Clik here to view.

អ្នកច្បាប់លើកឡើងថា ចំណាត់ការរបស់តុលាការខេត្តប៉ៃលិន ចាប់ឃុំខ្លួនក្រុមប្រឹក្សាឃុំស្ទឹងកាច់ មកពីកូតាគណបក្សសង្គ្រោះជាតិម្នាក់ ជាការរំលោភច្បាប់យ៉ាងធ្ងន់ធ្ងរ និងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។
លោកមេធាវី ហែម សុជាតិ លើកឡើងថា ការបញ្ចេញមតិតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) របស់ក្រុមប្រឹក្សាឃុំស្ទឹងកាច់ មកពីកូតាគណបក្សប្រឆាំងលោក ឈុន សិទ្ធី ពុំមានខុសឆ្គងអ្វីឡើយ ព្រោះការបញ្ចេញមតិនេះត្រូវបានការពារដោយច្បាប់រដ្ឋធម្មនុញ្ញ។ លោក ហែម សុជាតិ បានឱ្យអាស៊ីសេរី ដឹងកាលពីថ្ងៃទី២៧ ខែតុលា ថា ការចោទប្រកាន់ ការចាប់ឃុំខ្លួនលោក ឈុន សិទ្ធី ជាការរំលោភបំពានច្បាប់។
ក្រុមប្រឹក្សាឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន លោក ឈុន សិទ្ធី ត្រូវបានប៉ូលិសនៃស្នងការនគរបាលខេត្តប៉ៃលិន ចាប់ខ្លួនកាលពីរសៀលថ្ងៃទី២៤ ខែតុលា ហើយត្រូវបានចៅក្រមស៊ើបសួរនៃតុលាការខេត្តប៉ៃលិន ឃុំខ្លួនកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ក្រោមបទចោទប្រកាន់ ពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងប្រមាថអ្នករាជការសាធារណៈ។
លោកមេធាវី ហែម សុជាតិ ថា ក្នុងករណីនេះលោក ឈុន សិទ្ធី មិនបានប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌណាមួយឡើយ។ លោក ហែម សុជាតិ ថា ការបញ្ចេញមតិ អាចបញ្ចេញតាមរយៈបណ្ដាញសង្គម ប៉ុន្តែមិនត្រូវប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរបុគ្គលណាមួយឡើយ។ លោកមេធាវីបញ្ជាក់ថា ក្នុងករណីនេះលោក ឈុន សិទ្ធី មិនបានប្រមាថមន្ត្រីរាជការសាធារណៈណាមួយឡើយ៖ «ពាក្យប្រមាថបានសេចក្ដីថា គឺជាការម៉ាកងាយមន្ត្រីរាជការ ដូចជាសត្វដូចជាធាតុ ថោកទាបអ៊ីចឹងបានជាការប្រមាថអ៊ីចឹងណាស់»។
មាត្រា ៤១ នៃរដ្ឋធម្មនុញ្ញចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ។
ទាក់ទងនឹងការចាប់ឃុំខ្លួនលោក ឈុន សិទ្ធី នេះដែរ អនុប្រធានគណបក្សសង្គ្រោះជាតិខេត្តប៉ៃលិន លោក ឃឹម ប៉ុន បានឱ្យអាស៊ីសេរីដឹងដែរថា ក្រុមប្រឹក្សាឃុំរូបនេះគ្មានកំហុសនោះទេ៖ «អត់មានកំហុសផងហើយមកចាប់មកអ៊ីចឹង ដូចជាការបង្កធ្វើឲ្យការបំពេញការងាររវាងគណបក្សទាំងពីរនៅក្នុងរដ្ឋាភិបាល នៅក្នុងឃុំសង្កាត់មួយគ្នានឹងធ្វើឱ្យមានអរិយភាពនឹងគ្នា ឬក៏ស្អប់គ្នាខ្ពើមគ្នាកាន់តែខ្លាំង ប្រសិនបើណាយើងធ្វើអញ្ចឹង អ៊ីចឹងទេបានជាយើងសុំឱ្យគាត់យោគយល់អាបញ្ហានឹងសុំឱ្យធ្វើការដោះលែង»។
លោក ឃឹម ប៉ុន បានបន្តឱ្យដឹងទៀតថា សមត្ថកិច្ចចាប់លោក ឈុន សិទ្ធី គ្មានដីកាពីតុលាការ និងពុំបានបញ្ជាក់ពីអំពីមូលហេតុនៃការចាប់ខ្លួននេះទេ។
ជាមួយគ្នានេះដែរ មន្ត្រីជាន់ខ្ពស់នៃអង្គការខុមហ្វ្រែល (Comfrel) លោក យឿង សុធារ៉ា មានប្រសាសន៍ថា ការចាប់ខ្លួនជនណាម្នាក់ ត្រូវមានដីកាពីតុលាការ លើកលែងតែបទល្មើសជាក់ស្ដែង ដែលគេកំពុងដេញប្រផាប់ចាប់ប្រភីង ទើបសមត្ថកិច្ចចាប់ជននោះដោយពុំចាំបាច់មានដីកា៖ «ហើយអាជ្ញាធរមានសមត្ថកិច្ចក៏ត្រូវតែមានកាតព្វកិច្ច និងតួនាទីត្រូវបង្ហាញពីមូលហេតុ និងបង្ហាញអំពីដីកាដែលត្រូវចាប់ខ្លួននេះ ព្រោះមូលហេតុគេចែងក្នុងដីកានោះហើយ មូលហេតុដែលចាប់ខ្លួនបណ្ដាលមកពីរឿងអ្វី? ហើយមិនមែនគ្រប់បទល្មើសចេះតែចាប់ខ្លួនបានទេ ដូច្នេះបើសិនជាខុសពីអ្វីដែលមានចែងក្នុងក្រមនីតិវិធីបែបនឹង វាជាការបំពានច្បាប់ និងការរំលោភសិទ្ធជនជាប់ចោទ ឬថារំលោភច្បាប់ទាំងស្រុង បានន័យថា រំលោភសិទ្ធិបុគ្គលហើយ»។
លោក ឈុន សិទ្ធី ត្រូវចាប់ខ្លួន បន្ទាប់ពីលោកបានបង្ហោះសារជាវីដេអូថា លោកមិនចង់បានប្រាក់ខែ៥៧ ម៉ឺនរៀល (៥៧០,០០០) នោះទេ ហើយបើទោះបីជាប្រាក់ខែរាប់លានដុល្លារក៏លោកមិនលក់ឧត្ដមគតិដែរ។
ជាមួយគ្នានេះដែរ អ្នកវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ថ្លែងប្រាប់អាស៊ីសេរី កាលពីថ្ងៃសុក្រ ទី២៧ ខែតុលា ឱ្យដឹងដែរថា ចំណាក់ការរបស់តុលាការចោទប្រកាន់ឃុំខ្លួនលោក ឈុន សិទ្ធី នៅពេលនេះ គឺជាការអនុវត្តច្បាប់ផង នឹងជាគំរាមកំហែងទៅសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ណាដែលហ៊ានបញ្ចេញមតិតវ៉ានៅលើបណ្តាញសង្គមដែលមិនព្រមចុះចូលជាមួយគណបក្សកាន់អំណាច៖ «អានេះចង់និយាយថាអនុវត្តច្បាប់ផង រៀបចំធ្វើម៉េច បានថា អង្រួនដើមឈឺឱ្យអង្ក្រងឱ្យស្វាផ្អើលផង អានឹងគឺអ៊ីចឹងដើម្បីឱ្យចេញ ដល់អ៊ីចឹងហើយ ជាយន្តការរបស់អ្នកនយោបាយគេធ្វើហើយអានេះ ខ្ញុំ ខ្ញុំគិតថាទាំងការអនុវត្តច្បាប់ ទាំងការបំភ័យហើយ បើមិនអីចឹងគេចាប់»។
ឆ្លើយតបនឹងការលើកឡើងនេះ មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានថ្លែងប្រាក់អាស៊ីសេរី កាលពីថ្ងៃសុក្រ ទី២៧ ខែតុលា ដែរថា ការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនអាចចាត់ទុកជាការគំរាមកំហែងទេ ពោលជាការអនុវត្តគោលនយោបាយឈ្នះរបស់លោក ហ៊ុន សែន តែប៉ុណ្ណោះ៕