
មន្ត្រីគណបក្សសង្គ្រោះជាតិ ថា ការចាកចេញរបស់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏ដូចជាតំណាងរាស្ត្រ ទៅចុះចូលខាងគណបក្សប្រជាជនកម្ពុជា មានចំនួនតិចតូចបំផុត ដែលមិនប៉ះពាល់ ដល់គណបក្សប្រឆាំងនោះទេ ព្រោះអ្នកដែលចាកចេញ នឹងត្រូវបំពេញដោយមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលនៅបន្តវេន។ ប៉ុន្តែ មន្ត្រីគណបក្សកាន់អំណាច ថាយូរនឹងឆាប់ គណបក្សសង្គ្រោះជាតិ គង់តែនឹងត្រូវរម្លាយដដែល។
មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង ចាត់ទុកការផ្សព្វផ្សាយព័ត៌មាន អំពីការចាកចេញ របស់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ មិនប៉ះពាល់ដល់ទឹកចិត្ត របស់មន្ត្រីជាប់ឆ្នោត ដ៏ច្រើនលើសលប់ដ៏ទៃទៀត របស់គណបក្សនេះទេ។ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ អះអាងថា ចំនួនអ្នកដែលទៅនោះ គឺមានត្រឹម ៤-៥នាក់ ដែលជាចំនួនតិចតួចបំផុត បើប្រៀបធៀបចំនួនសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់គណបក្សសង្គ្រោះជាតិ ដែលជាប់ឆ្នោតទាំង ៥.០០៧ នាក់ និងជាប់ជាមេឃុំ-ចៅសង្កាត់ជិត ៥០០ឃុំសង្កាត់ នៅទូទាំងប្រទេសនោះ៖ «ចំនួននេះ វាតិចតួចស្ទើរតែគ្មាន។ វាបង្ហាញភាពរឹងមាំរបស់គណបក្សសង្គ្រោះជាតិហ្នឹង ខ្លាំងក្លាមែនទែន។ សមាជិកមួយៗ គាត់បង្ហាញជំហររបស់គាត់ ច្បាស់លាស់គួរឲ្យកោតសរសើរណាស់។ ពួកគាត់ស្ម័គ្រចិត្តបម្រើប្រទេសជាតិ»។
ដោយសារគ្មានប្រព័ន្ធផ្សព្វផ្សាយ ដូចគណបក្សកាន់អំណាច ក្រោយពីវិទ្យុហ្វេសអឹម (FM) ក្នុងស្រុកដែលគណបក្សប្រឆាំងជួលម៉ោងផ្សាយ ត្រូវបានរដ្ឋាភិបាលបញ្ជាឲ្យបិទស្ថានីយវិទ្យុ និងការផ្សាយតាំងពីខែកញ្ញាកន្លងទៅ មន្ត្រីក្រុមប្រឹក្សាឃុំ-សង្កាត់គណបក្សសង្គ្រោះជាតិ បានប្រើមធ្យោបាយផ្សព្វផ្សាយ តាមប្រព័ន្ធផ្សព្វផ្សាយសង្គមហ្វេសប៊ុក (Facebook) ដើម្បីបង្ហាញពីឆន្ទៈមិនចុះចូលទៅខាងគណបក្សប្រជាជនកម្ពុជា ទោះបីមានការអំពាវនាវអូសទាញ និងគំរាមកំហែងឲ្យចុះចូលយ៉ាងណាក្តី។ មេឃុំ និងក្រុមប្រឹក្សាឃុំទាំង ១១ឃុំនៅស្រុកអង្គរជ័យ ខេត្តកំពត បញ្ចេញសារតាមហ្វេសប៊ុក ថាមិនរត់ចោលរាស្ត្រម្ចាស់ឆ្នោតនោះទេ៖ «ខ្ញុំជាជំទប់ទី២ នៅឃុំចំប៉ី ស្រុកអង្គរជ័យ។ ខ្ញុំសូមប្ដេជ្ញាចិត្តបម្រើបក្សលុះអវសានជីវិត ទោះមានព្យុះភ្លៀងយ៉ាងណាក៏ដោយ។ ចំណែកខ្ញុំជាមេឃុំខាងគណបក្សសង្គ្រោះជាតិ ខ្ញុំប្ដេជ្ញាចិត្ត មិនក្បត់ឆន្ទៈប្រជាពលរដ្ឋ ដែលខំបោះឆ្នោតឲ្យយើងខ្ញុំបានជាប់ជាមេឃុំ»។
មេឃុំ និងក្រុមប្រឹក្សាឃុំទាំងអស់ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឯណោះ ក៏អះអាងថា មិនឲ្យរាស្ត្រដែលខំបោះឆ្នោតឲ្យខកចិត្តនោះទេ៖ «ខ្ញុំតំណាងឲ្យមេឃុំ និងក្រុមប្រឹក្សាឃុំទាំងអស់ ក្នុងស្រុកស្រីសន្ធរ ខ្ញុំសូមសម្ដែងការស្មោះត្រង់ មិនលក់ឧត្ដមគតិ មិនក្បត់ប្រជាពលរដ្ឋ មិនក្បត់គណបក្សសង្គ្រោះជាតិ ព្រោះប្រជាពលរដ្ឋទាំងអស់បោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ បោះឲ្យយើងខ្ញុំដើម្បីបម្រើប្រជាជន»។
ដូចគ្នានេះដែរ ក្រុមប្រឹក្សាឃុំ-សង្កាត់ទាំង ៥៤រូប នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ផ្សាយសារតាំងចិត្តរបស់ខ្លួន តាមបណ្ដាញហ្វេសប៊ុកដែរ៖ «យើងខ្ញុំជាក្រុមប្រឹក្សាឃុំ-ជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ នៅក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យទាំង ៥៤ រូប សូមប្ដេជ្ញាចិត្តថា យើងខ្ញុំមិនក្បត់ឆន្ទៈរាស្ត្រជាដាច់ខាត»។
ចំណែកឯចៅសង្កាត់អូរចារ ខេត្តបាត់ដំបង កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ឯណោះ ដែលហៅការអំពាវនាវ អូសទាញឲ្យមន្ត្រីបក្សសង្គ្រោះជាតិ ចុះចូល ថាជានយោបាយទុច្ចរិតនោះ បានជួបប្រជុំជាមួយពលរដ្ឋសង្កាត់អូរចារ ដើម្បីពន្យល់អំពីសមាជិកក្រុមប្រឹក្សាម្នាក់ ដែលបានចាកចេញពីបក្ស ថាជាសិទ្ធិរបស់បុគ្គល និងជាជម្រើសផ្ទាល់ខ្លួន។ កញ្ញា រ៉ូហ្ស៊េត បានបញ្ជាក់ថា សង្កាត់អូរចារ នឹងជ្រើសរើសមន្ត្រីបក្សសង្គ្រោះជាតិម្នាក់ទៀត ដើម្បីបំពេញតួនាទីនេះ ដើម្បីឲ្យសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់គណបក្សសង្គ្រោះជាតិ នៅសង្កាត់អូរចារ មានចំនួនដដែល៖ «គណបក្សសង្គ្រោះជាតិ អត់មានវប្បធម៌គំរាមកំហែង ចង់ចូលក៏បាន ចង់ចាកចេញក៏បាន។ ជាធម្មតា គណបក្សត្រូវតែងតាំងអ្នកក្រោយបន្ត ទៅសមាជិកថ្មីជំនួសអ្នកចាកចេញ។ សូមអ៊ំពូមីងកុំព្រួយបារម្ភ ចៅសង្កាត់អត់ចេញទេ ព្រោះបើចេញសូម្បីតែឆ្កែក៏អត់មើលមុខផង ព្រោះពលរដ្ឋមិនមែនបោះឆ្នោតឲ្យបុគ្គលទេ ពួកគាត់បោះឆ្នោតឲ្យព្រះអាទិត្យរះ»។
ទាក់ទងនឹងការចេញនេះ លោក សុន ឆ័យ អះអាងថា គ្មានមន្ត្រីជាប់ឆ្នោតណាមួយ អាចចាកចេញក្នុងតួនាទី និងមុខតំណែងដែលខ្លួន ជាប់ឆ្នោតដោយរាស្ត្របោះឲ្យនោះទេ។ លោកបញ្ជាក់ថា ជាស្វ័យប្រវត្តិមន្ត្រីជាប់ឆ្នោត ដែលចាកចេញនឹងចាកដោយដោយសម្បកខ្លួនប៉ុណ្ណោះ ព្រោះតួនាទីត្រូវអស់ជាស្វ័យប្រវត្តិ ពេលដែលគាត់ប្ដូរបក្ស ហើយគណបក្សសង្គ្រោះជាតិ ត្រូវចាត់ចែងរើសមនុស្ស ដែលមាននៅក្នុងបញ្ជីបេក្ខជនបន្ទាប់ មកជំនួសតំណែងនោះ។ ដូច្នេះ មានន័យថា ក្រុមប្រឹក្សាឃុំ-សង្កាត់ និង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នឹងនៅតែគ្រប់ចំនួនដដែល៖ «តំណាងរាស្ត្រក៏ដោយ បើរត់ចូលទៅ គ្មានច្បាប់អនុញ្ញាតឲ្យយកតំណែងទៅជាមួយបាននោះទេ»។
ប៉ុន្តែ ចំពោះមន្ត្រីគណបក្សកាន់អំណាចវិញ ចាត់ទុកថា តំណែងរបស់មន្ត្រីជាប់ឆ្នោតក្នុងគណបក្សសង្គ្រោះជាតិ នឹងរលាយដោយស្វ័យប្រវត្តិ នៅក្រោយតុលាការកំពូលសម្រេចរម្លាយគណបក្សប្រឆាំងនេះចោល។ មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថា ច្បាប់គឺវាតម្រូវអ៊ីចឹង៖ «ដូច្នេះ គ្មានចាំបាច់និយាយថា កូតាខាងណាៗទៀតទេ។ ត្រីកំពុងដើរចូលជុចហើយ ពេលចូលជុចហើយមិនអាចដើរថយក្រោយបានទេ»។
តុលាការកំពូល បានសម្រេចយកថ្ងៃទី១៦ ខែវិច្ឆិកា ខាងមុខ ជាថ្ងៃធ្វើសវនាការសម្រេចសេចក្ដីលើករណី ដែលក្រសួងមហាផ្ទៃប្ដឹងសុំរម្លាយគណបក្សសង្គ្រោះជាតិ។ សហគមន៍អន្តរជាតិ ថ្កោលទោសរដ្ឋាភិបាលកម្ពុជា ចំពោះចំណាត់ការបំបាត់សំឡេងបក្សប្រឆាំងបែបនេះ។ សមាជិកសភាអាមេរិកមួយរូប ថែមទាំងកំណត់ឱសានវាទ ឲ្យដោះលែងលោក កឹម សុខា ត្រឹមថ្ងៃទី៩ ខែវិច្ឆិកា និងនាំស្ថានការណ៍បច្ចុប្បន្នឲ្យវិលត្រឡប់ទៅរកសភាពធម្មតាវិញ ដើម្បីឲ្យមានការបោះឆ្នោតមួយដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ បើមិនដូច្នេះទេ កម្ពុជានឹងរងទណ្ឌកម្មពីសហរដ្ឋអាមេរិក៕