Clik here to view.

ប្រជាពលរដ្ឋមួយចំនួន បានបង្ហាញការព្រួយបារម្ភ អំពីបញ្ហាសន្តិសុខសុវត្ថិភាព នាពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំនេះទេ ដោយអ្នកខ្លះ បានត្រៀមចេញទៅកម្សាន្តនៅតាមបណ្ដាខេត្តនានា និងចេញទៅក្រៅប្រទេសជាដើម។
ប៉ុន្តែបញ្ហានេះ អភិបាលរាជធានីភ្នំពេញ អះអាងថា កម្លាំងសមត្ថកិច្ចចម្រុះគ្រប់ស្ថាប័ន បានពង្រាយគ្រប់គោលដៅ ត្រៀមការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ នាពិធីបុណ្យអុំទូក ដើម្បីផ្ទល់ភាពកក់ក្ដៅជូនភ្ញៀវទេសចរជាតិអន្តរជាតិ ឲ្យមានភាពសប្បាយរីករាយ។
ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ និងរស់នៅតាមបណ្ដាខេត្តមួយចំនួន បានឲ្យអាស៊ីសេរីដឹង នៅថ្ងៃទី៣១ ខែតុលា ថា នឹងមិនមកចូលរួមពិធីបុណ្យអុំទូកឆ្នាំនេះទេ ដោយពួកគេបារម្ភអំពីបញ្ហាកកស្ទះ ពិសេសអសន្តិសុខចោរលួចឆក់ប្លន់ ដែលកើតមានស្ទើររាល់ថ្ងៃក្នុងរាជធានីភ្នំពេញ ប៉ុន្តែសមត្ថកិច្ចគ្មានលទ្ធភាពទប់ស្កាត់។
យុវតីដែលរស់នៅរាជធានីភ្នំពេញ អោយដឹងថា នាងនឹងមិនចូលរួមពិធីបុណ្យអុំទូកឆ្នាំនេះទេ ដោយសារបញ្ហាកកស្ទះចរាចរណ៍ នៅតាមផ្លូវសាធារណៈ និងបទល្មើសផ្សេងៗ ដែលអាចនឹងកើតមានឡើងជាយថាហេតុ ហើយសមត្ថកិច្ចមិនអាចទប់ស្កាត់បាន។ យុវតីរូបនេះ អះអាងទៀតថា បច្ចុប្បន្នភាពរាជធានីភ្នំពេញ គឺតែងកើតមានបទល្មើសចោរលួច ឆក់ និងប្លន់ បានកើតមានស្ទើរជារៀងរាល់ថ្ងៃ ហើយភាគច្រើនសមត្ថកិច្ចបង្ក្រាបជនល្មើសមិនទាន់ពេលនោះទេ។
កញ្ញាបញ្ជាក់ថា បុណ្យអុំទូកឆ្នាំនេះ មានគម្រោងណាត់មិត្តភ័ក្ដិមួយក្រុម ធ្វើដំណើរចេញទៅកម្សាន្តនៅតាមខេត្តមួយចំនួន មានខេត្តកំពត និងខេត្តព្រះសីហនុជាដើម។
ចំណែកប្រជាពលរដ្ឋរស់នៅតាមបណ្ដាខេត្តមួយចំនួនមាន ខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តតាកែវជាដើម បានលើកឡើងប្រហាក់ប្រហែលគ្នាថា នឹងមិនមកចូលរួមពិធីបុណ្យអុំទូកឆ្នាំនេះទេ ព្រោះលើកហេតុផលថា ពិធីនេះហាក់បីដូចជាសោះកក្រោះ និងបារម្ភពីបញ្ហាអសន្តិសុខ។
ប្រជាពលរដ្ឋម្នាក់ ស្ថិតក្នុងចំណោមប្រជាពលរដ្ឋច្រើនទៀត បានបញ្ជាក់ពីមូលហេតុ ដែលពួកគាត់មិននាំក្រុមគ្រួសារមកចូលរួមពិធីបុណ្យអុំទូកឆ្នាំនេះ ព្រោះលោកយល់ថា កម្ដៅនយោបាយ ដែលអ្នកនយោបាយនៅកម្ពុជា បង្កើតឡើងរាល់ថ្ងៃនេះ នាំឲ្យមានភាពវឹកវរ និងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ។ លោកថា ស្ថានការណ៍នយោបាយ ដែលកំពុងកើតមាននៅកម្ពុជាសព្វថ្ងៃនេះ ទំនងជាពិធីបុណ្យអុំទូកឆ្នាំនេះ មិនសូវមានប្រជាពលរដ្ឋមកពីតាមបណ្ដាលខេត្តច្រើនកុះករចូលរួមទេ ព្រោះពួកគេបារម្ភអំពីបញ្ហាអសន្តិសុខ។
ផ្ទុយពីការព្រួយបារម្ភនេះ អភិបាលរាជធានីភ្នំពេញញ លោក ឃួង ស្រេង បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា សមត្ថកិច្ចចម្រុះ គ្រប់ស្ថាប័ន បានដាក់ពង្រាយនៅគ្រប់គោលដៅទាំងក្នុង និងជាយក្រុង ដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋ ដែលមកចូលរួមព្រះរាជពិធីបុណ្យអុំទូក នៅថ្ងៃទី២ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ដោយយកចិត្តទុកដាក់។
លោកបន្តថា ដើម្បីឲ្យការងារការពារសន្តិសុខជូនប្រជាពលរដ្ឋ មានប្រសិទ្ធភាព រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែតុលា បានប្រគល់ម៉ូតូចំនួន ១៦៥គ្រឿង និងរថយន្តស្ទូចពីរគ្រឿង ជូនស្នងការដ្ឋាននគរបាលរាជធានី អធិការដ្ឋាននគរបាលខណ្ឌទាំង១២ និងប៉ុស្តិ៍នគរបាលទាំង ១០៥ សម្រាប់ជាមធ្យោបាយចល័តកម្លាំង ចុះការពារសុវត្ថិភាពនៅតាមគោលដៅនានា ឲ្យបានទាន់ពេល។
បញ្ហានេះដែរ លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ឲ្យដឹងថា បានត្រៀមកម្លាំងចុះល្បាត និងប្រចាំការនៅតាមគោលដៅគ្រប់ចក្រល្ហក ដើម្បីរង់ចាំការពារសន្តិសុខជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលមកកម្សាន្តពិធីបុណ្យអុំទូកឆ្នាំនេះ ឲ្យបានសប្បាយរីករាយ។
ទោះជាបែបនេះក្ដី លោក ជួន សុវណ្ណ ដែលមានតួនាទីជា អគ្គស្នងការរងនគរបាលជាតិផងនោះ មិនបានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា បានពង្រាយកម្លាំងការពារសន្តិសុខ នាពិធីបុណ្យអុំទូកមានចំនួន ប៉ុន្មាននាក់នោះទេ៕