Clik here to view.

គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) បដិសេធចំពោះការចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងការធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា។
មន្ត្រីស៊ើបអង្កេតនៃអង្គការខុមហ្វ្រែល លោក កន សាវាង្ស បានបញ្ជាក់ប្រាប់អាស៊ីសេរី កាលពីយប់ថ្ងៃទី២៧ តុលា ថា ការចោទប្រកាន់របស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រីនេះ ពុំមានការពិតនោះឡើយ ហើយខុមហ្វ្រែល មានការខកចិត្តយ៉ាងខ្លាំងចំពោះការផ្សព្វផ្សាយនេះ។ លោកបន្តថា ខុមហ្វ្រែល គឺជាអង្គការក្រៅរដ្ឋាភិបាល ដែលមិនបម្រើឲ្យគណបក្សនយោបាយណាមួយឡើយ៖ «សម្រាប់សង្គមស៊ីវិលនៅស្រុកខ្មែរ និយាយរួមដូចជាអង្គការខុមហ្វ្រែល យើងពុំមានពាក់ព័ន្ធនឹងបដិវត្តន៍ពណ៌ដែរ។ យើងក៏មិនយល់ដែរថា អ្វីទៅជាបដិវត្តន៍ពណ៌ឲ្យច្បាស់លាស់ដែរ។ មែនទែន ការជជែកគ្នានៅស្រុកខ្មែរយើង មិនមានសកម្មភាពបដិវត្តន៍ពណ៌។ ហើយរដ្ឋាភិបាលបានទាញជាប់ទៅនឹងបដិវត្តន៍ពណ៌ លើកយករឿងទឹកខ្មៅ ដូចនេះយើងខ្ញុំ សូមកុំឲ្យរដ្ឋាភិបាលផ្សាភ្ជាប់ទៅនឹងបដិវត្តន៍ពណ៌»។
អង្គការខុមហ្វ្រែលក៏បានស្នើសុំឱ្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានបែបនេះ និងភ្ជាប់សកម្មភាពការងារស្របច្បាប់នៅក្នុងការសង្កេតការណ៍បោះឆ្នោត ទៅនឹងសកម្មភាពបដិវត្តន៍ពណ៌តទៅទៀត។
លោក កន សាវាង្ស បញ្ជាក់ថា សកម្មភាពរបស់អង្គការខុមហ្វ្រែល តាំងពីការបោះឆ្នោតឆ្នាំ១៩៩៨ រហូតមកដល់ពេលនេះ គឺត្រូវបានទទួលស្គាល់ផ្លូវការ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)៕