Clik here to view.

ប្រធានគណបក្សសង្គ្រោះជាតិខេត្តព្រះសីហនុ បានអះអាងថា គ្មានសមាជិកក្រុមប្រឹក្សា ពិសេសមេឃុំ-ចៅសង្កាត់ណាម្នាក់របស់ខ្លួន ទៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ជាថ្នូរបន្តកាន់តំណែង តាមការអំពាវនាវ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តព្រះសីហនុ លោក សុខ សាវ៉ាត ផ្ដល់សម្ភាសឲ្យអាស៊ីសេរីដឹងតាមទូរស័ព្ទថា គិតត្រឹមថ្ងៃអាទិត្យ ទី២៩ ខែតុលា មិនមានសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ពិសេសមេឃុំចៅសង្កាត់បក្សខ្លួនណាម្នាក់ នាមូលដ្ឋាននេះ លក់ឧត្ដមគតិ ឬទៅចុះចូលបក្សកាន់អំណាច ដើម្បីរក្សាតំណែង និងលាបសក្ការនោះទេ។
លោកបន្តថា យោងតាមកិច្ចប្រជុំសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំង ៦៣រូប ដែលជាប់ការបោះឆ្នោតឃុំសង្កាត់អាណត្តិកន្លងទៅ ពួកគេបានប្ដេជ្ញាថា បើគណបក្សសង្គ្រោះជាតិពិតជាត្រូវគេរំលាយមែននោះ គឺដាច់ខាតមិនចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ក្បត់ឆន្ទៈប្រជាពលរដ្ឋ ឬម្ចាស់ឆ្នោត ជាដាច់ខាត។
ចំណែក លោក អ៊ុក ចេត្តនី ចៅសង្កាត់លេខ ១ មកពីគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តព្រះសីហនុ បានបញ្ជាក់ជំហរថា រូបគាត់សុខចិត្តទៅប្រកបរបរធ្វើស្រែចម្ការ ឬទៅស៊ីឈ្នួលឃ្វាលគោក្រីបីឲ្យគេ ដើម្បីរកប្រាក់ចំណូលចិញ្ចឹមជីវិត ប៉ុន្តែដាច់ខាតមិនក្បត់ឆន្ទៈម្ចាស់ឆ្នោត និងមិនលក់ឧត្ដមគតិ ទៅចុះចូលបក្សកាន់អំណាច ជាថ្នូររក្សាតំណែងនោះទេ ទោះបីគណបក្សសង្គ្រោះជាតិត្រូវរំលាយបែបណាក្ដី។
លោកចៅសង្កាត់លេខ១ សង្កត់ធ្ងន់ថា ការផ្ដល់ជូនតំណែងតួនាទីបុណ្យស័ក្ដិ និងលាបសក្ការដែលក្បត់ឆន្ទៈម្ចាស់ឆ្នោត ឬប្រជាពលរដ្ឋ គឺមិនសំខាន់សម្រាប់រូបលោកទេ។
ទាក់ទិនបញ្ហានេះ អ្នកស្រី ជៀប សុធារី អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុ មានប្រសាសន៍ថា គិតមកដល់ថ្ងៃអាទិត្យ ទី២៩ ខែតុលា ឆ្នាំ២០១៧ មិនទាន់ទទួលបានព័ត៌មានពីការចុះចូល របស់មេឃុំចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ណាម្នាក់ របស់គណបក្សសង្គ្រោះជាតិ ទៅចុះចូលជាមួយបក្សកាន់អំណាច ជាថ្នូរបន្តកាន់តំណែងនោះទេ។
អ្នកស្រីទទួលស្គាល់ថា មេឃុំចៅសង្កាត់ និងក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោត នាមូលដ្ឋានខេត្តព្រះសីហនុ មានការប្ដេជ្ញាចិត្តខ្ពស់ ដោយពួកគេម្នាក់ៗ បានអះអាងថា នឹងមិនក្បត់ឆន្ទៈម្ចាស់ឆ្នោត ពិសេសមិនក្បត់ឧត្ដមគតិខ្លួនឯង ដើម្បីលាបសក្ការ និងបុណ្យស័ក្ដិទេ។
សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ពិសេសមេឃុំចៅសង្កាត់ប្រចាំខេត្តព្រះសីហនុភាគច្រើន ដែលអាស៊ីសេរី បានជួបសម្ភាស បានអះអាងប្រហាក់ប្រហែលគ្នាថា នឹងមិនចុះចូលជាមួយបក្សកាន់អំណាច តាមការអំពាវនាវ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាថ្នូរបន្តរក្សាដំណែង និងប្រាក់បៀវត្សរបស់ខ្លួននោះទេ។ ការបង្ហាញភក្ដីភាព ឬការប្តេជ្ញាចិត្ត របស់មន្ត្រីថ្នាក់ក្រោម នៃគណបក្សសង្គ្រោះជាតិនៅពេលនេះ កើតឡើងក្រោយពេល លោក ហ៊ុន សែន បានអំពាវនាវម្ដងហើយៗទៀតថា លោកនឹងរក្សាតួនាទីមុខដំណែងឲ្យនៅដដែល ឲ្យតែពួកគេ មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា គណបក្សនេះ មានតំណាងរាស្ត្រ ៥៥រូប និងក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំសង្កាត់ទូទាំងប្រទេសជិត ៦ពាន់នាក់។ ប៉ុន្តែលោកទទួលស្គាល់ថា ពេលនេះមានតំណាងរាស្ត្រ ១រូប នៅមណ្ឌលព្រៃវែង លោក ឡុង ប៊ុន្នី និងសមាជិកប្រឹក្សាមួយចំនួន បានចុះជាមួយគណបក្សប្រជាជនកម្ពុជា។
អ្នកសិក្សាការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី ធ្លាប់លើកឡើងថា គណបក្សសង្គ្រោះជាតិ នឹងត្រូវរំលាយចោល នៅមុនការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ឬបោះឆ្នោតសភា ឆ្នាំ២០១៨។ ចំណែកអ្នកវិភាគស្ថានការនយោបាយឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់ថា បើគណបក្សសង្គ្រោះជាតិ ត្រូវរំលាយមែននោះ ប្រជាពលរដ្ឋជាង ៣លាននាក់ ដែលគាំទ្រគណបក្សនេះ ទំនងជានឹងងើបប្រឆាំងតវ៉ា ដែលធ្វើឲ្យរដ្ឋាភិបាល លោក ហ៊ុន សែន ជួបវិបត្តិទាំងក្នុងស្រុក និងការដាក់ទណ្ឌកម្មពីអន្តរជាតិ៕