក សុខ ឥសាន មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា ធ្លាប់អះអាងប្រាប់កាសែតក្នុងស្រុកថា ព្រះអាទិត្យនឹងលិចនៅថ្ងៃទី១៦ ខែវិច្ឆិកា ខាងមុខនេះហើយ។ លោក ឌិត មន្ទី ប្រធានតុលាការកំពូល និងជាសមាជិកអចិន្ត្រៃយ៍របស់គណបក្សប្រជាជនកម្ពុជាផង នឹងបើកសវនាការរឿងក្តីសុំរំលាយបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៦ ខែវិច្ឆិកា។ លោក ឌិត មន្ទី ដែលជាប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល ទទួលបន្ទុកក្នុងសំណុំរឿងនេះផង បានកោះអញ្ជើញប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំនៅគុកត្រពាំងផ្លុង ត្រូវចូលរួមស្ដាប់សវនាការនេះដែរ។
សមាជិកក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ដែលចាកចេញពីគណបក្សសង្គ្រោះជាតិ ទាំង ៣នាក់រួមមានជំទប់ទី១ ឃុំបឹងទូក ស្រុកទឹកឈូ លោក ហែម វណ្ណា ជំទប់ទី២ សង្កាត់កំពង់បាយ ក្រុងកំពត លោក ពិនរ៉ុង បំរ៉ុង និងលោក វ៉ាង វ៉ាត់ ជាជំទប់ទី២ ឃុំតាកែនកោះស្លា ខេត្តកំពត។
លោក កន សាវាង្ស មន្ត្រីជាន់ខ្ពស់នៃអង្គការខុមហ្វ្រែល (COMFREL) ធ្លាប់លើកឡើងថា ការចាកចេញរបស់មន្ត្រីនៅថ្នាក់ក្រោមជាតិ វានឹងមិនប៉ះពាល់អ្វីធំដុំទេសម្រាប់ការបោះឆ្នោតនៅព្រឹទ្ធសភានោះ ព្រោះនេះជាការបោះឆ្នោតបែបអសកល។ ប៉ុន្តែអ្នកជំនាញរូបនេះយល់ឃើញថា រឿងដែលស្មុគស្មាញនោះនៅត្រង់ថា ការរើសបេក្ខភាពបន្តវាកៀកនឹងការបោះឆ្នោតពេកណាស់ទៅហើយ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី ចាត់ទុកអ្នកនយោបាយដែលចេញពីគណបក្សមួយទៅចូលគណបក្សមួយទៀតនេះ ថាជាការស្វែងរកលាភសក្ការៈដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លួនច្រើនជាងការផ្លាស់ប្ដូរជីវភាពនយោបាយ ដើម្បីការរីកចម្រើននៅក្នុងសង្គមជាតិ។
ក្នុងការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីខែមិថុនា ឆ្នាំ២០១៧ គណបក្សសង្គ្រោះជាតិ ទទួលបានមេឃុំ ចៅសង្កាត់ចំនួន ២៤០នាក់ ក្នុងចំណោមអាសនៈសរុប ៥៦១អាសនៈនៅខេត្តកំពត។ ក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សសង្គ្រោះជាតិ ដែលជាប់ឆ្នោតនៅទូទាំងប្រទេសមានចំនួន ៥.០០៧នាក់ និងជាប់ជាមេឃុំ-ចៅសង្កាត់ ជិត ៥០០ឃុំ-សង្កាត់៕